លោក ត្រាំ​៖ អាមេរិក គ្មាន​សិទ្ធិ​ទៅ​បង្រៀន​គេឯង​ឡើយ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-21-2016, 9:59 pm         484

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ត្រាំ​៖ អាមេរិក គ្មាន​សិទ្ធិ​ទៅ​បង្រៀន​គេឯង​ឡើយ​​បន្ទាប់ពី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ពី​គោលជំហរ​របស់លោក ទាក់ទិន​នឹង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់ខ្លួន នៅពេល​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ បេក្ខជន​រូបនេះ ទំនងជា​មិន​ដាក់​សម្ពាធ​អ្វី​លើ​សម្ព័ន្ធមិត្ត ដែល​ប្រកាន់​របប​ផ្ដាច់ការ ឲ្យ​ផ្លាស់ប្ដូរ​ឥរិយាបថ​អ្វី​ឡើយ ហើយ​លោក​នឹង​ផ្ដោតលើ​ការដោះស្រាយ​បញ្ហា​កើតឡើង​នៅ​អាមេរិក​ច្រើនជាង​បញ្ហា​ខាងក្រៅ​ស្រុក​។​

​នៅក្នុង​កិច្ចសម្ភាសន៍​មួយ បេក្ខជន​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ពី​បញ្ហា​ជាច្រើន ដោយ​រាប់ទាំង​បញ្ហា​ក្នុងស្រុក និង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់ខ្លួន ដែល​រួមទាំង​ណា​តូ​ផងដែរ​។ លោក ត្រាំ បាន​និយាយ​នៅ​ថ្ងៃទី​២០ ខែកក្កដា ថា ប្រសិនបើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី លោក​នឹងមិន​ដាក់​សម្ពាធ​លើ​តួ​ក​គី ឬ​សម្ព័ន្ធមិត្ត​កាន់​របប​ផ្ដាច់ការ ដែល​រំលោភបំពាន​ប្រជាជន​នោះឡើយ​។ លោក​បន្តថា អាមេរិក ត្រូវ​ដោះស្រាយ​បញ្ហា​ខ្លួនឯង​សិន មុននឹង​ទៅ​ផ្លាស់ប្ដូរ​ឥរិយាបថ​អ្នកដទៃ​។​

​ក្នុងការ​សន្ទនា​នៅ​សណ្ឋាគារ បេក្ខជន​ប្រធានាធិបតី​រូបនេះ​អះអាងថា លោក​គិតថា អាមេរិក​មិនមាន​សិទ្ធិ​អ្វី​ទៅ​បង្រៀន​គេឯង​នោះទេ​។ ដោយ​លើកឡើង​ពីអ្វី​ដែល​កំពុង​កើតឡើង​នៅ​អាមេរិក លោក ត្រាំ លើក​ជា​សំណួរ​ថា​៖ «​តើ​ឲ្យ​ទៅ​បង្រៀន​គេ​យ៉ាងម៉េច នៅពេល​ប្រជាជន កំពុង​បាញ់សម្លាប់​គ្នា​យ៉ាងនេះ​?» នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន The New York Times​។

​ជាមួយគ្នា​នោះ សេដ្ឋី​អចលនទ្រព្យ​រូបនេះ ក៏​ប្រាប់​ឲ្យ​ប្រទេស​ផ្សេងទៀត ត្រូវ​រៀន​សម្រប​ខ្លួន​តាម​លោក​។ លោក​បកស្រាយ​ថា លោក​នៅតែ​បន្ត​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់ ប៉ុន្តែ​សម្ព័ន្ធមិត្ត​ទាំងអស់ ត្រូវ​បញ្ឈប់​កេងចំណេញ​លើ​ចិត្ត​ទូលាយ​របស់​អាមេរិក ដែល​ឥឡូវនេះ មិនមាន​ទៀត​ទេ​។ លើសពីនេះ លោក​បញ្ជាក់​ច្បាស់​ថា លោក​នឹង​លុបចោល​កិច្ចព្រមព្រៀង​ណា ដែល​លោក​យល់ថា មិន​អំណោយផល ក៏ដូចជា​បង្ខំ​ឲ្យ​សមាជិក​ណា​តូ ជួយ​រ៉ាប់រង​ថ្លៃ​ការពារ ដែល​អាមេរិក​ធ្លាប់​ចំណាយ​កន្លងមក​។

​ទាក់ទង​នឹង​ទំនាក់​ទំនងជា​មូ​យ​សម្ព័ន្ធ​យោធា​ណា​តូ​ដែរ លោក ដូ​ណា​ល់ ត្រាំ អះអាងថា លោក នឹង​ជួយ​ប្រទេស​ជា​សមាជិក​ណា​តូ ទាំង​២៨ ប្រសិន​មានការ​វាយប្រហារ​ពី​រុស្សី​។  ប៉ុន្តែ លោក​បានដាក់​លក្ខខណ្ឌ​ថា អាមេរិក​នឹង​ពិនិត្យ​ជាមុនសិន ថា​ប្រទេស​ទាំងនោះ បាន​បំពេញ​កា​ត្វ​កិច្ច​របស់ខ្លួន​ដល់​អាមេរិក​ឬទេ មុននឹង​ចេញទៅ​ជួយ​។ លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​ពួកគេ​បាន​បំពេញ​កា​ត្វ​កិច្ច​របស់​ពួកគេ​ហើយ ចម្លើយ​គឺ​អាមេរិក​នឹង​ជួយ​។

​លើសពីនេះ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នេះ បញ្ជាក់ទៀតថា លោក​នឹង​នយោបាយ «America First» គឺ​សំដៅ​គិតដល់​ផលប្រយោជន៍​អាមេរិក​មុនគេ​។ លោក​បាន​ព្រមាន​លុបចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង ជាមួយនឹង​កាណាដា និង​ម៉ិ​ក​ស៊ិ​ក ប្រសិនបើ​លោក​មិន​ទទួល​លក្ខខណ្ឌ​ល្អប្រសើរ​ទេនោះ​៕