ប្រធានាធិបតី​តួ​ក​គី ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​បី​ខែ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-21-2016, 7:39 pm         31

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​តួ​ក​គី ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​បី​ខែ​ប្រធានាធិបតី​តួ​ក​គី បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​បី​ខែ ជាការ​ឆ្លើយតប​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច កាលពី​ថ្ងៃទី​១៥ ខែ​កក្ដ​ដា​។ ជាមួយ​ការប្រកាស​នេះ រដ្ឋាភិបាល​តួ​ក​គី នឹងមាន​អំណាច​កាន់តែ​ច្រើន​បន្ថែមទៀត ដែល​អាច​កម្រិត​សិទ្ធិសេរីភាព​ប្រជាជន និង​អនុវត្ត​ច្បាប់​ផ្សេងៗ​ដោយ​មិនចាំបាច់​ឆ្លង​សភា ខណៈ​ការ​បោសសម្អាត កំពុង​បន្តធ្វើ​យ៉ាង​សស្រាក់សស្រាំ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ នៅ​ថ្ងៃទី​២០ ខែកក្កដា លោក​ប្រធានាធិបតី Recep Tayyip Erdogan បានប្រកាសថា តួ​ក​គី នឹង​ត្រូវដាក់​ក្នុងស្ថានភាព​មាន​អាសន្ន​រយៈពេល​បី​ខែ នៅ​ខណៈដែល​ការវែកមុខ​រក​អ្នកពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ត្រូវបាន​ពង្រីក​ទី​គ្រប់កន្លែង និង​ស្ថាប័ន​ទាំងអស់​។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​Erdogan ជួបប្រជុំ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រួចមក​។

​ថ្លែង​ពី​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​អង់កា​រ៉ា ប្រធានាធិបតី Erdogan និយាយថា ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន គឺជា​រឿង​ចាំបាច់ ដើម្បី​បោសសម្អាត​ឲ្យ​ឆាប់រហ័ស នូវ​សមាសភាព​អង្គការ​ភេរវកម្ម ដែល​នៅ​ពីក្រោយ​ការ​ប៉ុន​ប៉ុង​ធ្វើ​រដ្ឋប្រហារ​។ លោក បន្ថែមថា រដ្ឋាភិបាល​របស់លោក នឹងមាន​សិទ្ធិ​ចាត់ការ​វិធានការ​ចាំបាច់ ប្រឆាំងនឹង​អ្នកគាំទ្រ​រដ្ឋប្រហារ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​លើសពីនេះ ប្រធានាធិបតី​តួ​ក​គី​រូបនេះ​បញ្ជាក់ដែរថា បញ្ញត្តិ​ថ្មី​នេះ មាន​គោលបំណង​តែមួយគត់ គឺ​ទប់​ទល់នឹង​ការគំរាមកំហែង​ពី​ភេរវជន​ចំពោះ​តួ​ក​គី​។ ប​ញ្ញ​ត្តី​ថ្មី នឹង​អនុ​ញ្ញ​ត​ឲ្យ​រដ្ឋាភិបាល រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន ប្រសិនបើ​យល់ឃើញថា មានការ​ចាំបាច់​។ ហើយ​ប្រធានាធិបតី និង​គណៈរដ្ឋមន្ត្រី ក៏មាន​សិទ្ធិ​អនុម័ត​ច្បាប់​ដោយ​មិនចាំបាច់​មានការ​យល់ព្រម​ពី​សភា​ផងដែរ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Erdogan ក៏​ប្រកាស​ដែរ​ថា យោធា នឹងត្រូវ​បោសសម្អាត​ទៀតផង​។ មិនមែន​ត្រឹមតែ​មន្ត្រី​យោធា​ទេ មន្ត្រី​ស៊ីវិល គ្រូបង្រៀន​សាកលវិទ្យាល័យ ក៏​ស្ថិតក្រោម​ការចាប់ខ្លួន និង​សួរចម្លើយ​ដែរ​។ នៅ​ថ្ងៃទី​២០ ខែកក្កដា​ដដែល​នោះ អ្នកស្រាវជ្រាវ​ជាតិ​តួ​ក​គី​ទាំងអស់ ត្រូវ​ហាមឃាត់​ចាក​ចេញពី​ប្រទេស ដោយ​មន្ត្រី​តួ​ក​គី​អះអាងថា ជា​វិធានការ​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​អ្នកពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ រត់ចេញ​ក្រៅប្រទេស​។​

​នៅមុន​ការប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​បន្តិច ប្រធានាធិបតី Erdogan និយាយ​ដែរ​ថា ការ​បោសសម្អាត មិនទាន់​បញ្ចប់​ទេ ហើយ​លោក​ជឿថា មាន​បរទេស នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​។ មួយវិញទៀត លោក​បាន​ទាត់​ចោលការ​លើកឡើងថា លោក​ក្លាយជា​ជន​ផ្ដាច់ការ ហើយ​ប្រជាធិបតេយ្យ​តូ​ក​គី ស្ថិតក្រោម​ការ​គំរាម​។ លោក​ឆ្លើយ​វិញ​ថា តួ​ក​គី នឹង​នៅតែ​អនុវត្ត​របប​សភានិយម ហើយ​តួ​ក​គី មិន​ឃ្លាតឆ្ងាយ​ពី​ផ្លូវ​នេះ​ទេ​៕