អាវុធបរមាណូនៅប្រទេសទួរគីគ្មានសុវត្ថិភាព

ភាពចលាចលនៅក្នុងប្រទេសទួរគីដោយសារតែការធ្វើរដ្ឋប្រហារយោធាបានធ្វើឲ្យសុវត្ថិភាពរបស់ប្រទេសត្រូវបាត់បង់។ ទាំងនោះហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីអង្គការណាតូ ដែលមានផ្ទុកអាវុធបរមាណូជាច្រើននៅទីនោះ។

អាវុធបរមាណូនៅប្រទេសទួរគីគ្មានសុវត្ថិភាព

អាមេរិកបានរក្សាទុកគ្រប់បែកបរមាណូរហូតដល់ទៅ៥០គ្រាប់ប្រភេទ B61 នៅក្នុងឃ្លាំងស្ថិតក្នុងទីតាំងទ័ពអាកាស Incirlik ។ ការរក្សាគ្រាប់បែកនៅទីនោះរបស់អាមេរិកគឺដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី។

ហេតុការណ៍ខាងលើកើតឡើងបន្ទាប់ពីឧទ្ធម្ភាគចក្រចម្បាំងរហូតដល់ទៅ៤២គ្រឿងបានបាត់ពីឃ្លាំងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីការធ្វើរដ្ឋប្រហារសាជាថ្មីម្តងទៀតនៅក្នុងប្រទេសទួរគី។ អ្នកនាំពាក្យរដ្ឋាភិបាលទួរគីលោក SendarTuncer បាន ឲ្យដឹងថា ក្នុងឃ្លាំងអាវុធទាហានអាកាសរបស់ប្រទេសនេះមានឧទ្ធម្ភាគចក្រដល់ទៅ៤២គ្រឿងបាត់ពីឃ្លាំងគឺជាក្តីបារម្ភយ៉ាងខ្លាំងដែលអាចមានរដ្ឋប្រហារសាជាថ្មី។

ហេតុការណ៍ទាំងនោះបានធ្វើឲ្យមនុស្សជាច្រើនសង្ស័យថា នឹងមានការធ្វើរដ្ឋប្រហារក្នុងពេលដ៏ខ្លីខាងមុខ ។ អ្វីដែលគួរ ឲ្យបារម្ភនោះគឺទីតាំងយោធា Incirlik ក៏ ជាកន្លែងផ្ទុកអាវុធបរមាណូរបស់អាមេរិកនិងណាតូផងដែរ ។

អាវុធបរមាណូនៅប្រទេសទួរគីគ្មានសុវត្ថិភាព
អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមអ្នកធ្វើរដ្ឋប្រហារមានបំណងធ្វើអ្វីមួយនៅពេលខាងមុខ ក្រោយពួកគេធ្វើរដ្ឋប្រហារមិនបានសម្រេច ។ បច្ចុប្បន្នបើទោះបីរដ្ឋប្រហារដោយយោធាបរាជ័យតែស្ថានភាពនៅក្នុងប្រទេសទួរគីស្ថិតនៅក្នុងសភាពចលាចលអសន្តិសុខ ក្រោយពេលមានអ្នកស្លាប់រហូតដល់ទៅ២៦៥នាក់ និងជាង២.០០០នាក់រងរបួសភាគច្រើនជាពលរដេ្ឋស្លូតត្រង់។ ពលរដ្ឋស្លាប់ និងរងរបួសច្រើនដោយសារតែបានចុះទៅរារាំងការធ្វើរដ្ឋប្រហារតាមការអំពាវនាវរបស់ប្រធានាធិបតីអីុដូហ្គានដើម្បីបំផ្លាញបំណងធ្វើរដ្ឋប្រហារ។

មកទល់ពេលនេះរដ្ឋាភិបាលទីក្រុងអង់ការ៉ាបានចាប់ខ្លួនទាហានជាង៦ពាន់នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាច្រើនមានទាំងមន្ត្រីតុលាការទៀតផង សូម្បីតែទីប្រឹក្សាយោធាជាន់ខ្ពស់របស់លោកអីុដូហ្គានក៏នៅក្នុងក្រុមធ្វើរដ្ឋប្រហារនោះដែរ ។

ស្ថានភាពនៅក្នុងប្រទេសស្ថិតនៅក្នុងគ្រាអាសន្នដដែលក្រោយពេលប្រធានាធិបតី អីុដូហ្គាន បានអំពាវនាវដល់ពលរដ្ឋ ត្រៀមខ្លួនទប់ទល់នឹងសភាពការណ៍អាក្រក់បើមានរដ្ឋប្រហារជាថ្មីនោះ ។

ក្នុងពេលជាមួយគ្នានោះដែរក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសថា ទួរគី ស្ថិតនៅក្នុងភាពអសន្តិសុខហើយស្នើដល់អ្នកទេសចរកំុទៅកាន់ទីនោះខ្លាចក្រុមភេរវករឆ្លៀតឱកាសវាយប្រហារចំពេលមានចលាចល។ ការបាត់បង់ឧទ្ធម្ភាគចក្រនៅក្នុងឃ្លាំងផ្ទុកគ្រាប់បែកបរមាណូគឺជាក្តីបារម្ភបំផុតដោយឃ្លាំងអាវុធទាំងនោះធ្លាក់ចូលក្នុងដៃក្រុមអ៊ិស្លាម IS នឹងធ្វើឲ្យពិភពលោកមានវិនាសកម្មកើតឡើង៕

ប្រភព៖ Nokorwatnews