U16កម្ពុជា និងថៃ ត្រូវបានទម្លាក់ដោយក្រុមវៀតណាម និងអូស្រ្តាលី

ក្រុមមានប្រភពចេញពីពូលBជាមួយគ្នាគឺU16ជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ជើងឯក៣សម័យកាលថៃ សុទ្ធតែបានចាញ់នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF U16 Championship 2016 កាលពីម្សិលមិញដូចគ្នា ខណៈពួកគេមិនអាចយកឈ្នះក្រុមខ្លាំងទាំង២មកពីពូលA គឺក្រុមវៀតណាម និងអូស្រ្តាលី បាននោះ។

mm1

ក្រុមថៃ បានចាញ់ក្រុមអូស្រ្តាលី ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ បន្ទាប់ពីក្រុមទាំង២បានស្មើគ្នា ៣-៣ នោះ។ បើទោះបីជាការប្រកួតនេះ អូស្រ្តាលី លេងបានល្អ និងរកបានគ្រាប់បាល់មុននៅនាទីទី២៨ ដោយកីឡាករ Louis Joseph Darrigo តែ Peerapat Kaminhtong របស់ថៃ បានវាយបកបាន២គ្រាប់នាំមុខវិញ គឺនៅនាទីទីបន្ថែម ៤៥+៣ និងនាទីទី៤៩។

mm2

ខ្សែប្រយុទ្ធ John Roberts បានជួយឲ្យក្រុមអូស្រ្តាលី តាមស្មើវិញ នៅនាទីទី៥៦ តែ Korawich Tasa បានជួយឲ្យថៃ នាំមុខ ៣-២ នៅនាទីទី៦២ និងអូសបន្លាយរហូតដល់នាទីទីបន្ថែម ប៉ុន្តែ John Roberts បានស៊ុតចូល១គ្រាប់នៅនាទីទីបន្ថែម៩០+១ ដើម្បីធ្វើឲ្យក្រុមទាំង២ឈានដល់ការទាត់បាល់ប៉េណាល់ទី កាត់សេចក្តីការចាញ់ឈ្នះ ខណៈការប្រកួតអត់មានថែមម៉ោងនោះ។

mm3

នៅក្នុងដំណាក់កាលដ៏រន្ធត់នោះ សមាជិកក្រុមអូស្រ្តាលីទាំង៥នាក់ បានស៊ុតចូលទាំងអស់ ដើម្បីយកឈ្នះក្រុមថៃ ៥-៣ ខណៈខ្សែប្រយុទ្ធ Korawich Tasa បានស៊ុតគ្រាប់បាល់ទី៣ទៅប៉ះបង្គោលទីនោះ។

mm4

ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា បានធ្វើការងារយ៉ាងធ្ងន់ ដើម្បីទប់ទល់ជាមួយក្រុមដ៏ខ្លាំងរបស់វៀតណាម នៅក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ នាយប់ម្សិលមិញនោះដែរ ប៉ុន្តែការស៊ុតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Nguyen Khac Khiem នៅនាទីទី២៨ បានជួយឲ្យក្រុមវៀតណាម ឈ្នះក្រុមកម្ពុជា ១-០ ដើម្បីឡើងទៅជួបក្រុមអូស្រ្តាលី នៅវគ្គផ្តាច់។ រីឯក្រុមកម្ពុជា ត្រូវវិលទៅដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយក្រុមថៃ ដែលនឹងត្រូវធ្វើនៅថ្ងៃសៅរ៍ ខាងមុខនេះ៕

mm5
mm6

The post U16កម្ពុជា និងថៃ ត្រូវបានទម្លាក់ដោយក្រុមវៀតណាម និងអូស្រ្តាលី appeared first on CamboSport.