លោក Mahathir ទទូច​ឲ្យ​មាន​ប្រជាមតិ​ទម្លាក់​លោក Najib រឿងអាស្រូវ​ពុករលួយ​រាប់លាន​ដុល្លារ​ និពន្ធដោយ : ទេព អ៊ីវិសាល       July-21-2016, 4:40 pm         34

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Mahathir ទទូច​ឲ្យ​មាន​ប្រជាមតិ​ទម្លាក់​លោក Najib រឿងអាស្រូវ​ពុករលួយ​រាប់លាន​ដុល្លារ​​លោក​អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ម៉ាឡេស៊ី Mahathir Mohamad នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែកក្កដា​នេះ អះអាងថា​ប្រជាជន​ម៉ាឡេស៊ី​គួរ​ជំរុញ​ឲ្យ​មាន​ប្រជាមតិ​មួយ​លើ​ការដឹកនាំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន Najib Razak ក្រោយ​រដ្ឋអាជ្ញា​អាមេរិក ដាក់ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​លុយកខ្វក់​ចេញពី​មូលនិធិ 1MDB ។

​លោក Mahathir បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​ប្រជាជន​ម៉ាឡេស៊ី គួរតែមាន​ការប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ឲ្យ​ដក​លោក Najib ចេញពី​តំណែង​។ ខ្ញុំ ស្នើ​ឲ្យ​ប្រជាជន ជំរុញ​ឲ្យ​មាន​ប្រជាមតិ​លើ​ការដឹកនាំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​»​។ នេះ​បើ​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី Strait Times​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​២០ ខែកក្កដា​ម្សិលមិញ បាន​អះអាងថា អាមេរិក បានដាក់​ពាក្យ​បណ្តឹងស៊ីវិល​មួយ​ដើម្បី​សុំ​រឹបអូស​អចល​ទ្រព្យ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការលាង​ប្រាក់​កខ្វក់​របស់​មន្ត្រី​នៃ​មូលនិធិ 1MDB ដែល​លួច​ចេញពី​មូលនិធិ​នេះ​ដើម្បី​វិនិយោគ និង​ផ្ទេរ​នៅក្នុង​ទឹកដី​អាមេរិក​។

1MDB (1Malaysia Development Berhad) គឺជា​មូល​និ​ធី​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ម៉ាឡេស៊ី តាមរយៈ​ការវិនិយោគ​បរទេស​ដោយផ្ទាល់ និង​ដៃគូ​វិនិយោគ​សកល​។ មូលនិធិ​នេះ ក៏មាន​ទិសដៅ​ប្រើប្រាស់​ដើម្បី​បង្កើន​សុខមាលភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​ផងដែរ​។ តាម​សារព័ត៌មាន Asian Correspondent 1MDB ត្រូវបាន​គ្រប់គ្រង​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​។​

​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​២១ ខែកក្កដា​ដដែល​នេះ ស្ថាប័ន 1MDB ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាងថា ខ្លួន​មិនមែនជា​ភាគី​នៅក្នុង​បណ្តឹងស៊ីវិល​, មិនមាន​ទ្រព្យសម្បត្តិ​នៅក្នុង​ទឹកដី​អាមេរិក ហើយក៏​មិន​ទទួលផល​ប្រយោជន៍​តាម​រយៈ​ការផ្ទេរ​ប្រាក់​ដែល​បានបញ្ជាក់​នៅក្នុង​បណ្តឹង​របស់​អាមេរិក​ផងដែរ​។ 

​ក្នុង​សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ដែរ​ថា 1MDB មិនទាន់​ត្រូវបាន​កោះហៅ​ដោយ​ក្រសួង​យុត្ត​ធម៌​អាមេរិក ឬ​ភា្ន​ក់​ងារ​បរទេស​ផ្សេងៗ​ទាក់ទង​នឹង​ការស៊ើបអង្កេត​អី​ឡើយ​។​

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​រឿងអាស្រូវ​ពុករលួយ 1MDB បាន​ផ្ទុះឡើង​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។ ពេលនោះ​សារព័ត៌មាន Wall Street Journal និង Sarawak បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ ស្តីពី​ចរន្ត​នៃ​ការផ្ទេរ​ទឹកប្រាក់​ពី​ធនាគារ និង មូលនិធិ 1MDB ទៅកាន់​គណនី​របស់លោក​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ ប្រមាណ​៧០០​លាន​ដុល្លា​សហរដ្ឋអាមេរិក តែ​ត្រូវបាន​រដ្ឋាភិបាល​លោក ណា​ជីប បដិសេធ ថា​មិនបាន​ពាក់ព័ន្ធ​ឡើយ​។ តែ​បណ្តឹង​ចុងក្រោយ​របស់​អាមេរិក មិនបាន​បញ្ជាក់​ពី​ឈ្មោះ​របស់លោក ណា​ជីប​ឡើយ​៕