ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​នៅ​វត្ត​ព្រះ​វិហារ​ប្រាសាទ​7​ល្វែង​ផ្ទុះ​ប្រតិកម្ម

ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​នៅ​វត្ត​ព្រះ​វិហារ​ប្រាសាទ​7​ល្វែង​ផ្ទុះ​ប្រតិកម្ម



ខេត្តសៀមរាប ៖ ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​នៅ​វត្ត​ព្រះ​វិហារ​ប្រាសាទ​៧​ល្វែង​ជាង​១០០​រូប បាន​នាំ​គ្នា​ផ្តិត​មេដៃ​លើ​លិខិត​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ចំពោះ​លោកយាយ​ម្នាក់ ដែល​មក​រស់នៅ​ក្នុង​ប្រាសាទព្រះវិហារ​៧​ល្វែង ដើម្បី​ទាញ​យក​ផលប្រយោជន៍​ខ្លួនឯង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពុំដែល​មាន​នរណា​ដឹង​និង​ទើប​បែកធ្លាយ​នា​ពេល​នេះ ។

គួរ​បញ្ជាក់​ថា ទីតាំង​វត្ត​ព្រះ​វិហារ​ប្រាសាទ​៧​ល្វែង​នេះ ស្ថិត​នៅ​ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀមរាប គឺ​នៅ​ចំ​ពីមុខ​ប្រាសាទ​លានជល់ដំរី និង​នៅ​ពី​ខាងក្រោយ​ប្រាសាទ​នាង​ទាំង​១២ ។

លោក ម៉ៅ រ៉ា​ឌី ជា​គណៈកម្មការ​វត្ត​ព្រះ​វិហារ​ប្រាសាទ​៧​ល្វែង មាន​ប្រសាសន៍​ថា «​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​និង​ព្រះសង្ឃ​សរុប​ជាង​១០០​រូប បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​បញ្ឈប់​លោកយាយ​ម្នាក់ ដែល​មក​ប្រកប​របរ​អាជីវកម្ម​ផ្ទាល់ខ្លួន ដោយ​ដើរ​រៃ​អង្គាស​បច្ច័យ​ថា​យក​មក​កសាង​វត្ត​ជាដើម​» ។

លោក​បន្ត​ថា លោកយាយ​នោះ​គេ​មិនដឹង​ថា​ឈ្មោះ​អី​ទេ តែ​បាន​ប្រាប់​គេ​ថា ឈ្មោះ​ព្រះ​នាង​កែវ​៧​ពណ៌ មហេសី​ព្រះបាទ​ជ័យ​វរ្ម័ន មហេសី​ស្តេច​នាគ​ជាដើម ដែល​ការ​ដាក់​ឈ្មោះ​បែប​នេះ​គឺ​ដើម្បី​បោកប្រាស់​ភ្ញៀវ និង​ពុទ្ធបរិស័ទ​តែ​ម្ដង ។

លោក ម៉ៅ រ៉ា​ឌី បន្ត​ទៀត​ថា ទ​ង្វើ​បែប​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​វត្ត និង​វិស័យ​ព្រះពុទ្ធ​សាសនា​យ៉ាងធ្ងន់ធ្ងរ ។ លោក​បាន​សំណូមពរ​ទៅ​ដល់​អស់លោក ដែល​ជា​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ឱ្យ​គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​ជា​អ្នកគ្រប់គ្រង​ដូច​គ្រា​មុន​វិញ ។

ចំណែក​ព្រះ​គ្រូ​ភូមិ​ម្មោ ឌី សុវណ្ណ ព្រះ​ចៅអធិការ​វត្ត​ព្រះ​វិហារ​ប្រាសាទ​៧​ល្វែង បាន​មាន​ថេរ​ដីកា​ស្រ​ដៀង​គ្នា​នឹង​អាចារ្យវត្ត​ដែរ​ថា លោកយាយ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​ព្រះពុទ្ធ​សាសនា ពោល​គឺ​និយាយ​កុហក​បោកប្រាស​ញាតិ​ញោម​ពុទ្ធបរិស័ទ​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ពេល​នេះ​ព្រះ​អង្គ​ត្រូវ​តែ​ទម្លាយ​អាថ៌​កំបាំង​នេះ​ឱ្យ​សាធារណជន​បានដឹង​កំហុស​របស់​គាត់ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​ជួយ​ប​ញ្ឍ​ប់​នូវ​ទ​ង្វើ​របស់​លោកយាយ​ម្នាក់​នេះ​ផង ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​វត្ត និង​កិត្តិយស​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ។

ព្រះ​គ្រូ​ចៅអធិការ​មាន​ថេរ​ដីកា​ទៀត​ថា លោកយាយ​នេះ​មិន​ដែល​ប្រាប់​ឈ្មោះ​ពិតប្រាកដ​របស់​គាត់​ឱ្យ​គេ​បាន​ស្គាល់​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ឈ្មោះ​ព្រះ​នាង​កែវ​៧​ពណ៌ និង​បាន​ប្រាប់​ថា លោកយាយ​មកនេះ​គឺ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។

ចំណែក​លោកយាយ​ដែល​កំពុង​ទទួល​ការ​ចោទប្រកាន់​ពី​សំណាក់​ព្រះសង្ឃ អាចារ្យ និង​ពុទ្ធបរិស័ទ បាន​បំភ្លឺ​ថា រឿងរ៉ាវ​ដែល​ប៉ះពាល់​ដល់​វត្ត​នោះ លោកយាយ​មិន​មាន​ន​ទេ គឺ​មាន​តែ​ពួក​គេ​ធ្វើទុក្ខបុកម្នេញ​គាត់​តែ​ប៉ុណ្ណោះ ។ 

ចំពោះ​រូប​គាត់​វិញ មិន​បាន​ប្តឹងប្ដល់​អ្វី​ទេ គឺ​សុំ​តែ​សុខ​និង​សុំ​សីល​ទេ ហើយ​រាល់ថ្ងៃ​ធ្វើ​តែ​អំពើ​ល្អ​ប៉ុណ្ណោះ មិន​បាន​ធ្វើបាប​ចំពោះ​នរណា​ឡើយ ។

ជុំវិញ​ករណី​នេះ​ដែរ លោក ឡុ​ង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែង​ថា ករណី​នេះ​លោក​នៅ​មិន​ទាន់​ដឹង​ទេ ដោយ​រង់ចាំ​មើល​ពាក្យបណ្តឹង​សិន ទើប​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ឬ​យ៉ាងណា​នោះ ។ លោក​នឹង​ដាក់​កម្លាំង​ឱ្យទៅ​តាមដាន​ស៊ើបអង្កេត​មើល​សិន ខ្លាចក្រែង​មាន​ជន​អគតិ​បំផុស​រឿង​មិន​ពិត ធ្វើ​ឱ្យ​កករ​ល្អក់​រវាង​គ្នា​នឹង​គ្នា ៕