កូន​ក្មេង​ក៏​ស្គាល់​អារម្មណ៍​ស្រឡាញ់​ឬ​មិន​ស្រឡាញ់​ដែរ

ការ​ពិត​ទៅ មិន​មែន​មាន​តែ​មនុស្ស​ធំ​ទេ​ដែល​ស្គាល់​អ្វី​ទៅ​ស្រឡាញ់​ អ្វី​ទៅ​មិន​ស្រឡាញ់​ ​​សូម្បី​តែ​កូន​ក្មេង​រៀន​ថ្នាក់​ទី​បី​ក៏​ដឹង​អារម្មណ៍​នេះ​ដែរ។

កាល​នោះ​ខ្ញុំ​រៀន​ថ្នាក់​ទី​៧ ហើយ​នាង​រៀន​ថ្នាក់​ទី​បី​ បើ​គិត​ទៅ​គឺ​អាយុ​ប្រហែល​៨-៩​ឆ្នាំ​អី​ហ្នឹង។ នាង​នៅ​ជាប់​ផ្ទះ​យាយតា​ខ្ញុំ​ឯ​បាសិទ្ធិ​​។ ចំណែក​ខ្ញុំ​នៅ​ភ្នំពេញ​ តែ​ប៉ា​ម៉ាក់​ខ្ញុំ​ឧស្សាហ៍​ទៅ​លេង​ផ្ទះ​យាយ​តា​ណាស់ ស្ទើរ​តែ​រាល់​អាទិត្យ​ទៅ​ហើយ។

អ្នក​ផ្ទះ​យាយតា​ខ្ញុំ​​និង​អ្នក​ផ្ទះ​នាង​ រាប់​អាន​គ្នា​ស្និទ្ធស្នាល​ក្នុង​នាម​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ។ ចាស់ៗ​ស្រឡាញ់​គ្នា​ពេក​ ទើប​យាយ​ខ្ញុំ​ឧស្សាហ៍​ព្រលយ​សម្ដី​ដាក់​ប៉ា​ម៉ាក់​នាង​ថា​ គាត់​ចង់​បាន​នាង​ជា​ចៅ​ប្រសា​។ ពេល​នោះ​ខ្ញុំ​ចង់​ភ្ញាក់​នឹង​យាយ​របស់​ខ្ញុំ​​ទៀត​ដែល​ និយាយ​បែប​នេះ​មុខ​ខ្ញុំ​ មុខ​ប៉ា​ម៉ាក់​នាង​ ហើយ​ពី​មុខ​នាង​ទៀត។

ខ្ញុំ​ជា​ក្មេង​អៀនប្រៀន​ច្រើន​ តែ​នាង​​ពេល​នោះ​​ដូច​ជា​មិន​ទាន់​ដឹង​អី​នៅ​ឡើយ​ទេ គឺ​នៅ​លេង​បាញ់​ឃ្លី​ជាមួយ​ប្អូន​ប្រុស​ខ្ញុំ​​អាយុ​៦​ឆ្នាំ​​​។ ក្មេង​ស្រី​តែ​ចូល​ចិត្ត​លេង​ល្បែង​ក្មេង​ប្រុស។

តាំង​ពី​ពេល​នោះ​មក​ យាយ​ខ្ញុំ​ហៅ​នាង​ថា​ចៅ​ប្រសា​ពេញ​ៗ​មាត់​ ទាំង​ដែល​ខ្ញុំ​និង​នាង​មិន​សូវ​និយាយ​រក​គ្នា​ឡើយ។ នាង​និយាយ​​រក​ខ្ញុំ​​ តែ​ពេល​ដែល​នាង​ចង់​លេង​ជាមួយ​ប្អូន​ប្រុស​ខ្ញុំ​ប៉ុណ្ណោះ។

ថ្ងៃ​មួយ​ខ្ញុំ​មិន​បាន​ទៅ​លេង​ផ្ទះ​យាយតា​ទេ គឺ​ទៅ​តែ​ប៉ា​ម៉ាក់​និង​ប្អូន​ប្រុស​ប៉ុណ្ណោះ។ ស្អែក​ព្រឹក​ឡើង​ ទើប​ពួក​គាត់​ត្រឡប់​មក​វិញ​ ឯ​ប្អូន​ប្រុស​ខ្ញុំ​ក៏​ដក​ក្រដាស​សៀវភៅ​បត់​ឆ្មូល​ញ៉ុក​មួយ​ ចេញ​ពី​ហោប៉ៅ​វា​ ហើយ​ប្រាប់​ថា​ នាង​ផ្ញើ​មក​ឱ្យ​ខ្ញុំ​។

ខ្ញុំ​ឆ្ងល់​ថា​ជា​ក្រដាស​អី? ពេល​មិន​ទាន់​លា​មើល​ ខ្ញុំ​គិត​ថា​ប្រហែល​ជា​រូប​គំនូរ​ ព្រោះ​ឮ​ល្ហៀងៗ​ថា​នាង​ចូលចិត្ត​គូរ​រូប។ តែ​ពេល​បើក​មើល​ តាម​ពិត​ជា​សំបុត្រ​សោះ! ខ្ញុំ​មិន​បាន​ចាំ​គ្រប់​ពាក្យ​ពេចន៍​ក្នុង​សំបុត្រ​នោះ​ទេ គ្រាន់​តែ​ចាំ​ន័យ​រួម​ថា «នាង​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ សុំ​ខ្ញុំ​កាត់​ចិត្ត​ទៅ​!»។

 

កូន​ក្មេង​ក៏​ស្គាល់​អារម្មណ៍​ស្រឡាញ់​ឬ​មិន​ស្រឡាញ់​ដែរ(រូបតំណាង)

 

ខ្ញុំ​អាន​ហើយ​ សើច​មិន​ចេញ​ យំ​មិន​ចេញ​ តែ​ហួស​ចិត្ត​! អក្សរ​ក្នុង​សំបុត្រ​នោះ​មិន​ស្អាត​នោះ​ទេ តែ​រឿង​ពីរ​យ៉ាង​ដែល​ខ្ញុំ​សរសើរ​នាង ទី​មួយ​គឺ​អក្ខរាវិរុទ្ធ​នាង​សរសេរ​ត្រូវ​ស្ទើរ​មួយ​រយ​ភាគ​រយ។ ទី​ពីរ​គឺ​ទើប​តែ​ថ្នាក់​ទី​បី​សោះ​ ចេះ​សរសេរ​សំបុត្រ​ស្នេហា​ បដិសេធ​ស្នេហ៍​ ទាំង​ដែល​ខ្ញុំ​មិន​ដែល​ទៅ​សុំ​ស្នេហ៍​នាង​ម្ដង​ណា​សោះ! គ្រប់​យ៉ាង​គឺ​ចាស់ៗ​ចេះ​តែ​បង្អាប់​​ក្មេង​ៗ​លេង។

អង្គុយ​ឆ្ងល់​ថា​ កូន​ហ្នឹង​មើល​រឿង​ច្រើន​ពេក​មិន​ដឹង? ទើប​អាយុ​ប៉ុណ្ណឹង​សោះ ចេះ​អី​ណា…
តាំង​ពី​​បាន​សំបុត្រ​នោះ​មក​ ខ្ញុំ​មិន​សូវ​ទៅ​លេង​​ផ្ទះ​តា​យាយ​ទេ ទោះ​ទៅ​ម្ដង​ម្កាល​ក៏​មិន​ដែល​ឃើញ​នាង​ដែរ ព្រោះ​ឱ្យ​តែ​ឮ​ថា​ខ្ញុំ​មក​លេង​​នាង​ដឹង​តែ​គេច​មុខ​ សូម្បី​តែ​ប្អូន​ខ្ញុំ​ក៏​នាង​មិន​មក​លេង​ជាមួយ​ដែរ​។

ពេល​ខ្ញុំ​រៀន​ថ្នាក់​ទី​៩ ជា​អកុសល​ លោក​យាយ​បាន​ចែក​ឋាន​ ហើយ​តា​បាន​លក់​ដី​នៅ​បាសិទ្ធ​ ហើយ​គាត់​បាន​មក​រស់​នៅ​ជាមួយ​​ប៉ាម៉ាក់​នៅ​ភ្នំពេញ។ ដូច្នេះ​​​៧​ឆ្នាំ​មក​នេះ​ខ្ញុំ​មិន​បាន​ឃើញ​នាង​​សូម្បី​តែ​ម្ដង!
ការ​ពិត​ទៅ​ខ្ញុំ​មិន​បាន​ស្រឡាញ់​នាង​អី​នោះ​ទេ ហើយ​សូម្បី​តែ​​នឹក​នាង​ ចង់​ឃើញ​នាង​ក៏​មិន​ដែល​ដែរ!

តែ​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ ខ្ញុំ​អាន​ខ្ញុំ​អត្ថបទ​មួយ​របស់​ Sabay ទាក់​ទង​នឹង​រឿង​សរសេរ​សំបុត្រ​សារភាព​ស្នេហ៍​​ដាក់​កន្ត្រក​កង់​ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ក្មេង​ស្រី​នោះ! ឥឡូវ​ប៉ុនណា​ណី​ហើយ​ក៏​មិន​ដឹង មិន​ដែល​អើត​សូម្បី​តែ​ម្ដង។

ខ្ញុំ​ចង់​ប្រាប់​ថា​ខ្ញុំ​ហួស​ចិត្ត​ នឹក​ឃើញ​ពេល​ណា​សើច​ពេល​ហ្នឹង!

 

ខ្ញុំ​ជឿ​ថា​គេ​នឹង​ផ្លាស់​ប្ដូរ​ តែ​ទី​បំផុត…

អត្ថបទ៖ លៀង​​​​​​​​​

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា