CPP ​ព្រមាន​ចាត់​ការ​ផ្លូវ​ច្បាប់ បើ​លោក​សម រង្ស៊ី គ្មាន​ភស្តុតាង​បញ្ជាក់

ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជាបានទាមទារឲ្យមេដឹកនាំគណបក្សប្រឆាំងដែលរស់នៅនិរទេសដោយខ្លួនឯង លោក សម រង្ស៊ី ផ្តល់ភស្តុតាងគាំទ្រការអះអាងរបស់លោកដែលថា រដ្ឋាភិបាលនៅពីក្រោយអំពើឃាតកម្មអ្នកវិភាគនយោបាយលោក កែម ឡី។

បន្ទាប់ពីករណីឃាតកម្មលោក កែម ឡី នៅស្ថានីយប្រេងសាំង កាល់តិច បូកគោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កក្កដា ប្រធានគណបក្សសង្គ្រោះជាតិ បានហៅការសម្លាប់នេះថា ជាការធ្វើឃាត និងជា «អំពើមួយទៀតនៃភេរវកម្មរដ្ឋ» នៅក្នុងហ្វេសប៊ុកដែលបង្ហោះប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍នោះ។

លោកបានថ្លែងនៅក្នុង ហ្វេសប៊ុក នោះដោយចង់សំដៅទៅរដ្ឋាភិបាលថា៖ «ដោយសារគាត់ទំនងជាគ្រោះថ្នាក់នយោបាយចំពោះគណបក្សម្ខាងទៀត គណបក្សម្ខាងទៀតបានជួលគេឲ្យធ្វើឃាតគាត់ដូចដែលពួកគេធ្លាប់ធ្វើកាលពីពេលមុនៗដូចជាករណី លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី»។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានថ្លែងកាលពីម្សិលមិញថា លោក សម រង្ស៊ី ត្រូវទទួលខុសត្រូវចំពោះការថ្លែងរបស់លោក ហើយគួរតែផ្តល់ភស្តុតាងបង្ហាញថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ។

លោក ឥសាន ថ្លែងថា៖ «ទុកឲ្យគាត់បង្ហាញភស្តុតាង ថាតើគាត់មានភស្តុតាងណាមួយឬអត់»។ «[យើង] មិនអាចឲ្យគាត់និយាយដោយគ្មានការទទួលខុសត្រូវទេ»។

លោក ឥសាន បានបន្ថែមថា ប្រសិនបើលោក សម រង្ស៊ី មិនអាចផ្តល់ភស្តុតាងគាំទ្រការអះអាងរបស់លោកទេ នោះគណបក្សនឹងពិចារណាចាត់ចំណាត់ការផ្លូវច្បាប់ ដោយសារនោះជាករណីមួលបង្កាច់និងបរិហាកេរ្តិ៍។

ជាការប្រតិកម្មទៅនឹងការទាមទាររបស់លោក សុខ ឥសាន លោក សម រង្ស៊ី បានច្រានចោលការគំរាមកំហែងនេះ ដោយថ្លែងថា លោកហ៊ានឲ្យរដ្ឋាភិបាលយកករណីនេះមកតុលាការបារាំង ដូចធ្លាប់បានធ្វើកាលពីអតីតកាលដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

លោកបានថ្លែងតាមអ៊ីម៉ែល កាលពីម្សិលមិញថា៖ «ចំពោះខ្ញុំ ខ្ញុំនឹងមិនទៅចំណាយពេលឥតប្រយោជន៍ដើម្បីការពារខ្លួននៅចំពោះមុខតុលាការក្រោមឥទ្ធិពលរដ្ឋាភិបាល[នៅក្នុងប្រទេសកម្ពុជា]ទេ»។

លោកថ្លែងថា ប្រសិនបើលោកចូលបង្ហាញខ្លួននៅតុលាការ លោកនឹងបង្ហាញថាការស្លាប់របស់លោក កែម ឡី គឺដូចគំរូនៃការធ្វើឃាតលក្ខណៈនយោបាយមុនៗ រួមទាំងការវាយប្រហារគ្រាប់បែកឆ្នាំ១៩៩៧ «ដែលលោកស្ទើរតែបាត់បង់ជីវិត»។

លោកបន្តថា៖ «ការធ្វើឃាតទាំងអស់នេះគឺពិតជាអំពើភេរវកម្មដែលគាំទ្រដោយរដ្ឋ»។

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់គណបក្សកាន់អំណាចថា គណបក្សសង្គ្រោះជាតិកំពុងប្រើប្រាស់ឃាតកម្មលោក កែម ឡី ដើម្បីប្រយោជន៍នយោបាយ លោក សម រង្ស៊ី បានថ្លែងថា វា«គួរឲ្យអស់សំណើច»។

លោកបានថ្លែងបន្តថា៖ «យើងមានទឡ្ហីករស្របច្បាប់និងខ្លាំងគ្រប់គ្រាន់ដើម្បីគាំទ្រការប្រយុទ្ធដើម្បីប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»។

លោក អុំ សំអាត ទីប្រឹក្សាបច្ចេកទេសនៅអង្គការលីកាដូ បានថ្លែងថា ការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា រដ្ឋាភិបាលពាក់ព័ន្ធនៅក្នុងការសម្លាប់លោក កែម ឡី គឺជាទស្សនផ្ទាល់ខ្លួនរបស់លោក ប៉ុន្តែអ្នកនយោបាយគួរតែបញ្ឈប់ការយកបញ្ហានេះធ្វើជានយោបាយ។

លោកបន្ថែមថា៖ «អាជ្ញាធរនិងរដ្ឋាភិបាលត្រូវតែបង្ហាញតម្លាភាពនៅក្នុងការស៊ើបអង្កេតទៅលើករណីបាញ់សម្លាប់លោក កែម ឡី ដើម្បីឲ្យគ្រួសាររបស់លោក កែម ឡី និងប្រជាពលរដ្ឋជឿជាក់ថាវាមានតម្លាភាព»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Related Posts