ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រៃអង្គាស​ថវិកា​ជួយ​គ្រួសារ​លោក​បណ្ឌិត កែម ឡី

ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស រួម​មាន​នៅ​សហរដ្ឋអាមេរិក ប្រទេស​កាណាដា អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​សហភាព​អឺរ៉ុប បាន​រៃអង្គាស​ប្រាក់​នៅ​តាម​វត្ត​អារាម​នានា​ក្នុង​ពិធី​ប្រារព្ធ​បុណ្យ​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​កន្លង​មក​នេះ ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​សព។

ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ទីក្រុង​ចំនួន​ពីរ​នៅ​ប្រទេស​អូស្ត្រាលី រៃអង្គាស​បាន​ថវិកា​ប្រមាណ​ជាង ៤​ម៉ឺន​ដុល្លារ​អូស្ត្រាលី សម្រាប់​ជួយ​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ក្នុង​នោះ សហព័ន្ធ​ខ្មែរ​អូស្ត្រាលី ប្រចាំ​ទីក្រុង មែលប៊ន (Melbourne) រៃអង្គាស​ថវិកា​បាន​ចំនួន ៣៥.០០០​ដុល្លារ​អូស្ត្រាលី ចំណែក​សហព័ន្ធ​ខ្មែរ-​អូស្ត្រាលី​ប្រចាំ​ទីក្រុង អាឌឺលែដ (Adelaide) សហការ​ជាមួយ​វត្ត​ខ្មែរ​សន្តិភាព វត្ត​ខ្មែរ​អាឌឺលែដ និង​វត្ត​ព្រះពុទ្ធមានជ័យ រៃអង្គាស​ថវិកា​បាន​ចំនួន ១២.០០០​ដុល្លារ​អូស្ត្រាលី។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) រៃអង្គាស​ថវិកា​បាន​ជាង ២៦.០០០​​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​របស់​សព។ សហគមន៍​ខ្មែរ​រស់​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន ប្រមូល​បាន​ថវិកា​ជាង ៥​ពាន់​ដុល្លារ  រដ្ឋ ណស្ស៍ ឃែរ៉ូឡាញណា  (North Carolina) បាន​ថវិកា​ចំនួន​ជាង ៥​ពាន់​ដុល្លារ នៅ​ក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា បាន​ថវិកា​ជាង ៤​ពាន់​ដុល្លារ។

សហគមន៍​ខ្មែរ​រស់​នៅ​ក្រុង​ហ្វ្រែស ស្ណូ (Fresno) រដ្ឋ​កាលីហ្វ័រញ៉ា (California) ក៏​ប្រមូល​បាន​ថវិកា​ជិត ៤​ពាន់​ដុល្លារ។ នៅ​មាន​សហគមន៍​ខ្មែរ​ជា​ច្រើន​ទៀត ក៏​បាន​រៃអង្គាស​ថវិកា​ជួយ​ដល់​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។