តំណាង​សហគមន៍​នៅ​ខេត្ត​កំពង់ឆ្នាំង​ថា​ដី​ព្រៃ​ប្រមាណ​១០០​ហិកតារ​ត្រូវ​បាន​គេ​ឈូស​ឆាយ

តំណាង​សហគមន៍​ព្រៃ​ឈើ​ស្ទឹង​ខ្សាច់​ស ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ចោទ​មន្ត្រី​ទាហាន​ក្នុង​ខេត្ត​ម្នាក់ ថា​បាន​ឈូស​បំផ្លាញ​ព្រៃ​ឈើ​អស់​ប្រមាណ ១០០​ហិកតារ។ ប៉ុន្តែ​មន្ត្រី​ទាហាន​រូប​នោះ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​តំណាង​សហគមន៍ ដោយ​បញ្ជាក់​ថា លោក​ជា​ម្ចាស់​គ្រឿងចក្រ គឺ​ស៊ី​ឈ្នួល​ឈូស​ឆាយ​ដី​ចម្ការ​ទៅ​តាម​បញ្ជា​របស់​ពលរដ្ឋ​ម្ចាស់​ដី​ប៉ុណ្ណោះ។

ភាព​មិន​ច្បាស់លាស់​លើ​ការ​បែង​ចែក​ដី​ព្រៃ​សហគមន៍ និង​ដី​កម្មសិទ្ធិ​ឯកជន​នៅ​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ បាន​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស និង​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

ប្រធាន​សហគមន៍​ព្រៃ​ឈើ​ស្ទឹង​ខ្សាច់​ស លោកស្រី ប៉ិញ អាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ដ្បិត​ផ្ទៃ​ដី​ព្រៃ​សហគមន៍ ១.៤៥៩,៥៧​ហិកតារ មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​កសិកម្ម ប៉ុន្តែ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ បាន​ទទួល​ស្គាល់​សហគមន៍​នេះ​រួច​ហើយ។ សព្វថ្ងៃ ផ្ទៃ​ដី​ព្រៃ​សហគមន៍​នេះ​លំបាក​គ្រប់គ្រង ដោយ​មាន​ជន​ខិលខូច​រំលោភ​យក។

លោកស្រី ប៉ិញ អាត បន្ថែម​ថា ដី​ព្រៃ​សហគមន៍​ប្រហែល ១០០​ហិកតារ​នៅ​ចំណុច​ខ្លុង​រលើង នៃ​ភូមិ​អញ្ចាញរូង ត្រូវ​ឈ្មួញ​លួច​ឈូស។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា មក មន្ត្រី​ទាហាន​ម្នាក់​ឈ្មោះ មាស សារ៉េត បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​នោះ​បន្ថែម​ទៀត ដោយ​ប៉ះពាល់​ទាំង​កូន​ឈើ​ធ្នង់ បេង និង​កូន​ដើម​គគីរ ដែល​ប្រជា​សហគមន៍​ខំ​នាំ​គ្នា​ដាំ​ជួស​កាល​ពី​ឆ្នាំ​២០១៣ នោះ​ទៀត​ផង៖ «ឥឡូវ​កម្លាំង​ខ្ញុំ​ទៅ​ឃ្លាំ​មើល​ហ្នឹង​ថា គេ​កំពុង​ឈូស! សំណូមពរ​ឲ្យ​អភិបាល​ខេត្ត និង​មន្ទីរ​អធិការកិច្ច ចុះ​ជួយ​អន្តរាគមន៍​នៅ​កន្លែង​ហ្នឹង​ផង ព្រោះ​អី​កន្លែង​ហ្នឹង​មិន​ជា​ដី​ចម្ការ​អី​ទេ ជា​ដី​ព្រៃ​សុទ្ធ។ ឈ្មោះ មាស ឌី ធ្លាប់​ឆ្លើយ​បង្វែរ​ថា ប្រជាពលរដ្ឋ​ជួល​ឈូស ហើយ​ពួក​គាត់​ច្រឡំ តែ​តាម​ពិត​ដី​ព្រៃ​ហ្នឹង​ជា​ដី​សហគមន៍»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​យោធា និង​ជា​មេការ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​ខ្លុង​រលើង លោក មាស សារ៉េត ហៅ ឌី ថា​ពលរដ្ឋ​ដែល​មាន​ដី​នោះ​បាន​ជួល​ឲ្យ​លោក​ឈូស​ឆាយ គឺ​មាន​បង្កាន់ដៃ​កាន់​កាប់​ខ្លះ​តាំង​ពី​ឆ្នាំ​១៩៩៩ និង​ខ្លះ​នៅ​ឆ្នាំ​២០០៨ ហើយ​លោក​ធ្វើ​ទៅ​តាម​ផ្ទៃដី និង​ការ​ចង្អុល​បង្ហាញ​របស់​ម្ចាស់​ដី​ប៉ុណ្ណោះ។ លោក​ថា បច្ចុប្បន្ន​លោក​កំពុង​ឈូស​ឆាយ​ឲ្យ​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ ដែល​មាន​ផ្ទៃដី​ប្រមាណ ៣០​ហិកតារ​នៅ​ចំណុច​ខ្លុង​រលើង៖ «បង​អ្ហែង​ស្មាន​ថា​ទម្លាក់​គ្រឿងចក្រ​ទៅ​ឈូស​បាន គេ​ចាប់ និង​មាន​រឿង​ឥឡូវ! តែ​បើ​ម្ចាស់​គេ​ពិត​ប្រាកដ ម្ចាស់​គេ​ត្រឹមត្រូវ មេ​ឃុំ​គេ​មាន​និយាយ​អី​មួយ​ម៉ាត់ ចៅហ្វាយ​ស្រុក​ចុះ​ទៅ​មើល​ទៀត ព្រោះ​ដី​គេ​មាន​ពាក្យ​កាន់​កាប់​ត្រឹមត្រូវ។ ឥឡូវ​សួរ​សហគមន៍​ហ្នឹង​មើល មាន​ពាក្យ​កាន់​កាប់​អត់? ដែល​ហា​មាត់​ថា​របស់​សហគមន៍​នេះ»

មេ​ឃុំ​អញ្ចាញរូង លោក ប្លង់ វ៉ាត បញ្ជាក់​ថា កន្លង​ទៅ អាជ្ញាធរ និង​តំណាង​សហគមន៍​បាន​ចុះ​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ដែល​នៅ​សេសសល់​ពី​ការ​វាស់វែង​ជូន​ពលរដ្ឋ​ជាង ១.៤០០​ហិកតារ តាម​បទបញ្ជា​លេខ​០១ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល។ លោក​ទទួល​ស្គាល់​ថា ដី​ដែល​បាន​ឈូស​ឆាយ​នោះ ជា​កម្មសិទ្ធិ​របស់​ឯកជន​ដែល​មាន​លិខិត​កាន់​កាប់​ទទួល​ស្គាល់​ដោយ​មេ​ឃុំ​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។