ឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេឃុំ​គណបក្ស​សមរ​ង្ស៊ី

រាជធានី​ភ្នំពេញ ៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ បាន​លើកយក​សំណុំរឿង​សូកប៉ាន់​សាក្សី មាន​ជនជាប់ចោទ​គឺ​លោក ស៊ា​ង ចែត ជា​មេឃុំ​មក​ពី​គណបក្ស​សមរ​ង្ស៊ី ដែល​បាន​ប្តឹង​ទាស់​ទៅ​នឹង​សេចក្ដីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​ឃុំខ្លួន​លោក​ជា​បណ្តោះអាសន្ន​។

សវនាការ​នេះ​មាន​លោក ឃុន លាង​ម៉េ​ង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​លោក ជា ម៉េ​ត ជា​តំណាង​មហាអយ្យការ ។

បើ​យោង​តាម​លោក​មេធាវី សំ សុខ​គង់ បាន​ឲ្យ​ដឹង​ថា លោក ជា ម៉េ​ត ជា​តំណាង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​ស្នើ​ឲ្យ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ ស៊ា​ង ចែត ។

សូម​ជម្រាប​ថា ជនជាប់ចោទ​ក្នុង​សំណុំរឿង​នេះ​មានឈ្មោះ ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​គណបក្ស​សមរ​ង្ស៊ី ហើយ​នៅ​ព្រលប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​ឆ្នាំ​២០១៦ ត្រូវ​បាន​លោកស្រី ថ្លាង ផា​ណែ​ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ជាប់ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​បទបញ្ញត្តិ​មាន​ចែង​ក្នុង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​បាន​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល លោក​ចៅក្រម ឃុន លាង​ម៉េ​ង បាន​លើកយក​សំណុំរឿង​នេះ​មក​ប្រកាស​សាលដីកា​ភ្លាម​ៗ​តែ​ម្តង ហើយ​បាន​សម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​លោក ស៊ា​ង ចែត ដោយ​សំអាង​ហេតុ ចំនួន​ពីរ ១-​រឿង​ក្តី​កំពុង​ដំណើរការ​ស៊ើបអង្កេត ២-​ជនជាប់ចោទ​ជាប់​ក្នុង​បទឧក្រិដ្ឋ មិន​អាច​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន​ទេ ។

លោក ស៊ា​ង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ដែល​ទាក់ទង​នឹង​ខ្សែអាត់​សម្លេង​ស្នេហា​របស់​រវាង​លោក កឹ​ម សុខា និង​កញ្ញា​ស្រី​មុំ ។ ក្រោយមក​ជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​នេះ បន្ទាប់​មក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ៕