ប៉ែន សុ​ផា​នី អាជីព​លូតលាស់ ខណៈ​បេះដូង​កំព្រា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ប៉ែន សុ​ផា​នី នៅ​តែ​សកម្ម​ក្នុង​អាជីព​សិល្បៈ​ជា​តួអង្គ​ម្តាយ ឬ​តួអង្គ​ផ្សេង​ទៀត​ទៅ​តាម​វ័យ​របស់​ខ្លួន ។ អ្នក​នាង​ប៉ែន សុ​ផា​នី តែងតែ​ទទួល​បានការ​អញ្ជើញ​ឲ្យ​ចូលរួម​សម្តែង​ពី​បណ្តា​ផលិតកម្ម​នានា​សម្រាប់​ភាពយន្ត​បញ្ចាំង​ក្នុង​រោង និង​ភាពយន្ត​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ។ បើ​សម្លឹង​មើលទៅ​លើ​កញ្ចក់​ទូរទស្សន៍​វិញ​អ្នក​នាង​ប៉ែន សុ​ផា​នី បង្ហាញមុខ​ក្នុង​ភាពយន្ត​ស្ទើរតែ​គ្រប់​ប៉ុស្តិ៍ ។

ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​សម្តែង​ថ្ពាល់ខួច​ប៉ែន សុ​ផា​នី ឲ្យ​ដឹង​ថា ជាង​កន្លះ​ឆ្នាំ​២០១៦​នេះ នាង​ចូលរួម​សម្តែង​ភាពយន្ត​ជាង​១០​រឿង​ហើយ ក្នុង​នោះ​ទើបតែ​បញ្ចប់​ចំនួន​៤​រឿង នៅ​សល់​តែ​មួយ​ចំនួន​ទៀត ។ ខ្សែភាពយន្ត​ទាំងនោះ ដូច​ជា​រឿង «​កូន​សម្លាញ់​» «​ភ្លៀង​មួ​យ​តក់​» «​ពិស​ឫស្យា​» និង​រឿង «​ចៅ​ប្រសា​ក្លែងក្លាយ​» ជាដើម ។ បើ​ប្រៀបធៀប​គឺ​ឆ្នាំ​នេះ​កើន​ច្រើន​ជាង​មុន​ចំពោះ​ការ​ចូល​សម្តែង​ភាពយន្ត​របស់​អ្នក​នាង​ប៉ែន  សុ​ផា​នី ។

អ្នក​នាង​ប៉ែន សុ​ផា​នី និយាយ​ថា «​ប្រាក់​ចំណូល​យើង​កើន​ឡើងជា​លំដាប់ ព្រោះ​កុន​ខ្មែរ​មាន​បញ្ចាំង​រហូត ។ ដោយសារ​តែ​ទីផ្សារ​ភាពយន្ត​យើង​កក្រើក​ជាង​មុន ជឿនលឿន របស់របរ​ថត​ក៏​ល្អ​ជាង​មុន​ដូច​ស្រុក​គេ​ទាំងអស់​។ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់​ការ​ថត​ភាពយន្ត​ក្នុង​រឿង នីមួយ​ៗ​ក៏​សុំ​ឡើងថ្លៃ​តាម​ហ្នឹង​ដែរ ព្រោះថា ត្រូវ​ទិញ​គ្រឿងអលង្ការ សម្លៀក​បំពាក់ គ្រឿង​ម្សៅ ក្រែ​ម ល្អ​ៗ សម​តាម​សម័យកាល ដោយ​ភាគច្រើន​តួអង្គ​របស់​នាង​ខ្ញុំ​ជា​ជំទាវ លោកស្រី អ្នក​ធូរធារ រស់នៅ​ផ្ទះ​ស្កឹមស្កៃ ទើប​យើង​ត្រូវ​រៀបចំ​ខ្លួន​បែប​ណា​ឲ្យ​សម​ឋានៈ ទោះជា​នោះ​ជា​ការ​សម្តែង​ក៏​ដោយ ។

កន្លង​មក​មិនមែន​ឲ្យ​តែ​ចេញ​ថត​ចេះ​តែ​បាន​លុយ​មក​វិញ ចំណេញ​នោះ​ទេ មានរឿង​ខ្លះ​ថត​ទៅ​បាន​តែ​រួចខ្លួន ឬ​ស្ទើរតែ​មិន​ចំណេញ​ដែរ ព្រោះ​ថត យូរ​ៗ​ពេក ។ ការ​ទទួល​បាន​តម្លៃ​ការ​សម្តែង​ទាំង​រឿង​ដុំ និង​រឿង​ភាគ​ទៅ​តាម​ការ​ចរចារ​រវាង​នាង​ខ្ញុំ និង​ម្ចាស់​ផលិតកម្ម ណាមួយ​យើង​ជា​តួ​គេ​ស្គាល់​យូរ​មក​ហើយ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​» ។

អ្នក​នាង​ប៉ែន សុ​ផា​នី នៅ​តែ​មិន​ទាន់​បើក​ចិត្ត​ទទួលយក​ស្នេហា​ជាមួយ​បុរស​ណា​ទៀត​ទេ បើ​ទោះ​កន្លង​មក​នាង​ជំពប់​ស្នេហ៍​ជាមួយ​បុរស​មួយ​ចំនួន​ក្តី ដោយ​នាង​ចាត់​ទុក​វា​គ្រាន់តែ​ជា​រឿង​កើតឡើង​តាម​និស្ស័យ​ប៉ុណ្ណោះ ។ អ្នក​នាង​សុ​ផា​នី​ប្រហែលជា​មិន​គិត​រឿង​រៀប​ការ​ទៀត​ទេ ក្រៅពី​ខិតខំ​ពង្រឹង​មុខរបរ​រាល់ថ្ងៃ​ឲ្យ​ល្អ ៕