សកម្មជន​សង្ឃ​ ១ អង្គ​គេច​ចេញ​ពី​វត្ត​ភ័យខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន

បាត់ដំបងៈ អតីតចៅអធិការវត្តភ្នំខ្ពស់ក្នុងស្រុកបាណន់កំពុងលាក់ខ្លួននៅក្រៅវត្តក្នុងរដូវចូលព្រះវស្សានេះដោយសារតែភ័យអាជ្ញាធរចាប់ខ្លួនពីបទចោទប្រកាន់ជាច្រើន បន្ទាប់ពីព្រះសង្ឃអង្គនេះបាននិមន្តមកចូលរួម និងទេសនានៅក្នុងពិធីបុណ្យសពលោកបណ្ឌិត កែម ឡី នៅទីក្រុងភ្នំពេញ។

ព្រះសង្ឃ ឃឹម សំអឿន ព្រះជន្ម ៣៦ វស្សាមានសង្ឃដីកាថាអាជ្ញាធរមូលដ្ឋានបានរុកកួនព្រះអង្គ និងបណ្តេញព្រះអង្គចេញពីវត្តភ្នំខ្ពស់ស្ថិតនៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ហើយពេលនេះព្រះអង្គកំពុងលាក់ព្រះកាយនៅក្នុងផ្ទះអ្នកស្រុកដើម្បីរួចផុតពីការចាប់ខ្លួន។ ការបណ្តេញនេះធ្វើឡើងបន្ទាប់ពីព្រះអង្គបាននិមន្តមកចូលរួមក្នុងពិធីបុណ្យសពលោក កែម ឡី។

ព្រះអង្គបានឲ្យដឹងថាព្រះអង្គបានគង់នៅ និងក្លាយជាចៅអធិការវត្តភ្នំខ្ពស់អស់រយៈពេល ១៦ វស្សាមកហើយ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសក្រោយការបោះឆ្នោតឆ្នាំ ២០១៣ អាជ្ញាធរមូលដ្ឋានតែងរករឿងព្រះអង្គនៅពេលព្រះអង្គចូលរួមឈឺឆ្អាលក្នុងបញ្ហាសង្គមផ្សេងៗ។ ព្រះអង្គបន្តថាការបណ្តេញព្រះអង្គចេញពីវត្តគឺដោយសារតែការលាបពណ៌នឹងរឿងនយោបាយ។

ព្រះអង្គបញ្ជាក់ថា៖ «ឆ្នាំ ២០១៤ អាត្មាបានហែក្បួនធម្មយាត្រាមកភ្នំពេញនៅថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូចាប់ពីពេលនោះមកគេចេះតែរករឿងអាត្មា។ ប៉ុន្មានឆ្នាំមុននៅវត្តធ្លាប់មានពលរដ្ឋមកជ្រកកោនដោយសារគាត់ជួបគ្រោះទឹកជំនន់អាត្មាជួយដល់ពួកគាត់តែអាជ្ញាធរលាបពណ៌ថាជារឿងនយោបាយធ្វើសម្រាប់គណបក្សសង្គ្រោះជាតិ»។

ព្រះអង្គបន្តថា៖ «គេចោទអាត្មាច្រើនរឿងណាស់គេថាបំផ្លាញសាលារៀន។ ពីរបីថ្ងៃមុនអភិបាលស្រុកឈ្មោះ ញ៉ បានបើកវេទិកាសាធារណៈហើយនិយាយថាត្រូវដេញអាត្មាចេញពីវត្តបើមិនចេញទេគេនឹងចាប់បញ្ជូនទៅមេគណខេត្តរួចផ្សឹកហើយបញ្ជូនទៅតុលាការ»។

ទោះយ៉ាងណារហូតមកដល់ថ្ងៃម្សិលមិញមិនទាន់មានព័ត៌មានជាក់លាក់អំពីបទចោទប្រកាន់លើព្រះអង្គនៅឡើយ។

អធិការស្រុកបាណន់ លោក ប៉ាន់ វ៉ាន់នី និយាយថាលោកមិនដឹងព័ត៌មានលម្អិតទាក់ទងនឹងរឿងនេះទេ។ ប៉ុន្តែលោកថ្លែងថាកាលពីប៉ុន្មានថ្ងៃមុនអភិបាលស្រុកបាណន់ លោក ជុំ ញ៉ បានថ្លែងក្នុងវេទិកាសាធារណៈក្នុងឃុំតាគ្រាមថារឿងពាក់ព័ន្ធនឹងព្រះសង្ឃ ឃឹម សំអឿន បានទៅដល់ដៃតុលាការហើយ។

ប៉ុន្តែលោក តូច សុភក្តី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងថ្លែងថាលោកមិនទាន់ឃើញមានពាក្យបណ្តឹងលើព្រះសង្ឃ សំអឿន នៅឡើយទេ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Related Posts