ប្រធានាធិបតី​តួ​ក​គី​ចេញ​ការ​ប្រកាស​អាសន្ន​3​ខែ

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​២០ កក្កដា បាន​ចេញ​ការ​ប្រកាស​អាសន្ន​រយៈពេល​៣​ខែ​នៅ​ក្នុង​ប្រទេស ហើយ​បង្កើន​ការ​ចាប់ខ្លួន ព្យួរការងារ និង​ដកហូត​តំណែង ដែល​មក​ទល់​ពេល​នេះ​ប៉ះពាល់​ដល់​មនុស្ស​៥៥.០០០​នាក់​ហើយ ពិសេស​ក្នុង​ជួរ​បុគ្គលិក​សិក្សា ប៉ូលិស ទាហាន តុលាការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

លោក​អ័​រ​ដូ​ហ្គា​ន ក្នុង​សង្កថា​មួយ​នា​យប់​ថ្ងៃ​ទី​២០ កក្កដា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​ប្រទេស​រយៈពេល​៣​ខែ ។ ការ​ប្រកាស​អាសន្ន​អាច​ជា​ពិសេស​ដាក់​បំរាម​គោចរ រឹត​ត្បិត​​សិទ្ធិ​ធ្វើ​បាតុកម្ម ឬ​សេរីភាព​នៃ​ការ​ដើរហើរ​ក្នុង​តំបន់​មួយ​ចំនួន ។ ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​គណៈរដ្ឋមន្ត្រី​នៅ​ក្រុង​អង់កា​រ៉ា ដែល​ប្រធានាធិបតី​ទើប​វិល​មក​វិញ​នា​យប់​ថ្ងៃ​ទី​១៩ កក្កដា ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច ។

លោក​អ័​រ​ដូ​ហ្គា​ន ក្នុង​សង្កថា​ដែល​សំដៅលើ​លោក FETHULLAH GULEN រស់នៅ​ឯ​សហរដ្ឋ​អា​មេ​រិ​ក​ដែល​លោក​ទាមទារ​ឱ្យធ្វើ​បត្យាប័ន​បន្ត​ថា នេះ​ជា​វិធានការ​ចាំបាច់​មួយ ដើម្បី​កម្ចាត់​ដោយ​ឆាប់រហ័ស​រាល់​សមាសភាព​នៃ​អង្គការ​ភេរវកម្ម​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ។

ដោយ​ពុំ​លើក​ឈ្មោះ ប្រធានាធិបតី​តួ​ក​គី​អះអាង​ថា មាន​ប្រទេស​ឯទៀត​ៗ​អាច​ចូលរួម​ក្នុង​រដ្ឋប្រហារ​នោះ​ដែល​ពុំ​អាច​បញ្ចប់​ទេ ។

ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ដោយ​ពួក​យោធា​កាលពី​យប់​ថ្ងៃ​ទី​១៥ កក្កដា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​ជាង​៣០០​នាក់ ហើយ​នាំ​ឱ្យ​មានការ​ជ្រួលច្របល់ ជា​ពិសេស​នៅ​ទីក្រុង​អង់កា​រ៉ា​ដែល​នៅ​ទីនោះ​សភា និង​ទីតាំង​របស់​ប៉ូលិស​រង​ការ​វាយប្រហារ​របស់​ពួក​បះបោរ​។ តុល្យការ​ផ្លូវការ​ថ្មី​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរឈាម​នេះ  រៀបរាប់​ពី​មនុស្ស​ស្លាប់​៣១២​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​១៤៥​នាក់ ប៉ូលិស​៦០​នាក់ ទាហាន​៣​នាក់ ហើយ​ពួក​បះបោរ​១០៤​នាក់​ស្លាប់ ៕