កម្ពុជា​-​ភូមា បង្ហាញ​ពី​មិត្តភាព និង​សហប្រតិបត្តិការ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា និង​ភូមា​បាន​លើក​ឡើង​ថា កម្ពុជា និង​ភូមា មាន​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​គ្នា​ល្អ ក្នុង​នាម​ប្រទេស​ជិតខាង​។ ការ​លើក​ឡើង​នេះ​ជំនួប​រវាង លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក  Myint Soe ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​។

លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម  Myint Soe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហភាព មី​យ៉ា​ន់​ម៉ា ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ចូល​កាន់​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ទេស​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​អបអរសាទរ និង​ការ​ស្វាគមន៍​ចំពោះ​ការ​តែងតាំង​ឯកឧត្តម Myint Soe ជា​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា ប្រចាំ​នៅ​កម្ពុជា ដោយ​បាន​គូសបញ្ជាក់​ថា ក្រសួងការបរទេស នឹង​ផ្តល់​ការ​គាំទ្រ​ដើម្បី​ឯកឧត្តម​បំពេញ​នូវ​ភារកិច្ច​ការទូត ប្រកបដោយ​ជោគជ័យ​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​រំលឹក​ឡើង​វិញ​អំពី​ទំនាក់​ទំនងជា​មិត្តភាព​ដ៏​យូរលង់​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ភាព​ស្រ​ដៀង​គ្នា​ទាំង​ផ្នែក​សាសនា វប្បធម៌  ប្រពៃណី ប្រវត្តិសាស្ត្រ និង​ប្រជាជន​។ លោក​ឯកអគ្គរដ្ឋទូត បាន​ជម្រាប​ជូន​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អំពី​បំណងប្រាថ្នា​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បច្ចុប្បន្ន ក្នុង​ការ​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​កម្ពុជា និង​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ​។ លោក​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់​ថា មី​យ៉ា​ន់​ម៉ា​ចាត់​ទុក​កម្ពុជា​ជា​មិត្ត​ជិត​ស្និទ្ធ និង​ជឿ​ទុកចិត្ត ហើយ​ឯកឧត្តម​នឹង​បន្ត​ខិតខំ​ការ​លើក​ស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ទេស​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​រយៈកាល​កន្លង​មក ជា​ពិសេស គឺ​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ទាំង​ពីរ ដូច​ជា​ទស្សនកិច្ច​ចំនួន​៣​លើក របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ ទស្សនកិច្ច​របស់​អតីត​អនុ​ប្រធានាធិបតី​របស់​មី​យ៉ា​ន់​ម៉ា ឯកឧត្តម ញ៉ា​ន ធុន នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​។  លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​កែទម្រង់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​កំណើនសេដ្ឋកិច្ច​នៅ​មី​យ៉ា​ន់​ម៉ា  ដែល​សម្រេច​បាន​៨.៥% ក្នុង​ឆ្នាំ​២០១៥ កន្លង​មក​លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​បាន​គូសបញ្ជាក់​ថា ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​គឺជា​កាលានុវត្តភាព សម្រាប់​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ទ្វេភាគី​ក្នុង​ពេល​អនាគត​។

លោក​ទេស​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​វាង​ប្រទេស​ទាំង​ពីរ ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ និង​បាន​ស្រប​មតិ​គ្នា​ថា​ប្រទេស​ទាំង​ពីរ​គួរតែ​ខិតខំ​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ​នេះ​។ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​លោក​ឯកអគ្គរដ្ឋទូត ពី​បំណង​របស់​ឯកឧត្តម​ក្នុង​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​ពេលវេលា​សម​ស្រប​នា​ពេល​អនាគត​ខាង​មុខ​។ ជំនួប​នេះ បាន​បញ្ចប់​ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ក្រៃ​លែង​៕