សហគមន៍​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​កាប់​ឈើ​នៅ​តាម​តំបន់​ព្រំដែន​លក់​ទៅ​វៀតណាម

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម អះអាង​ថា ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​មាន​តម្លៃ លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម កាន់​តែ​ច្រើន ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ទប់ស្កាត់។ សហគមន៍​អ្នក​អភិរក្ស​ព្រៃ​ឈើ​បារម្ភ​ថា ប្រសិន​អាជ្ញាធរ​នៅ​តំបន់​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​ទេ ឈើ​មាន​តម្លៃ​នៅ​សេសសល់​នៅ​តំបន់​នោះ នឹង​រង​ការ​កាប់​អស់​នា​ពេល​ខាង​មុខ​នេះ។

ម៉ូតូ​ប្រមាណ ២០ ទៅ ៣០​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម តាម​ច្រក​របៀង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ផាតាម និង​ប៉ុស្តិ៍​ផាសាវ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស។

តំណាង​ចាស់​ទុំ និង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​តាំងសេ និង​ភូមិ​តាំងម្លូ បញ្ជាក់​ថា រៀង​រាល់​ថ្ងៃ ប្រជាពលរដ្ឋ​ខ្លះ​ក្នុង​ភូមិ និង​ភូមិ​ផ្សេង​ទៀត​ក្នុង​ស្រុក​អណ្ដូងមាស ត្រូវរ៉ូវ​ជាមួយ​ឈ្មួញ​វៀតណាម នាំ​ពលរដ្ឋ​វៀតណាម ឆ្លង​ដែន​ចូល​មក​ក្នុង​ព្រៃ​ដី​ខ្មែរ​ជាប់​នឹង​តំបន់​ព្រំដែន ហើយ​កាប់​អារ​ច្រៀក​ឈើ​មាន​តម្លៃ​ដឹក​ជញ្ជូន​តាម​ម៉ូតូ មក​ស្តុក​ទុក​នៅ​ច្រាំង​ទន្លេ​ជា​ខ្សែ​បន្ទាត់​ព្រំដែន រង់ចាំ​ឈ្មួញ​វៀតណាម មក​ទិញ​ឈើ​នោះ​នៅ​វេលា​យប់ ហើយ​ដឹក​ជញ្ជូន​ឆ្លង​ទន្លេ​ទៅ​ប្រទេស​វៀតណាម៖ «អស់​រលីង​ដើម​កកោះ​មុខ ២០ គេ​យក​អស់​រលីង។ បើ​ទៅ​ម្តង​គេ​ចាប់ៗ គេ​អត់​ហ៊ាន​ទេ។ នេះ​គេ​បើក​ទូលាយ គេ​អត់​ខ្លាច ហើយ​មាន​ទាហាន​មក​ចាំ​នេះ បង់​ប៉ុន្មានៗ​ខ្ញុំ​អត់​ដឹង​ទេ»

ចំណែក​សមាជិក​សហគមន៍​ភូមិ​តាំងលោម ម្នាក់​ទៀត​កត់​សម្គាល់​ដែរ​ថា ការ​កាប់ និង​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ​នេះ មិន​មាន​ការ​រារាំង​ណា​មួយ​ពី​អាជ្ញាធរ​ភូមិ-ឃុំ និង​ប៉ូលិស​មូលដ្ឋាន រួម​ទាំង​តម្រួត​ព្រំដែន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​ទាំង​នោះ គឺ​ជា​អ្នក​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ផ្តល់​ព័ត៌មាន​ចេញ​ទៅ​ក្រៅ​សហគមន៍ និង​ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុម​លួច​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ទៀត​ផង៖ «ខាង​នេះ​ខ្សែ​ក្រវាត់​ព្រំដែន​ខាង​ប៉ុស្តិ៍​ផាតាម។ ឥឡូវ​នាំ​យួន មក​កាប់​ក្នុង​ព្រៃ​ឈើ​របស់​យើង។ ក្នុង​មួយ​ម៉ូតូ​ជួនកាល​មាន​ពីរ​ដុំ ជួនកាល​បាន​បី​ដុំ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦២៣ លោក ងួន សុវណ្ណា សុំ​បញ្ជាក់​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា។

ចំណែក​អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទិន​បទល្មើស​ព្រៃ​ឈើ​ថ្មី​នេះ​នៅ​ឡើយ។ លោក​ថា នឹង​ផ្តល់​ព័ត៌មាន​ទៅ​មន្ត្រី​ស្រុក​ដើម្បី​ស្រាវជ្រាវ​ករណី​នេះ។

កាល​ពី​ចន្លោះ​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ អតីត​អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ ទទួល​ស្គាល់​ថា តំបន់​ខ្សែ​ក្រវាត់​ព្រំដែន​ប៉ុស្តិ៍​ផាតាម និង​ផាសាវ បទល្មើស​លួច​កាប់​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ម៉ូតូ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម កើត​មាន​ច្រើន​ករណី។ ចំណែក​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម និង​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​នេះ ក៏ប៉ុន្តែ​អាជ្ញាធរ​អនុវត្ត​គោលការណ៍​អប់រំ និង​ឲ្យ​ពលរដ្ឋ​វៀតណាម ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បទល្មើស​នេះ​ត​ទៅ​ទៀត។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ដែរ​ថា មន្ត្រី​ជំនាញ​ក៏​ទទួល​បាន​ព័ត៌មាន​នេះ​ដូច​គ្នា ក៏ប៉ុន្តែ​តំបន់​នោះ​ឋិត​នៅ​ដាច់ស្រយាល។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មួយ​ចំនួន ចូល​ព្រៃ​កាប់​ឈើ​ទ្រង់ទ្រាយ​តូចៗ​ធ្វើ​ជា​មុខ​របរ៖ «ព័ត៌មាន​ដែល​គាត់​ប្ដឹង​មក​ដូច​មិន​ដល់​ហ្នឹង​ទេ។ ចាំ​ខ្ញុំ​ឲ្យ​មន្ត្រី​ខ្ញុំ​ចុះ​ទៅ​ពិនិត្យ​មើល​រឿង​ហ្នឹង»

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ទទួល​ស្គាល់​ថា បច្ចុប្បន្ន​បទល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​បាន​បញ្ចប់​ហើយ​នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​យុទ្ធនាការ​បង្ក្រាប​របស់​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៥។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ជុំវិញ​បទល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​តូច ប្រព្រឹត្ត​ឡើង​ដោយ​ប្រជាពលរដ្ឋ​ច្រើន​នាក់​ក្នុង​ភូមិ ដែល​ជា​ហេតុផល​នាំ​ឲ្យ​ព្រៃ​ឈើ​នៅ​សេសសល់​នឹង​ត្រូវ​បំផ្លាញ​ដូច​គ្នា៖ «មួយ​ថ្ងៃៗ​រាប់​សិប​គ្រឿង វា​អស់​ឈើ​ហ្នឹង​ច្រើន កាលណា​អស់​ឈើ​ច្រើន បើ​យើង​ប្រៀបធៀប​ការ​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​វា​អាច​អស់​ច្រើន​នៅ​ស្រុក​អណ្ដូងមាស»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ សហគមន៍​ភូមិ​តាំងម្លូ បាន​ថត​រូប​ប្រមាណ ២០​សន្លឹក​បង្ហាញ​ពី​ឈើ​មូល និង​ឈើ​ជ្រុង​ត្រូវ​បាន​ជនជាតិ​វៀតណាម កាប់ និង​ដឹក​ជញ្ជូន​ដោយ​ប្រើ​ពោង​ពោះវៀន​កង់​ឡាន​ធំៗ​ចង​ផ្អោប បណ្ដែត​ឆ្លង​ទន្លេ​ពី​ទឹក​ដី​ខ្មែរ​ចូល​ទៅ​ទឹក​ដី​វៀតណាម នៅ​ចន្លោះ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម និង​ផាសាវ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។