អភិរក្ស​ថ្ម​កំពុង​ជួសជុល​ចម្លាក់ថ្ម​ចម្រឹង​បង្អួចនៅ​ប្រាសាទអង្គរវត្ត​ផ្នែកខាងជើង​

6 Videos


ក្រុមអ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណ វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងជួសជុលចម្រឹងបង្អួចនៅរោងទងទី២ផ្នែក ខាងជើងនៃប្រាសាទអង្គរវត្ត ។ ជាទូទៅស្ថានភាពចម្រឹងបង្អួចទាំងអស់នៅប្រាសាទអង្គរវត្ត ពុំមានភាពរឹងមាំល្អឡើយ ចម្រឹងខ្លះពុកផុយនិងសឹករិចរិលដោយអន្លើៗ ឯខ្លះទៀតបានបាក់ និងបាត់បង់ទាំងស្រុង ។

អភិរក្ស​ថ្ម​កំពុង​ជួសជុល​ចម្លាក់ថ្ម​ចម្រឹង​បង្អួចនៅ​ប្រាសាទអង្គរវត្ត​ផ្នែកខាងជើង​

P9

អភិរក្ស​ថ្ម​កំពុង​ជួសជុល​ចម្លាក់ថ្ម​ចម្រឹង​បង្អួចនៅ​ប្រាសាទអង្គរវត្ត​ផ្នែកខាងជើង​

ក្នុងដំណាក់កាលដំបូងនៃការសិក្សាលើស្ថានភាពចម្រឹងបង្អួចនៅរោងទងទី ២ ផ្នែកខាងក្នុងគឺមានសរុបចំនួន ១៤៩ ស៊ុមស្មើនឹង ១០៣៩ ចម្រឹង ក្នុងនោះបានបង្ហាញពី ការខូចខាតខ្លាំងប្រមាណជា ២១% ខូចខាតមធ្យម ១៦% និង ខូចតិចតួចចំនួន ៣៩% ។ ចម្រឹងបង្អួចចំនួន ១ ដើមស្ថិតនៅរោងទងទី២ផ្នែកខាងជើងក្បែររួតបាកានបានធ្លាក់បាក់ កាលពីពាក់កណ្តាលឆ្នាំ ២០១៥ កន្លងទៅ ដោយមូលហេតុនៃការវិវត្តន៍តាមធម្មជាតិរបស់ថ្ម និង ចម្រឹងបង្អួច ១ ទៀតស្ថិតនៅរង ទី ២ ផ្នែកខាងត្បូងបានធ្លាក់បាក់ដែលបង្កឡើងដោយភ្ញៀវទេសចរ ។

អភិរក្ស​ថ្ម​កំពុង​ជួសជុល​ចម្លាក់ថ្ម​ចម្រឹង​បង្អួចនៅ​ប្រាសាទអង្គរវត្ត​ផ្នែកខាងជើង​

ដើម្បីអភិរក្សប្រាង្គប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌពិភលោក អ្នកជំនាញវ័យក្មេងផ្នែកកិច្ចការអភិរក្សថ្មចំនួន ១៩ នាក់មកពីនាយកដ្ឋាននានានៃអាជ្ញាធរអប្សរា និង អាជ្ញាធរព្រះ វិហារ បានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យប៉ាឡែមរបស់ប្រទេសអ៊ីតាលី ដោយ មានកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

អភិរក្ស​ថ្ម​កំពុង​ជួសជុល​ចម្លាក់ថ្ម​ចម្រឹង​បង្អួចនៅ​ប្រាសាទអង្គរវត្ត​ផ្នែកខាងជើង​

លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការ បានលើកឡើងថា ក្នុងគម្រោងជួសជុលពង្រឹងចម្រឹងបង្អួចនៅប្រាសាទអង្គរវត្តនេះ ដោយមើលឃើញតាមរយ:ការសិក្សាអំពីស្ថានភាពកំពុងទ្រុឌទ្រោមនៃចម្រឹង បង្អួចទាំងអស់នៅប្រាសាទអង្ករវត្ត ដែលប្រឈមនឹងគ្រោះថ្នាក់នាពេលបច្ចុប្បន្ន គួបផ្សំនឹងមានការធ្លាក់បាក់បែកចម្រឹងបង្អួចមួយចំនួនកន្លងទៅទើបនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរា ផ្តើមនូវការសិក្សាហើយបានអនុវត្តជាគម្រោងនេះឡើង ដោយមានការចូលរួមពីអ្នកកបច្ចេកទេសផ្នែកអភិរក្សថ្ម ដែលធ្លាប់បានទទួលការបណ្តុះបណ្តាលកន្លងមក ។

អភិរក្ស​ថ្ម​កំពុង​ជួសជុល​ចម្លាក់ថ្ម​ចម្រឹង​បង្អួចនៅ​ប្រាសាទអង្គរវត្ត​ផ្នែកខាងជើង​

លោក សយ សុភារិន្ធ អ្នកបច្ចេកទេសអភិរក្សថ្ម បានពន្យល់ថា ការជួសជុលចម្រឹង បង្អួចដែលកំពុងអនុវត្តនេះត្រូវចំណាយពេលប្រហែល៦ខែទើបបញ្ចប់ក្នុងនោះមានកិច្ចការសម្អាតជាតិស្លែ សំអាតជាតិអំបិលលើផ្ទៃថ្ម និង ពង្រឹងសាច់ថ្មឡើងវិញដើម្បីទប់ស្កាត់ការរបេះធ្លាក់បន្តទៀត ។ ការជួសជុលថ្មត្រូវប្រើពេលវេលាសន្សឹមៗតាមដំណាក់កាលនៃបច្ចេកទេសនិមួយៗ ។ សកម្មភាពជួសជុលពេលនេះគឺជាជំហានទី ១ សម្រាប់ការងារជួសជុលចម្រឹងបង្អួចនៅប្រាសាទអង្គរវត្តដែលបានធ្វើឡើងលើស៊ុមបង្អួចំនួន ៦ ស៊ុម ក្នុងនោះមានចម្រឹងបង្អួចចំនួន ៣៤ចម្រឹងត្រូវបានទទួលការជួសជុលពង្រឹងឡើងវិញ ។

អភិរក្ស​ថ្ម​កំពុង​ជួសជុល​ចម្លាក់ថ្ម​ចម្រឹង​បង្អួចនៅ​ប្រាសាទអង្គរវត្ត​ផ្នែកខាងជើង​

សម្រាប់ដំណាក់កាលបន្ទាប់ក្រុមការងារនឹងគ្រោងបន្តជួសជុលចម្រឹងបង្អួចនៅរោងទងទី ២ ដែលតាមការប៉ាន់ស្មានត្រូវប្រើពេលជួសជុលចំនួន ១២ ខែ ៕

                                                                                  សុថាត់