ពី​ល្ងាច​ឈ្លោះ​គ្នា យប់​ឡើង​មាន​គេ​លួច​ដុត​ខ្ទេច

រាជធានីភ្នំពេញ ៖ អណ្តាតភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ​ខ្មួលខ្មាញ់​ចេញពី​រទេះ​លត​ឆា​មួយ​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​ទ​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​កំពង់ចម្លង​អរិយ​ក្សត្រ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដែល​ត្រូវ​គេ​សង្ស័យ​ថា​មាន​អ្នក​លួច​ដុត ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គឺ​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ មានការ​ឈ្លោះ​គ្នា​រវាង​បងប្អូន​អ្នកលក់​ប្រហិត​ចៀន លត​ឆា នៅ​ជិត​កំពង់ចម្លង​អរិយ្យ​ក្សត្រ រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​វាយតប់​គ្នា​បណ្ដាល​ឲ្យ​បែក​របស់របរ​ជា​ច្រើន ហើយ​ក៏​ស្ងប់​ទៅ​វិញ​ទៅ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ត្រូវ​គេ​វាយ​ខ្ទេចខ្ទី​របស់របរ​រួច​មក ម្ចាស់​រទេះ​លក់​លត​ឆា ប្រហិត​ចៀន​បាន​គ្រប​រទេះ​ចោល មិន​មាន​ធ្វើការ​លក់ដូរ​ទេ ។ ស្រាប់តែ​នៅ​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​មានការ​ផ្អើល​ឆោឡោ​រទេះ​ឆេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រទេះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចតុមុខ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រកមុខ​អ្នក​ដែល​លួច​ដុត​រទេះ​ដើម្បី​ឲ្យ​ចេញ​សង​ថ្លៃ​ខូចខាត និង​ជំងឺ​ចិត្ត​ដល់​ម្ចាស់​រទេះ​វិញ ៕