ស្ត្រី​ឈ្មួញ​ឈើ​ឈ្មោះ ហេង សំនៀង (​ហៅ​យាយ​ព្រឿង​) នោម​ច្រាស​ដាក់បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ទប់ស្កាត់ និង​បង្ក្រាប​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម​


ខេត្តស្ទឹងត្រែង​៖ ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ប្រចាំខេត្ត​ស្ទឹងត្រែង​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង​នៅតែ​ប្រកបមុខរបរ​ប្រមូល​ទិញ និង​ដឹកឈើ​ប្រណីត​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​មិនដែល​ខាន​ឡើយ​ហើយ​កន្លងមក​បើទោះជា​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​ខ្លះៗ​ក៏ដោយ ក៏​ស្ត្រី​ឈ្មួញ​ឈើ​ម្នាក់នេះ​ស្ថិតនៅ​ក្រៅ​សំណាញ់​ច្បាប់​ហើយ​មានមុខ​រកស៊ី​បទល្មើស​នេះ​ដដែល​។ ករណីនេះ​ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ក្រោម​ការដឹកនាំ​របស់ លោក ឈាង តុលា ជា​អ្នកផ្តល់​ភ្លើង​ខៀវ​បើកដៃ​ឲ្យ​យាយ​ព្រឿង​ជួញដូរ​ឈើ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​លាភសក្ការៈ​។

​ប្រភពពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា យាយ​ព្រឿង​ជា​ជនជាតិ​វៀតណាម​មិនសូវ​ចេះ​និយាយ​ភាសា​ខ្មែរ​ក៏ពិតមែន ប៉ុន្តែ​យាយ​ព្រឿង​មាន​ដៃជើង​ជួយ​ជ្រោមជ្រែង​គ្រប់​ប្រភេទ ទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ កម្លាំងប្រដាប់អាវុធ និង​អ្នកកាសែត​ទូរទស្សន៍​មួយចំនួន​ក៏​សុទ្ធតែ​ត្រូវបាន​យាយ​ព្រឿង​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​សម្របសម្រួល​ការងារ​ក្នុងការ​ដឹកជញ្ជូន​ឈើ​របស់គាត់​ឲ្យ​មាន​ភាពរលូន​ល្អ​ចៀស​ផុតពី​ឧបសគ្គ​ផងដែរ​។ ភាពជោគជ័យ​នោះ​ដោយសារ​យាយ​ព្រឿង​បានរៀបចំ​កញ្ចប់​លុយ​បង់​ខែ​បិទមាត់​រហូតដល់​ម្នាក់ៗ​ជួយ​ការពារ និង​ចាត់ទុក​យាយ​ព្រឿង​ជា​ឆ្នាំងបាយ​មិនអាច​ខ្វះ​បាន​។ ប្រភព​បាន​បញ្ជាក់ថា យាយ​ព្រឿង​បានធ្វើ​ជំនួញ​ឈើ​តាម​អំពើ​ចិត្ត​បើទោះជា​មានការ​រឹ​ត្ត​បន្តឹង ពី​សំណាក់​គណៈ​ក​ម្មាករ​ទប់ស្កាត់ និង​បង្ក្រាប​ការរត់ពន្ធ​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏ដោយ​។​

មានការ​បង្ហើប​ពី​សមត្ថកិច្ច​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា ក្រោយពេល​ផ្អាក​មួយរយៈ​ដោយសារ​កម្លាំង​អាវុធ ហត្ថ​បង្ក្រាប​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​២​គ្រឿង​នៅក្នុង​ខេត្តក្រចេះ​កន្លងមក​ថ្មីៗ​នេះ ឥឡូវនេះ​ឈ្មួញ ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ខេត្តក្រចេះ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ពុំមាន​ឧ​ប​ស័គ្គ​អ្វី​ទាំងអស់​។ ប្រភព​បានបញ្ជាក់​ឲ្យ​ដឹងថា លើក​នេះ​យាយ​ព្រឿង មិន​ចេញមុខ​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង​ផ្ទាល់​តទៅទៀត​ទេ គឺ​មេ​ឈ្មួញ​រូបនោះ​បាន​ប្រើប្រាស់​មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤​ម្នាក់​ឈ្មោះ សន សឿន ឲ្យ​ធ្វើជា​អ្នករត់​ការបើកផ្លូវ​ចាប់ពី​ខេត្តស្ទឹងត្រែង រហូតដល់​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

ប្រភព​បាន​បន្ត​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​យាយ​ព្រឿង បាន​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​តួ​រី​ស​ពី​៥​ទៅ​៦​រថយន្ត​ចេញពី​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ គឺ​បើក​កាត់​តាម​មុខ​ស្នាក់ការ​សន្តិសុខ​៧១០​អូរ​ព្រះ​, ស្នាក់ការ​សន្តិសុខ​៧០៨​ស្រែ​ស្បូវ​, ស្នាក់ការ​សន្តិសុខ​៧០៧​ស្វាយ​ជ្រះ និង​ឆ្លង​កាត់មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ជាច្រើន​កន្លែង​ផងដែរ ក៏ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​របស់​យាយ​ព្រឿង​ឡើយ ទីបញ្ចប់​រថយន្ត​ដឹកឈើ​ប្រណីត​ឆ្លង​ព្រំដែន​ច្រករបៀង នៃ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​យកទៅលក់​នៅ​វៀតណាម​យ៉ាង​រំភើយ ប៉ុន្តែ​ប្រសិនបើ​មិន​បង់ប្រាក់​ជូន​សមត្ថកិច្ច​ទាំង​នោះទេ​រថយន្ត​ដឹកឈើ​របស់​យាយ​ព្រឿង​កុំ​សង្ឃឹម​ឆ្លងកាត់​ទឹកដី​ខេត្ត​មួយណា​រួច​នោះ​។ ដូច្នេះ​យាយ​ព្រឿង​គ្រាន់តែ​ជា​មេមាន់​នៅក្នុង​ទ្រុងគ្រាន់តែ​សមត្ថកិច្ច​មិន​ចង់ស៊ី​មេមាន់​គឺ​គ្រាន់តែ​ទុក​ឲ្យ​ពង​ចែកគ្នា​ឆី​តែប៉ុណ្ណោះ​៕

KA-21-07-2016-01

ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ប្រចាំខេត្ត​ស្ទឹងត្រែង​ឈ្មោះ ហេង សំនៀង (ហៅ​យាយ​ព្រឿង​)

KA-21-07-2016-02 KA-21-07-2016-03