រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១​លាន​៥​សែន​ហិកតា​ដល់​ក្រុមហ៊ុន​ឯកជន​ និពន្ធដោយ : ញ៉ុង​ ហេង       July-22-2016, 9:00 am         48

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១​លាន​៥​សែន​ហិកតា​ដល់​ក្រុមហ៊ុន​ឯកជន​ភ្នំពេញ​៖ រដ្ឋាភិបាល​បានផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង​១,៥​លាន​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន​ចំនួន ២២៣ ដែល​កំពុង​ប្រតិបត្តិការ​គម្រោង​របស់​ខ្លួន ក្នុង​ខេត្ត​ចំនួន​១៨ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​។​

​របាយការណ៍​បង្ហាញថា ខេត្តក្រចេះ​មាន​ទំហំ​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើនជាងគេ គឺ​ជាង​២៧​ម៉ឺន​ហិកតា ស្មើ​៤៦​ក្រុមហ៊ុន បន្ទាប់មក​ខេត្តរតនគិរី​មាន​ចំនួន​ជិត​១៧​ម៉ឺន​ហិកតា ស្មើ ២៧​ក្រុមហ៊ុន បន្ទាប់មកទៀត​គឺ​ខេត្តស្ទឹងត្រែង​មាន​ប្រមាណ​ជាង ១៦​ម៉ឺន​ហិកតា ស្មើ ៩​ក្រុមហ៊ុន​។

​ក្នុងចំណោម​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនេះ ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​, ស្វាយចន្ទីរ​, ឈើ​ម៉ៃសាក​, ច័ន្ទ​គ្រឹ​ស្នា​, ដំឡូង​មី​, ល្ហុង​ប្រេង​, ម្រេច​, អំពៅ​, ដូងប្រេង​, អាកាស្យា និង ប្រេងខ្យល់​។​

​របាយការណ៍​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ ក្រុមហ៊ុន​ក្នុងស្រុក​មាន​ចំនួន ១២៦ បន្ទាប់មក​ក្រុមហ៊ុន​វៀតណាម​មាន​ចំនួន ៤៣ ហើយ​ក្រុមហ៊ុន​ចិន​ឈរ​នៅ​លេខ​រៀង​ទី​៣ មាន​ចំនួន ២៧​ក្រុមហ៊ុន​។​

រីឯ​ចំណូល​ថ្លៃឈ្នួល​ដី​សម្បទាន​ទាំងនេះ រដ្ឋាភិបាល​ប្រមូលបាន​ប្រមាណ​ជាង ១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥​។ ហើយ​បើ​គិត​ត្រឹម​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ចំណូល​នេះ​គឺមាន​ចំនួន​ប្រមាណ ៦០​ម៉ឺន​ដុល្លារ​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ដែល​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២១​ខែកក្កដា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​។

យោងតាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ត្រូវ​បង់​តម្លៃ​ឈ្នួល​ប្រចាំឆ្នាំ​ចំនួន ៥​ដុល្លារ​ក្នុង​មួយ​ហិកតា​នៃ​ដី​ដែល​បាន​ឈូសឆាយ ដែល​ចាប់ផ្ដើម​គិតពី​ឆ្នាំ​ទី ៦ ហើយ​តម្លៃ​ត្រូវ​កើន ១ ភាគរយ​ក្នុង​មួយឆ្នាំ​ចាប់​គិតពី​ឆ្នាំ​ទី ៧ តទៅ​។ រដ្ឋាភិបាល​បាន​បន្ថយ​រយៈពេល​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​ពី ៧០​ឆ្នាំ​មក​នៅត្រឹម​៥០​ឆ្នាំ​៕