ក្រុម​អតីត​ស្ត្រី​បឹងកក់​តវ៉ា​ទាមទារ​សំណង​បន្ថែម​ពី​ធនាគារ​ពិភពលោក

ក្រុម​អតីត​ស្ត្រី​បឹងកក់ ដែល​ត្រូវ​គេ​បណ្ដេញ​ដោយ​បង្ខំ​ប្រមាណ ៤០​នាក់ លើក​គ្នា​មក​ស្រែក​ទាមទារ​សំណង​បន្ថែម​ពី​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា បន្ទាប់​ពី​ពួកគេ​ដឹង​ថា ធនាគារ​មួយ​នេះ​បាន​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការ​ប្រាក់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី​ទៀត នូវ​ទឹក​ប្រាក់​ប្រមាណ ១៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ខណៈ​ពួកគេ​លើក​បដា និង​ស្រែក​តវ៉ា​មុខ​ការិយាល័យ​ធនាគារ មាន​ក្រុម​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ដើរ​មក​ដណ្ដើម​យក​​បដា និង​ដក​យក​ឧបករណ៍​បំពង​សំឡេង។

តំណាង​អតីត​ស្ត្រី​នៅ​តំបន់​បឹងកក់ កញ្ញា អ៊ឹម ស្រីទូច លើក​ឡើង​ថា ដោយសារ​តែ​ទឹក​ប្រាក់​របស់​ធនាគារ​ពិភពលោក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​យក​អភិវឌ្ឍ​នោះ​ហើយ ទើប​ធ្វើឲ្យ​​ពួកគាត់​បាត់​បង់​ដីធ្លី ផ្ទះ​សម្បែង​ និង​មុខ​របរ​ចិញ្ចឹម​ជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៖ «យើង​មក​ធនាគារ​ពិភព​លោក​ថ្ងៃ​នេះ មាន​បំណង​ចង់​ជួប​ប្រធាន​ធនាគារ​ពិភពលោក ដើម្បី​ឲ្យ​គាត់​ឲ្យ​ច្បាស់​ពី​ការ​ផ្ដល់​ជំនួយ​រាប់​រយ​លាន​ដល់​រដ្ឋាភិបាល ព្រោះ​ថា លុយ​ជាង ២០​លាន​ដុល្លារ​ឲ្យ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៦ ផង ពួក​យើង​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ​រង​គ្រោះ ត្រូវ​បាត់​បង់​ផ្ទះ​សម្បែង វេទនា​ ធ្លាក់​ខ្លួន​ក្រីក្រ ហើយ​មិន​ទាន់​បាន​ដោះស្រាយ​ភាព​ក្រីក្រ​របស់​ពួក​យើង ឥឡូវ​ឮ​ថា ធនាគារ​ពិភពលោក គម្រោង​ផ្ដល់​លុយ​មក​ឲ្យ​ប្រហែល​ជាង ១០០​លាន។ ពួក​យើង​អ្នក​រង​គ្រោះ គឺ​យើង​បារម្ភ​ខ្លាច​ថា លុយ​ជាង ២០​លាន​ផង​ ពួក​យើង​រង​គ្រោះ រាប់​ម៉ឺន​នាក់​ទៅ​ហើយ ​ចុះ​ទម្រាំ​ជាង​១០០​លាន តើ​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​លាន​នាក់ ដែល​រងគ្រោះ​វេទនា​ដូច​ពួក​​យើង»

ទោះបីជា​យ៉ាង​ណា​ ក្រុម​អ្នក​តវ៉ា​ប្រកាស​ជំហរ​ថា ពួកគេ​នឹង​បន្ត​ការ​តវ៉ា​នេះ​តទៅ​ទៀត​ដរាប​ណា​ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​សំណង​បន្ថែម​ពី​ធនាគារ​ពិភពលោក។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ​ធនាគារ​ពិភពលោក​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការ​ប្រាក់​ដល់​រដ្ឋាភិបាល​កម្ពុជា ​ចំនួន ១៣០​លាន​ដុល្លារ ដោយ​ត្រូវ​អនុវត្ត​​លើ​គម្រោង​ចំនួន​៤។ គម្រោង​ទាំង​នោះ​ផ្ដោត​លើ​ ​ការ​លើក​កម្ពស់​គុណភាព​សុខភាព គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ ​គម្រោង​គ្រប់គ្រង​ផ្លូវ​ថ្នល់​ទី​២ ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​លើ​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​កំពត ព្រះសីហនុ ត្បូងឃ្មុំ និង​ក្រចេះ គម្រោង​​បែងចែក​ដី​សម្រាប់​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ជូន​សម្រាប់​សេវា​បណ្ដុះបណ្ដាល​វិស័យ​កសិកម្ម​ដល់​ប្រជាជន​ក្នុង​សហគមន៍​ចំនួន ១៤ នៅ ៥​ខេត្ត ដែល​មាន​ប្រជាជន​ច្រើន​ជាង ៥ពាន់​គ្រួសារ។

ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​ទាំង​នេះ នាយក​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក អ៊ូលរិច ហ្សាចៅ (Ulrich Zachau) រំពឹង​ថា ការ​ផ្ដល់​ហិរញ្ញប្បទាន​​នេះ នឹង​ជួយ​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្រីក្រ​ដែល​រស់​ពឹង​ផ្អែក​នឹង​កសិកម្ម និង​នេសាទ​នៅ​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។