ព័ត៌មាន​បន្ថែម ជុំវិញ​ករណី​សម្លាប់​នារី​ម្នាក់​នៅ​ទន្លេបាទី​កាលពី​ម្សិលមិញ

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០​កក្កដា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ខណៈ​គេ​បានឃើញ​ឈាម​មនុស្ស​ក្រហមច្រាល​នៅ​លើ​កន្ទេល លើ​រោង​លំហែកាយ​ក្នុង​ទន្លេបាទី ស្ថិត​នៅ​ភូមិ​ថ្នល់​ទក្សិណ​ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ពិនិត្យ និង​ចុះ​រាវ​ក្នុង​ទឹក ទើបបាន​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​ត្រូវ​គេ​កាប់​ត្រង់​ក្បាល​ជា​ច្រើន​កាំបិត ច្រាន​ទម្លាក់​ចោល​ក្នុង​ទឹក ។ ខណៈនោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ ដោយ​បាន​រៀបចំ​ផែនការ​បបួល​ជន​រង​គ្រោះ​ទៅ​លេង​នៅ​ទន្លេបាទី ដែល​ជា​ថ្ងៃ​មិន​មាន​មនុស្ស​ទៅ​កម្សាន្ត​ស្ងាត់​ងាយស្រួល​ក្នុង​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈោះ ជា សុ​ជាតិ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និ​សិ​ត្យ​ឆ្នាំ​ទី​៣ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស និង​ជា​បុគ្គលិក​បណ្ដែត នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​អន្តរជាតិ​អាសា៑​នៅ​ភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ទាក់ទិន​នឹង​ករណី​ឃាតកម្ម​នេះ​ត្រូវ​បាន​សមត្ថកិច្ច ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ប្លន់​សម្លាប់ ហើយ​ជនសង្ស័យ​ជា​មនុស្ស​ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះ​ថែម​ទៀត ។ បើ​ទោះ​បែប​ណា​ក្តី តាម​រយៈ​សមត្ថកិច្ច​សាកសួរ​មិត្តភក្តិ និង​អ្នក​ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះ​ច្រើន​នាក់​នៅ​កន្លែង​តម្កល់សព​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​ព្រែក​សំរោង រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២១ កក្កដា​នេះ នៅ​មិន​ទាន់​មាន​តម្រុយ​ណាមួយ​ជា​ពន្លឺ​ក្នុង​ការ​ស្វែង​រកមុខ​ឃាតករ​នៅឡើយ​ទេ ។

បើ​តាម​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ អ៊ូ ជា បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារៈ​ជន​រង​គ្រោះ​បាន​បាត់បង់ រួម​មាន ម៉ូតូ​១​គ្រឿង ម៉ាក វ៉េវ ពាក់​ស្លាក​លេខ កណ្ដាល 1S-6861 កងដៃ​ប្លា​ទី​ន​៣​ជី ខ្សែ​ក​ប្លា​ទី​ន​៣​ជី ក្រវិល ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង និង​លុយកាក់​មួយ​ចំនួន​ទៀត ។

ឪពុក​ជន​រង​គ្រោះ​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០​កក្កដា ជន​រង​គ្រោះ​បាន​រៀបចំ​ខ្លួន​ថា​ទៅ​លា​លា​រៀន ដោយ​ជិះ​ម៉ូតូ​ទៅ​ដូច​សព្វមួយដង ។ លុះដល់​រសៀល​ថ្ងៃ​ដដែល​មាន​គេ​ទូរ​សព្ទ័​មក​ប្រាប់​ថា មនុស្ស​ស្រី​ដែល​គេ​សម្លាប់​នៅ​រមណីយដ្ឋាន​ទន្លេបាទី ដូច​កូនស្រី​គាត់ គាត់​ក៏​បាន​ទូរ​សព្ទ័​ទៅ​លេខ​កូន​គាត់ តែ​តេ​មិ​ចូល ហើយ​ក៏​បាន​ប្រញាប់​ទៅ​ពិនិត្យ​សព ទើប​ស្គាល់​ច្បាស់​ថា ជា​កូនស្រី​គាត់​ពិតប្រាកដ​មែន ធ្វើ​ឱ្យ​គាត់​រន្ធត់ តក់ស្លុត​ជា​ខ្លាំង ។

ទាក់ទិន្ន​នឹង​ព័ត៌មាន​ច​ចាម​រាម​ថា ជន​រង​គ្រោះ​អាច​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​ជន​រង​គ្រោះ​បដិសេធ​ថា​ជា​រឿង​មិ​ពិត​ទាំងស្រុង ។ ចំណែក​នារី​ម្នាក់​ដែល​អះអាង​ថា​ជា​មិត្តភក្តិ​ជន​រង​គ្រោះ​ស្និទ្ធស្នាល​គ្នា បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ធ្លាប់​ប្រាប់​នាង​ថា ធ្លាប់​មាន​សង្សារ​ជា​មនុស្ស​ប្រុស ធ្វើការ​នៅ​អង្គរក្ស ប៉ុន្តែ​មិន​ដែល​ណែនាំ​ឱ្យ​ស្គាល់​នាង​ទេ ។ ជន​រង​គ្រោះជា​មនុស្ស​ចូល​ចិត្ត​លេងសើច​ច្រើន តែ​ស្មោះត្រង់​ជាមួយ​មិត្តភក្ដិ ៕