ពលរដ្ឋ​ឃុំ​កំពង់គោ​ខេត្ត​កំពង់ធំ​ប្ដឹង​ទៅ ACU ករណី​មាន​ការ​ឃុបឃិត​ឈូស​ឆាយ​ព្រៃ​លិច​ទឹក

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ សង្ស័យ​ថា គណៈកម្មការ​សហគមន៍​នេសាទ និង​មន្ត្រី​ជំនាញ​ថ្នាក់​មូលដ្ឋាន អាច​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​អស់​ប្រមាណ ២០០​ហិកតារ​កន្លង​មក។ ការ​លើក​ឡើង​បែប​នេះ ពីព្រោះ​ព្រៃ​លិច​ទឹក​ចេះ​តែ​រង​ការ​បំផ្លាញ ប៉ុន្តែ​គណៈកម្មការ​សហគមន៍​នេសាទ​មិន​បាន​ចាត់​វិធានការ​ឡើយ ហើយ​ថែម​ទាំង​ព្យាយាម​បិទ​បាំង​រហូត។

ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ និង​អាជ្ញាធរ​ភូមិ សម្រេច​ដាក់​ពាក្យ​ប្ដឹង​មនុស្ស​មួយ​ចំនួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាល​ពី​ដើម​ខែ​កក្កដា ពី​បទ​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក និង​ស្នើ​ឲ្យ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ទាំង​នោះ ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ព្រៃ​ហាមឃាត់។

ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់គោ មួយ​រូប​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ពួក​គាត់​បាន​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​ចាត់​វិធានការ​លើ​ករណី​ពលរដ្ឋ ៤​នាក់​រស់នៅ​ស្រុក​កំពង់ស្វាយ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​អស់​ប្រមាណ ២០០​ហិកតារ​កាល​ពី​ខែ​មេសា។ ក្រៅ​ពី​ប្ដឹង​ពលរដ្ឋ​ទាំង​នេះ អ្នក​ភូមិ​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្វែងរក​ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដោយ​ពួក​គាត់​យល់​ថា អាច​មាន​ក្រុម​គណៈកម្មការ​សហគមន៍​នេសាទ​សាមគ្គី ឃុំ​កំពង់គោ និង​មន្ត្រី​ជលផល​មួយ​ចំនួន ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ៖ «បើ​ជំនាញ​ជលផល បើ​គ្នា​កាប់​នឹង​កាំបិត កាប់​នឹង​ពូថៅ ចាប់​គ្នា។ ដល់​ពេល​គាត់​ដូច​ថា​ឃុបឃិត​គ្នា​ជាមួយ​សហគមន៍​អ៊ីចឹង ស៊ី​លុយ​ស៊ី​កាក់​អ៊ីចឹង គាត់​យក​អាត្រាក់ (ត្រាក់ទ័រ) មក​ឈូស​ឆាយ គាត់​មើល​អត់​ឃើញ​ផង»

ដី​ព្រៃ​លិច​ទឹក​សហគមន៍​នេសាទ​សាមគ្គី​កំពង់គោ មាន​ទំហំ​ជាង ២​ពាន់​ហិកតារ។

អនុប្រធាន​គណៈកម្មការ​សហគមន៍​នេសាទ​សាមគ្គី ឃុំ​កំពង់គោ លោក ទុយ យ៉ុង អះអាង​ថា គ្មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ដែន​សហគមន៍​នេសាទ​ឡើយ។ លោក​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា គណៈកម្មការ​សហគមន៍​ឃុបឃិត​ជាមួយ​ក្រុម​ជន​ល្មើស ដើម្បី​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ទៀត​ផង៖ «ខ្ញុំ​សូម​ឆ្លើយ​តប​ដោយ​ខ្ញុំ​បាទ​នៅ​នឹង​ដែន​សហគមន៍​នេសាទ​ផ្ទាល់ អត់​មាន​ឈូស​ឆាយ​អី​ដល់​ទៅ ១០០​ហិកតារ ឬ ២០០។ សូម្បី​តែ​ត្រឹម ៧ ឬ ៨​ហិកតារ ក៏​មិន​មាន​ផង»

ព្រៃ​លិច​ទឹក​ក្នុង​ដែន​សហគមន៍​នេសាទ និង​ក្រៅ​ដែន​សហគមន៍​ខ្លះ កាល​ពី​ខែ​មីនា ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ជាង ១០០​ហិកតារ។

អនុប្រធាន​សហគមន៍​នេសាទ​ដដែល​បញ្ជាក់​ថា តំបន់​ដែល​មាន​ភ្លើង​ឆេះ ខាង​សហគមន៍​ការពារ​មិន​ឲ្យ​បុគ្គល​ណា​ម្នាក់​រុក​រាន ឬ​កាន់​កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ ព្រោះ​ទុក​ឲ្យ​ព្រៃ​ដុះ​ឡើង​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មេ​ភូមិ​ខ្សាច់រស់ ដែល​បាន​ផ្ដិត​មេដៃ​ប្ដឹង​មនុស្ស​មួយ​ចំនួន​លើ​ករណី​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​កាល​ពី​ពេល​កន្លង​ទៅ លោក ឡេង ចយ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ភូមិ​មិន​អាច​ទប់ស្កាត់ និង​ចាត់​វិធានការ​ចំពោះ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​បាន​ទេ ពីព្រោះ​ក្រុម​ជន​ល្មើស​ធ្វើ​សកម្មភាព​ដោយ​លួច​លាក់ ពិសេស​ធ្វើ​ឡើង​នៅ​ពេល​យប់។ លោក​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃ​លិច​ទឹក​នៅ​តំបន់​ហាមឃាត់ ព្រោះ​វា​ជា​ជម្រក​ត្រី​ពង​កូន ជម្រក​សត្វ​មួយ​ចំនួន និង​ជា​កន្លែង​សម្រាប់​ប្រជា​នេសាទ​អាស្រ័យ​ផល។ លោក​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង ដែល​បាន​បើក​ដៃ​ឲ្យ​មាន​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​កន្លង​មក៖ «ប្រជាពលរដ្ឋ​តិចតួច​អី​សុទ្ធតែ​មាន​ទោស ធ្វើ​នឹង​ដៃ​នឹង​កាំបិត​តិចតួច​អី អត់​មាន​គ្រឿងចក្រ​ផង ហេតុ​អី​បាន​ជា​យក​ទោស​ប្រជាពលរដ្ឋ ហើយ​អ្នក​ដែល​ធ្វើ​រាប់​រយ​ហិក (ហិកតារ) អ៊ីចឹង​សួរ​ថា ហេតុ​អី​សម្ងំ​ស្ងៀម​ស្រួល​ម្ល៉េះ»

កាល​ពី​ខែ​មេសា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ​រង​ការ​ឆាបឆេះ​ម្តង​កាល​ពី​ខែ​មីនា ហើយ​អាច​មាន​ពលរដ្ឋ​មួយ​ចំនួន​ចូល​រុក​រាន​ដី​ព្រៃ​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លះ​ដែរ ប៉ុន្តែ​ខាង​មន្ត្រី​ជំនាញ​មិន​បាន​ពាក់ព័ន្ធ​ឡើយ។ លោក​បញ្ជាក់​ថា មន្ត្រី​ជលផល​បាន​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​ចូល​កាន់​កាប់​តំបន់​ព្រៃ​លិច​ទឹក​ទាំង​នោះ​ទៀត​ផង។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ បាន​កំណត់​ផ្ដន្ទាទោស​បទល្មើស​ថ្នាក់​ទី​១ ត្រូវ​ជាប់​គុក​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​វត្ថុ​តាង​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំង​នោះ​រួម​មាន កាប់​ឆ្ការ ឬ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង។ ប្រើ​ឧបករណ៍​នេសាទ​ទំនើប ឬ​ឧបករណ៍​នេសាទ​បង្កើត​ថ្មី និង​នេសាទ​ជា​លក្ខណៈ​ឧស្សាហកម្ម​ក្នុង​រដូវ​បិទ​នេសាទ ជាដើម។

ជាមួយ​នេះ មាត្រា​១០៣ ក៏​បាន​ចែង​ដាក់​ទោស​ទណ្ឌ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ដល់ ៥០​លាន​រៀល ចំពោះ​សកម្មភាព​មន្ត្រី​រដ្ឋបាល​ជលផល​ដែល​មិន​បាន​រាយការណ៍ ឬ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​បទល្មើស​ជលផល​ថ្នាក់​ទី​១ ឲ្យ​ទាន់​ពេលវេលា និង​ចំណុច​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។