ពលរដ្ឋ​បាន​រិះគន់​ថា ផ្សារ​រាត្រី​លក់​ខោអាវ​លើ​ដី​ចំណី​ផ្លូវ និង​ស្ត្រី​ម៉ាស្សា​រញ៉េរញ៉ៃ

ពលរដ្ឋ​បាន​រិះគន់​ថា ផ្សារ​រាត្រី​លក់​ខោអាវ​លើ​ដី​ចំណី​ផ្លូវ និង​ស្ត្រី​ម៉ាស្សា​រញ៉េរញ៉ៃ



ខេត្តសៀមរាប ៖ ម្ចាស់​ផ្សារ​រាត្រី​ក្នុង​តំបន់​(​ផ​ប់​ស្ទ្រី​ត​) បើកដៃ​ឱ្យ​អាជីវករ​លក់​ខោអាវ​លើ​ដី​ចំណី​ផ្លូវ បង្ហាញ​ពី​ភាព​អនាធិបតេយ្យ​នៅ​តំបន់​ទេសចរ​ក្នុង​ក្រុង​សៀមរាប ។ ខណៈ​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុង​តែ​មមាញឹក​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ក្រុង​សៀមរាប​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​នោះ បែរជា​ម្ចាស់​ផ្សារ​មួយ​ចំនួន​មិន​ត្រឹមតែ​មិន​ជួយ​រៀបចំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ផ្គើន​ពី​ការ​ណែនាំ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ទៅ​វិញ ។

ជាក់ស្ដែង​នៅ​តាម​បណ្តោយ​ផ្លូវ​ចូល​ផ្សារ​រាត្រី​អង្គរ និង​ផ្សារ​រាត្រី​ណួ​ន​ណាយ(​ផ្សារ​ចាស់​) គេ​ឃើញ​មាន​ភាព​រញ៉េរញ៉ៃ​បំផុត ដោយសារ​ម្ចាស់​ផ្សារ​រាត្រី​នី​មូ​យ​ៗ​បាន​ជួល​ឱ្យ​ក្រុម​អាជីវក​រដាក់់​ខោអាវ​លក់​លើ​ចំណី​ផ្លូវ​មិន​គិតពី​ការ​ប៉ះពាល់​សោភ័ណ​ភាព​ដោយ​ម្ចាស់​ផ្សារ​គិតតែ​ពី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ដេក​យ៉ាង​សុខស្រួល ។

ភ្នាក់ងារ​អ្នកយកព័ត៌មានយើង​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ទីតាំង​តំបន់​ផ​ប់​ស្ទ្រី​ត (​ផ្សារ​ចាស់​) នៅ​យប់​ថ្ងៃ​ទី​១៨ កក្កដា ឃើញ​ថា​ពិតជា​មាន​ភាព​អនាធិបតេយ្យ​កើតឡើង​មែនហើយ ដូច​ជា​ការ​យក​ផ្លូវ​សាធារណៈ​ដាក់​លក់ ធ្វើ​ឱ្យ​ផ្លូវ​តូច​ចង្អៀត ពេល​មាន​រថយន្ត​និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​ចូល​ម្តង​ៗ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ពិបាកធ្វើ​ដំណើរ ពេល​ខ្លះ​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទៀតផង​។ ចំណែក​នៅ​មុខ​ផ្សារ​រាត្រី​ណូ​ន​ណាយ(​ផ្សារ​ចាស់​)​វិញ ម្ចាស់​ផ្សារ​បាន​អនុញ្ញាត​ឱ្យ​អ្នកលក់​ក្នុង​ផ្សារ​យក​ផ្លូវថ្នល់​ដាក់​តាំង​លក់​គំរូ​ខោអាវ​ដោយ​មិន​ខ្វល់​ពី​ការ​ជូនដំណឹង​២-៣​ដង​របស់​អាជ្ញាធរ​ក្រុង​និង​សមត្ថកិច្ច​សោះឡើយ ។

ចំណែក​អ្នក​ម៉ាស្សា​ស្រី​ៗ​វិញ ក៏​មាន​សកម្មភាព​រញ៉េរញ៉ៃ​ដែរ ដោយ​ខ្លះ​ចាប់​ទាញ​ដៃ​ភ្ញៀវ​ដើម្បី​ឱ្យ​ចូល​ម៉ាស្សា ដូច​ជា​ស្រីរកស៊ីផ្លូវភេទ ធើ្វ​ឱ្យ​មាន​ភាព​អនាធិបតេយ្យ និង​ខូច​កិត្តិយស​ជា​ស្ត្រី​ខ្មែរ រហូត​ភ្ញៀវ​ខ្លះ​មិន​ហ៊ាន​ដើរមក​វិញ​តាម​ផ្លូវ​នោះ​ផង ភ្ញៀវ​ខ្លះ​ទៀត​ខឹង​មិន​សប្បាយចិត្ត​ចំពោះ​ទ​ង្វើ​ទាំង​អស់នេះ ។

មជ្ឈដ្ឋាន​នានា​នៅ​ជុំវិញ​ក្រុង​សៀមរាប បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ និង​សមត្ថកិច្ច​ថា​គ្មាន​ចំណាត់ការ​ទៅ​លើ​ម្ចាស់​ផ្សារ​ដោយ​បើកដៃ​ឱ្យ​ក្រុម​អាជីវករ​លក់​ខោអាវ​ដាក់​លក់​ពេញ​ផ្លូវ​សាធារណៈ និង​ក្រុម​ស្រី​ៗ​ម៉ាស្សា​នៅ​តាមផ្លូវ​តំបន់​ផ​ប់​ស្ទ្រី​ត​(​ផ្សារ​ចាស់​)​ដណ្ដើម​គ្នា​ចាប់​ទាញ​ដៃ​ភ្ញៀវ​ពេញ​ផ្លូវ​យ៉ាង​អនាធិបតេយ្យ​។ ជុំវិញ​ករណី​ខាងលើ​នេះ​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប ភ្នាក់ងារ​កោះសន្តិភាព បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជា​ច្រើន​លើក​នៅ​វេលា​ម៉ោង​១២​និង​៣៨​នាទី​ថ្ងៃ​ទី​១៩ កក្កដា ដើម្បី​សុំការ​បំភ្លឺ​ដែរ​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ស្ថិត​នៅ​ក្រៅ​តំបន់​សេវា​មិន​អាច​ទាក់ទង​បាន​ទេ ៕