ឃាតកម្ម​លើ​បុរស​«អាវ​មាស»៖ ចាប់​ជន​សង្ស័យ​បាន​៤នាក់

បុរសជនជាតិឥណ្ឌាមួយរូប ដែលធ្លាប់ល្បីពេញលោកា ថាបានទិញអាវមាសសុទ្ធ តម្លៃរាប់សែនដុល្លារ យក​មក​ពាក់​នោះ ត្រូវ​បាន​មនុស្សមួយក្រុម មានគ្នា១២នាក់សម្លាប់ កាលពីចុញសប្ដាហ៍មុននេះ។ នគរបាលបាន​និយាយ​ថា ជន​សង្ស័យ​៤នាក់ ត្រូវ​បាន​ចាប់​ខ្លួន។
ឃាតកម្ម​លើ​បុរស​«អាវ​មាស»៖ ចាប់​ជន​សង្ស័យ​បាន​៤នាក់

លោក កាតា ភូច សេដ្ឋីខាងចងការប្រាក់មួយរូប នៅភាគខាងលិច នៃប្រទេសឥណ្ឌា ត្រូវបានជនល្មើស១២នាក់​សម្លាប់។ (រូបថតផ្តិតពីវីដេអូ)

មន្ត្រីនគរបាលតំបន់ បាននិយាយថា លោក ដាតា ភូច (Datta Phuge) សេដ្ឋីខាងចងការប្រាក់ដ៏ធំម្នាក់ និង​ជា​ម្ចាស់«អាវមាស» នៅរដ្ឋ «Maharashtra (រដ្ឋភាគខាងលិច នៃប្រទេសឥណ្ឌា)» ត្រូវបានជនដៃ​ដល់​ចំនួន​១២នាក់​សម្លាប់ ដោយប្រើដុំថ្ម និងកាំបិត កាលពីយប់ថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។

លោក ណាវនាត ហ្គរហ្គារ (Navnath Ghogare) អធិការនគរបាលតំបន់ បានថ្លែងឡើងថា៖ «បើតាមព័ត៌មាន​នៃការអង្កេត​ជំហានដំបូង លោក ភូច និងកូនប្រុសរបស់លោក ត្រូវបានអញ្ជើញដោយជនម្នាក់ ពីក្នុង​ចំណោម​ជន​ដៃដល់​ទាំងអស់ ដើម្បីចូលរួមក្នុងបុណ្យខួបកំណើតមួយ។ ពួកគេសុទ្ធតែស្គាល់គ្នា។»។

អធិការនគរបាល បានបន្តទៀតថា៖ «យ៉ាងណាក៏ដោយ យើងកំពុងសិក្សាអង្កេតតទៅទៀត ថាហេតុដូចម្ដេច និងតាម​មធ្យោបាយបែបណា ដែលលោក ភូច បានទៅដល់ទីកន្លែងកើតហេតុ រហូត​លោកត្រូវបាន​គេ​សម្លាប់​ដូច្នេះ»។ ទីកន្លែងកើតហេតុ ដែលខុសពីកន្លែងប្រារព្ធធ្វើបុណ្យខួបកំណើត (រូបភាពបង្ហាញ នៅក្នុងវីដេអូ​ខាង​ក្រោម)។

អាជ្ញាធរបានអះអាង ក្នុងពេលភ្លាមៗថា ជនសង្ស័យបួននាក់ត្រូវបានឃាត់ខ្លួន។ មកដល់ពេលនេះ គេបាន​សង្ស័យ​ថា មូលហេតុដែលឈានទៅដល់ឃាតកម្ម អាចបណ្ដាលមកពីប្រាក់ជំពាក់ ដែលក្រុមជនដៃដល់ បានខ្ចី​ពី​លោក ដាតា ភូច​ ហើយទំនងជាលោក ភូច បានព្យាយាមទារពីពួកគេ នៅនឹងកន្លែង។

ប៉ុន្តែប្រសិនជាសារព័ត៌មានធំៗ នៅបស្ចឹមលោក បានចាប់អារម្មណ៍លើករណីឃាតកម្ម លើលោក ដាតា ភូច ក៏ព្រោះ​តែលោកធ្លាប់ល្បីល្បាញ និងមានឈ្មោះបោះសម្លេង នៅពាសពាញពិភពលោក បន្ទាប់ពីលោក​បាន​ទិញ​«អាវមាស»​មួយ​សម្រាប់ តម្លៃ ២៥០ ០០០ ដុល្លាអាមេរិក (ប្រមាណជា ២២៥ ០០០ អ៊ឺរ៉ូ) ដែលត្រូវ​បាន​កាត់ដេរ​យ៉ាង​ពិសេស តម្រូវតាមចិត្តប្រាថ្នារបស់លោក តាំង​ពីឆ្នាំ​២០១៣។

អាវមាស​ដ៏អស្ចារ្យ មានទម្ងន់៣,៣២គីឡូគ្រាម តម្រូវឲ្យជាងកាត់មានគ្នា ១៥នាក់ និងបានប្រើរយះពេល ១៦​ថ្ងៃ។ ជាមួយ​នឹង​អាវនេះ លោក ភូច ទទួលបានរហស្សនាម ថាជា«មនុស្សមាស» ដែលជារហស្សនាម នៃក្ដី​សុបិន្ត​របស់​លោក​មួយ តាំងពីយូរមកហើយ។ លោកធ្លាប់អះអាង ប្រាប់បណ្ដាញទូរទស្សន៍អង់គ្លេស «BBC» ថា​លោក​ចូលចិត្ត«មាស» និងសប្បាយចិត្ត ដោយគេបានហៅលោក តាមអ្វីដែលជាចំណូលចិត្តរបស់លោក។

លោក ភូច បានថ្លែងនៅពេលនោះថា៖ «មនុស្សខ្លះ បានសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំពាក់មាស ជាប់​នឹង​ខ្លួន​ច្រើន​ម្លេះ? តែនេះ វាជាក្ដីសុបិន្តរបស់ខ្ញុំ។»។

យ៉ាងណាក៏ដោយ ក៏លោក ដាតា ភូច អតីតអ្នកចងការប្រាក់ ធ្លាប់បានអះអាងថា មិនបានពាក់​«អាវមាស»​របស់​លោក ដើម្បី​ចេញដើរ​ នៅជារៀងរាល់​​ពេល​​នោះ​ដែរ។ លោក ដាតា ភូច បានពាក់វា នៅក្នុងតែ​កម្មវិធី​ពិសេសៗ​ប៉ុណ្ណោះ។ លោកបានពន្យល់​ប្រាប់​ទូរទស្សន៍ «BBC» ទៀតថា៖ «មនុស្សណាក៏ដោយ តែង​មាន​បំណង​​ប្រាថ្នា​​របស់​​ខ្លួន​ផ្សេងៗគ្នា។ អ្នកមាន​ប្រាក់​ខ្លះ ចង់​​បាន​​រថយន្ដ​ប្រភេទ ដូចយ៉ាង "Audi" ឬ "Mercedes" និង​មាន​​លក្ខណៈ​ទំនើប​ធំៗ  មកជិះ។ សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​​ជ្រើសរើស​យក​"មាស"។»។

ជាការរំលឹកឡើងវិញ បុរសអាវមាស មិនមែនមានតែលោក ដាតា ភូច តែម្នាក់នោះទេ។ សេដ្ឋីជាតិឥណ្ឌា​ម្នាក់​ទៀត ក៏បានបង្អួត​អាវ​មាស​មួយ​សម្រាប់ ទំងន់បួនគីឡូក្រាមដូចគ្នា កាលពីខែសីហា ឆ្នាំ២០១៤កន្លងទៅ នៅ​ក្នុង​ឱកាស​​នៃ​បុណ្យ​​ខួប​កំណើត​របស់ខ្លួន៕

------------

» អត្ថបទដែលទាក់ទង៖ ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន

» របាយការណ៍ជាវីដេអូ របស់ទូរទស្សន៍ក្នុងស្រុក ទាក់ទងនឹងឃាតកម្មលើលោក ដាតា ភូច៖