ដុត​កង់​ឡាន​ប្រឆាំង​អាជ្ញាធរ ឈូស​ឆាយ​ធ្វើ​ផ្លូវ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​១​គ្រួសារ បាន​នាំ​គ្នា​តវ៉ា​ដោយ​ដុត​កង់​រថយន្ត​ប្រឆាំង​គ្រឿងចក្រ​របស់​អាជ្ញាធរ ដែល​បាន​ឈូស​ឆាយ​បើកផ្លូវ​នៅ​តំបន់​អភិវឌ្ឍន៍​ខណ្ឌឫស្សីកែវ​។ ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា  នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​លោក រ័​ត្ន ស៊ា ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ បាន​ធ្វើការ​ចោទប្រកាន់​មក​លើ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​កាង​ឲ្យ​គេ​ចាក់​ដី​រំលោភ​លើ​ដី​របស់​គាត់​។

លោក  រ័​ត្ន ស៊ា បាន​ឲ្យ​ដឹង​ថា ដី​របស់​គាត់​មាន​ប្រមាណ ៧.០០០​ម៉ែត្រ​ការេ ស្មើនឹង​១៣​ឡូ​តិ៍ ដែល​គាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ​។ លុះ​ក្រោយមក​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ បាន​យក​ដី​នោះ​បង្កើត​ជា​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ លក់​ទៅ​ឲ្យ​មន្ត្រីរាជការ​ជាន់​លើ​ដី​របស់​គាត់ ហើយ​គាត់​បាន​ប្តឹង​ទៅ​តុលាការ កាត់​ឲ្យ​៩​ឡូ​តិ៍  តែ​នៅ​ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​ដោះស្រាយ​ឲ្យ​គាត់​តែ​២​ឡូ​តិ៍ ហើយ​នៅ​ផ្លូវ​ក្រោយ​ដែល​គាត់​មិន​អាច​ទទួលយក​បាន​នោះ​ទេ​។ លោក រ័​ត្ន ស៊ា បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ស្រាប់តែ​អាជ្ញាធ​ខណ្ឌឫស្សីកែវ​បាន​យក​គ្រឿងចក្រ​មក​ឈួ​ស​ឆាយ រំលោភ​លើ​ដី​របស់​គាត់ ទើប​គាត់​នឹង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ដុត​កង់​ឡាន​តវ៉ា​តែ​ម្តង​។

ចំណែក​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ មិន​បាន​ចាក់​ដី​រំលោភ ឬ​ការពារ​ឲ្យ​គេ​ចាក់​ដី​នោះ​ទេ គឺ​ចុះ​ទៅ​ឈូស​ឆាយ​បើកផ្លូវ​លេខ​១៨០២ និង​១៧១៩​ទេ​។​អាជ្ញាធរ​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា កន្លង​ទៅ​អាជ្ញាធរ​ក៏​បាន​ចុះ​ទៅ​ដក​បង្គោល ម្តង​មក​ហើយ​ដែល​លោក រ័​ត្ន ស៊ា បាន​លួច​បោះបង្គោល​នៅ​លើ​ដី​អភិវឌ្ឍន៍​ឫស្សី​កែវ រំលោភ​លើ​ដី​ឡូ​តិ៍​លេខ ១,២,៤  ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ទ្រី ហេង  និង​កម្មសិទ្ធិ​ឈ្មោះ​ម៉​ម ដូង​សុ​ជាតិ  ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ត្រឹមត្រូវ​។ បន្ទាប់​ពី​មានការ​ដុត​កង់​ឡាន នៅ​ព្រឹក​នោះ លោក រ័​ត្ន ស៊ា ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សាលា​ខណ្ឌឫស្សីកែវ​សួរនាំ​ផង​ដែរ​៕