ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ដោយ​មាន​បាតុភូត​ធម្មជាតិ​រន្ទះបាញ់​ចំ​ស្ត្រី​ម្នាក់​ដែល​កំពុង​ងូតទឹក និង​បោក​សម្លៀក​បំពាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​សំយាបផ្ទះ ។

មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ហូ​វ សុខ​ហេង អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។ ខណៈ​មេឃ​កំពុង​តែ​បង្អុរ​ភ្លៀង ស្ត្រី​រង​គ្រោះ​បាន​ចេញ​មក​ងូតទឹក និង​បោក​សម្លៀក​បំពាក់​នៅ​ខាងក្រៅ​ផ្ទះ​នៅ​ខាងក្រោម​ទរ​បង្ហូរ​ពីលើ​ដំបូល ស្រប​ពេល​នោះ​ស្រាប់តែ​រន្ទះ​បាន​បាញ់​មក​ចំ​ស្ត្រី​រង​គ្រោះជា​ហេតុ​បណ្តាល​ឲ្យ​ដួល​ដេក​ទៅ​លើ​ដី​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង ។

មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​មក​បុរស​ជា​ប្តី​បាន​រត់​ចេញ​មក​ក្រៅ​មើលឃើញ​ពី​ហេតុការណ៍​ប្រពន្ធ​ស្លាប់​ក៏​បាន​ទ្រហោ​រយំ ហើយ​បាន​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ។ ក្នុង​ពេល​នោះ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក បាន​ចុះ​ទៅ​ពិនិត្យ​សព​ឃើញ​មាន​ស្នាម​ខ្មៅ​រោល​ត្រង់​ក និង​ខ្លួនប្រាណ ដោយសារ​តែ​ត្រូវ​រន្ទះបាញ់ ចំណែក​ខ្សែ​ក​ដែល​ពាក់​នៅ​នឹង​ក​ត្រូវ​បាន​ជ្រុះ​ដាច់​ជា​កំណាត់​ៗ ៕