ប្រមូល​​​ប្រ​ហិត​​​ដុតចោលជាង២០០​គីឡូ​ក្រាម

ខេត្ដ​ប៉ៃលិន ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ដឹកនាំ​ដោយ​លោក សាន វិជ្ជា សា​រ៉ា​វុ​ធ ប្រធាន​កាំកុង​ត្រូល បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​នៅ​តាម​បណ្តា​តូប​លក់​នានា​ជុំវិញ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី​ដោយ​ប៉ះ​ចំ​ស្តង់​ក្រុមហ៊ុន​ចែកចាយ​ប្រហិត​ធំ​ជាងគេ​មួយ​កន្លែង​យីហោ ស៊ី​ភី (CP) រក​ឃើញ​ស្លាបមាន់ ជង្គង់​មាន់​ខូចគុណភាព និង​ដកហូត​ប្រហិត​គ្រប់​ប្រភេទ​(​ប្រហិត​ចម្រុះ​)​ចំនួន​២២០​គីឡូក្រាម ដែល​ត្រូវ​ម្ចាស់​ដាក់​តាំង​លក់​ទាំង​ខូចគុណភាព​ដោយ​អត់​បាន​ក្លា​ស្សេ​ឱ្យ​បាន​ដិត​ដល់ ទើបត្រូវ​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល ។

ការ​ដកហូត​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ កក្កដា ស្ថិត​នៅ​ផ្សារ​សាមគ្គី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​លើក​នេះ ខាង​លោក​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថា ក្រុមហ៊ុន​ស៊ី​ភី (CP) ដែល​ជា​ម្ចាស់​ទំនិញ​ដាក់​តាំង​លក់​គ្រឿង​បរិភោគ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ខណៈ​ប្រហិត​សាច់​គោ សាច់​ត្រី សាច់​មាន់ ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ថ្មី​ៗ មិន​ទាន់​ហួស​កាលបរិច្ឆេទ​នៅឡើយ ប៉ុន្តែ​ឈ្មួញ​យក​មក​ដាក់​តាំង​លក់​ដោយ​អត់​មាន​ក្លា​ស្សេ​ទឹកកក​ឱ្យ​ត្រជាក់​ដិត​ដល់​ក៏​បណ្តាល​ឱ្យ​ខូចគុណភាព រហូត​ធុំក្លិន​ស្អុយ ចេញ​ដង្កូវ​វារ​រវើម​ថែម​ទៀត​ផង ។

លោក​បន្ត​ទៀត​ថា ដូច្នេះ​ខាង​លោក​ត្រូវ​តែ​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល ដោយ​មិន​អនុញ្ញាត​ឱ្យ​ម្ចាស់​លក់​ចែកចាយ​ឱ្យ​ម៉ូយ​យក​ទៅ​ចៀន​លក់​បន្ត​ទៀត​ឡើយ ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ជា​ពិសេស​កុមារ​តូច​ៗ អាច​បណ្តាល​ឱ្យ​រាករូស ក្អួតចង្អោរ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត​ផង ។

លោក​ប្រធាន​កាំកុងត្រូល ក៏​បាន​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ស្តង់ ឱ្យ​បញ្ឈប់​ការ​លក់​ប្រហិត​ខូចគុណភាព​បន្ត​ទៀត ។ បើ​ខាង​លោក​ពិនិត្យ​ឃើញ​បែប​នេះ​ម្តងទៀត នឹង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។ ចំណែក​នំចំណី និង​ម្ហូបអាហារ​ផ្សេង​ៗ ខាង​លោក​ក៏​បាន​ណែនាំ​ដល់​អាជីវករ ដែល​ដាក់​តាំង​លក់​នៅ​លើ​ដី​តាម​ដងផ្លូវ​ក្នុង​ផ្សារ ត្រូវ​តែ​គ្រប​ថង់​ឱ្យ​បាន​ល្អ ចៀសវាង​ហុយធូលី​ទៅ​លើ​របស់​ទាំងនោះ ហើយ​ពេល​ទិញ​យក​ទៅ​ទទួលទាន​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព ។

សូម​បញ្ជាក់​ថា ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ដែល​កាំកុងត្រូល​ដកហូត​បាន​ទាំងអស់​រួម​មាន ទឹកខ្មេះ​ថៃ (​មាន​ជាតិ​អាស៊ីត​) រូប​សញ្ញា​ទន្សាយ​១៧​ដប ទឹកក្រូច​ដប​ធំ​៤​ដប​ម្សៅ​ស៊ុប​រ៉ូ​ឌី​៥០​កញ្ចប់​តូច ទឹកក្រូច​ដប​តូច​៥៧​ដប និង​ប្រហិត​ចម្រុះ​ចំនួន​២២០​គីឡូក្រាម ។ រហូត​ដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បាន​ដុត​កម្ទេច​ចោល​ប្រហិត​ខូចគុណភាព​ទាំងនោះ​នៅ​ក្បែរ​ស្នាក់​ការ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ៕