ពេជ្រ ម្ទេសខ្មាំង និង អាំង សំអាត ប៉ះ​ថៃ​យប់​ថ្ងៃ​សុក្រ​ស្អែកនេះ

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​២២ កក្កដា ​នេះ កីឡាករ​ជើង​ខ្លាំង​២​រូប​ គឺ ពេជ្រ ម្ទេសខ្មាំង និង​អាំង សំអាត នឹង​បើក​ឆាកប្រយុទ្ធ​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ K- Cement របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ ដើម្បី​រំលេច​ការ​ចាប់អារម្មណ៍​។ គេ​មិន​ទាន់​ដឹង​ថា រវាង​កីឡាករ​ទាំង​ពីរ​នឹង​មាន​វាសនា​យ៉ាងដូចម្ដេច​នោះ​ទេ ដោយសារ​តែ​សមាសភាព​ថៃ​ដែល​ត្រូវ​ប៉ះ​ជាមួយ​ក៏​មិនមែន​ជើង​ថ្មី និង​មិន​ធ្លាប់​មាន​ប្រវត្តិ​ស៊ីជើង​ខ្លាំង​របស់​កម្ពុជា​។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​រហូត​ដល់​ម៉ោង​៨​យប់​នេះ ទើបតែ​បាន​ដំណើរការ​បាន​៤​ស​ប្ដា​ហ៍​រាប់​ទាំង​ការ​ប្រដាល់​នៅ​ថ្ងៃ​សុក្រ​នេះ​ប៉ុណ្ណោះ ដោយ​​សមាសភាព​របស់​កីឡាករ​ដែល​ឡើង​ប្រកួត ​គឺ​មើលទៅ​ទាក់ទាញ​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ ។ ការ​ប្រដាល់​នៅ​វេលា​យប់​នេះ មានការ​រំពឹង​ថា​ នឹង​មាន​អ្នក​ទស្សនា​​កកកុញ បើ​ទោះជា​ប្រដាល់​នៅ​យប់​ថ្ងៃ​សុក្រ ទើបនឹង​បាន​ផ្លាស់​ប្ដូរ​ពី​ថ្ងៃ​សៅរ៍ ​ដែល​អ្នក​ស្នេហា​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ខ្លះ​មិន​បានដឹង​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្រកាស​ពី​ការ​សម្រិតសម្រាំង​កីឡាករ​សម្រាប់​ការ​ប្រកួត​យប់ស្អែក​នេះ ដោយ​វត្តមាន​របស់​កីឡាករ​កម្ពុជា និង​ថៃ​ទាំង​ពីរ​ហាក់​ធ្វើ​ឱ្យ​មានការ​ជឿជាក់​ខ្លាំង​ថា​ពួក​គេ​នឹង​បើក​ឆាកប្រយុទ្ធ​កាច​សាហាវ​ដាក់​គ្នា ដោយសារ​តែ​ចង់​ឈ្នះ​មិន​ចង់​ចាញ់​។

កីឡាករ ពេជ្រ ម្ទេសខ្មាំង ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​ក្លិប​អរុណរះ​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផុ​ន សាវ៉ា​ត់ ដែល​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ។ ជំនួប​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​គេ​មើលឃើញ​ថា​នឹង​បែក​ផ្កាភ្លើង​នៅ​លើ​សង្វៀន ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​មុខមាត់ និង​ក្រេឌី​ត ។ ផ្អែក​តាម​បទ​ពិសោធន៍ អ្នក​ទាំង​ពីរ​មាន​កម្រិត​ប៉ុនគ្នា​ដោយ​កីឡាករ​កម្ពុជា​ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន ហើយ​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ច្រើន​។ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះ​អាង​​ថា លោក​សម្រេច​ដាក់​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា ដោយសារ​តែ​ពេជ្រ ម្ទេសខ្មាំង ក៏​ហ្វឹកហាត់​ច្រើន​ក្នុង​ការ​ត្រៀមខ្លួន ហើយ​កីឡាករ ផុ​ន សាវ៉ា​ត់  ក៏​ជា​កីឡាករ​ដែល​មាន​ស្នាដៃ​ម្នាក់​នៅ​លើ​សង្វៀន​ប្រទេស​ថៃ និង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នា​ពេល​កន្លង​មក ។

គូ​នេះ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៨២​លើក ឈ្នះ​៧៦​លើក ចាញ់​៥​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៣​លើក ឈ្នះ​៦៨​លើក និង​ចាញ់​៥​លើក ។ កីឡាករ​កម្ពុជា​បាន​ប្រកាសប្រាប់​ថា ​នឹង​ប្រឹង​យកឈ្នះ​លើ​កីឡាករ​ថៃ​ឱ្យ​ខាង​តែ​បាន ដោយសារ​តែ​មុន​ផ្គូផ្គង​លោក​ហ្វឹកហាត់​ច្រើន​នៅ​លើ​សង្វៀន​ក្នុង​ក្លិប ។

យ៉ាងណា​ក៏​ដោយ​កីឡាករ​ថៃ​ក៏​មាន​ជំនឿ​ចិត្ត​បែប​នេះ​ផង​ដែរ ​នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត និង​ផ្អែក​តាម​ថ្វីដៃ​ដែល​កីឡាករ​ថៃ​ធ្វើ​បាន​នា​ពេល​កន្លង​មក ។ គូ​នេះ​ត្រូវ​គេ​រំពឹង​ច្រើន​ថា​ នឹង​វាយ​អស់ពី​សមត្ថភាព ដោយសារ​តែ​ពេជ្រ ម្ទេសខ្មាំង ថ្វីបើ​ខាន​ឡើង​រេញ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ តែ​អ្វី​ដែល​គេ​ធ្វើ​បាន​គឺ​មិន​ដែល​បណ្ដោយ​ឱ្យ​គូប្រកួត​ទៅ​រួច​ដោយ​ស្រួល​នោះ​ឡើយ​។

កីឡាករ​អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឌេ​ន សា​យ៉ា​ម នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​។ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​តំណែង​គូ​ឯក ដោយ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​អួត​រៀងខ្លួន​ថា ​ពួក​គេ​នឹង​ប្រឹង​ឱ្យ​ឈ្នះ​។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​សម្រាប់​ការ​ប្រកួត​នេះ​នៅឡើយ​ទេ​ ដោយ​សារ​តែ​អះអាង​ថា​ កីឡាករ​ម្ខាង​សុទ្ធតែ​ត្រូវ​បាន​មហាជន​ស្គាល់​ថា​មិនធម្មតា​ដូច​គ្នា ។ គាប់​ជួន​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​អាំង សំអាត ជួន​បាន​លទ្ធផល​ល្អ និង​ជួន​បាន​លទ្ធ​ផល​អវិជ្ជមាន​នោះ​ផង ទើប​ការ​ប្រាកដ​ចិត្ត​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​កីឡាករ​ថៃ​គឺ​មិនមែន​រឿង​ងាយ​។ កីឡាករ​ថៃ ឌេ​ន សា​យ៉ា​ម ត្រូវ​បាន​ប្រកាស​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ បើ​ទោះជា​បទ​ពិសោធន៍​របស់​គេ​តិច​ជាង​កីឡាករ​កម្ពុជា​។ អាំង សំអាត ធ្លាប់​ប្រកួត​៧៧​លើក ឈ្នះ​៦៤​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ខណៈ​ដែល​កីឡាករ​ថៃ​ក៏​ឡើង​រេញ​បាន​៤២​លើក ឈ្នះ​៣៥​លើក ចាញ់​៥​លើក និង​ស្មើ​២​លើក​៕