ទៅ​យូរ​ពេក ទៅ​តាម​មើល​ទើប​ដឹង​ ហើយ​​ភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់ ៖ ដោយ​អំ​ពូ​ល​មិនសូវ​ភ្លឺ បុរស​ជា​ម្ចាស់ផ្ទះ​បាន​ទៅ​ដោះ​អំ​ពូ​ល​ក្នុង​បន្ទប់ទឹក​មក​ដូរ​ដើម្បី​ឲ្យ​ភ្លឺ​ជាង​មុន តែ​ដោយ​ទៅ​យូរ​ពេក​មិត្តភក្តិ​ក៏​ទៅ​មើល​ស្រាប់តែ​ឃើញ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ចំការ​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចឹក ឆោម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានកូន​ប្រុស​២​នាក់ ស្រី​ម្នាក់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​ជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្តិ​៣-៤​នាក់​ទៀត​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ក្រោមផ្ទះ​ដែល​ខណៈនោះ​មេឃ​កំពុង​ភ្លៀងរលឹម​ផង ។ តែ​ដោយ​អំ​ពូ​ល​ក្រោមផ្ទះ​មិនសូវ​ភ្លឺ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ក៏​ទៅ​ដោះ​អំ​ពូ​ល​ក្នុង​បន្ទប់ទឹក​ដើម្បី​យក​មក​ដូរ​ឲ្យ​ភ្លឺ​ជាង​មុន ។ ដោយសារ​ទៅ​បាត់​យូរ​ពេក​មិនឃើញ​ចេញ​មក​វិញ មិត្តភក្តិ​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​ដែល​កំពុង​អង្គុយ​ផឹក​ទាំងអស់​ក៏​ដើរទៅ​មើល ស្រាប់តែ​ឃើញ​ដេក​ដួល​ក្នុង​បន្ទប់ទឹក​ស្លាប់​បាត់​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួច​ទើប​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់ ៕