គ្រោះ​យន្ដហោះ MH17៖ ក្រុមហ៊ុន​នឹង​ផ្ដល់​សំណង​ឲ្យ​គ្រួសារ​រង​គ្រោះ

ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) នឹងផ្ដល់សំណងជាប្រាក់ ទៅ​ឲ្យ​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​យន្ដហោះ «MH17» នៅកណ្ដាល​លំហរ​មេឃ​ខាង​កើត នៃ​ប្រទេស​អ៊ុយក្រែន កាល​ពីឆ្នាំ​២០១៤។
គ្រោះ​យន្ដហោះ MH17៖ ក្រុមហ៊ុន​នឹង​ផ្ដល់​សំណង​ឲ្យ​គ្រួសារ​រង​គ្រោះ

ប្រភេទយន្ដហោះ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

ទោះជាគ្រោះថ្នាក់យន្ដហោះ កើតឡើងនៅក្នុងមូលហេតុ ឬកាលៈទេសៈបែបណាក៏ដោយ តែក្រុមហ៊ុន​អាកាសចរណ៍ ត្រូវតែជាអ្នកទទួលខុសត្រូវ ទៅលើការចេញសំណង ទៅឲ្យគ្រួសាររបស់អ្នកដំណើរ ដែល​ជាជនរងគ្រោះ។ នេះ បើគេរំលឹកឡើងវិញ ពីអនុសញ្ញាក្រុងម៉ុងរ៉េអាល់ (Montréal) ឆ្នាំ​១៩៩៩។

ហើយវាជាអ្វី ដែលក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) បានសម្រេចចិត្​បង់សំណងនេះ ទៅឲ្យក្រុមគ្រួសារភាគច្រើន នៃអ្នកដំណើរ ដែលបានរងគ្រោះ ក្នុងហេតុការណ៍​ធ្លាក់​យន្ដហោះ ព្រោះកាំជ្រួចមួយដើម បាញ់ចេញពីតំបន់មួយ ក្នុង​ភាគ​ខាងកើតប្រទេសអ៊ុយក្រែន កាលពី​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។

ទូរទស្សន៍របស់ប្រទេសហូឡង់ ឈ្មោះ «NOS» បានបង្ហើបឲ្យបានដឹងថា ក្រុមហ៊ុនបានរកឃើញ​ការ​យល់ព្រម «សង និងទទួលសំណង» ជាមួយក្រុមគ្រួសារ នៃជនរងគ្រោះភាគច្រើន ពីក្នុងចំណោម​ជន​រង​គ្រោះ ចំនួន​២៩៨នាក់ ដែលបានអស់ជីវិត នៅក្នុងការបាញ់បំផ្ទុះយន្ដហោះ បន្ទាប់ពីយន្ដហោះ​បាន​ហោះ ពីលើ​តំបន់​ប្រទាញ​ប្រទង់ រវាងកងទ័ពនៃប្រទេសអ៊ុយក្រែន និងក្រុមនិយមបំបែកទឹកដី ដែលស្និតនឹង​ប្រទេស​​រ៉ូស្ស៊ី។ អ្នក​ដំណើរ​មួយ​ចំនួន​ធំ នៅលើយន្ដហោះនោះ ជាជនជាតិហូឡង់។

បើតាមអនុសញ្ញាក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​១៩៩៩ ដោយ​ប្រទេសជាច្រើន (ជាពិសេសប្រទេស ដែលមានប្រព័ន្ធអាកាសចរណ៍ ជាលក្ខណៈ​អន្តរជាតិ) បាន​ចែង​ថា ក្រុមហ៊ុនអាកាសចរណ៍ ត្រូវផ្ដល់ការលើកទឹកចិត្ត (ឬសំណង) ជាទឹកប្រាក់​ដែល​មាន​​ចំនួន​រហូត​ដល់ ១៥០ ០០០ដុល្លារអាមេរិក (ឬ១៣០ ០០០អ៊ឺរ៉ូ) ទៅឲ្យគ្រួសារនៃអ្នកដំណើរ ដែល​បាន​រង​គ្រោះ​​បាត់បង់​ជីវិត នៅ​ពេល​មាន​គ្រោះថ្នាក់​ធ្លាក់យន្ដហោះ ទោះជាគ្រោះថ្នាក់នោះ​បណ្ដាល​មកពី​មូលហេតុ ឬ​​កាលៈទេសៈ​អ្វី​ក៏​ដោយ។

របាយការណ៍ស៊ើបអង្កេតមួយ​របស់ប្រទេសហូឡង់ បានអះអាងថា យន្ដហោះស៊ីវិលដឹក​អ្នកដំណើរ​មួយ​នេះ ត្រូវ​បានបាញ់ទម្លាក់ ដោយកាំជ្រួចបាញ់ចេញពីតំបន់មួយ ដែលស្ថិតក្រោមការគ្រប់គ្រង របស់​ក្រុម​និយម​​បំបែក​​ទឹកដី​​អ៊ុយក្រែន។ ប៉ុន្តែរបាយការណ៍នោះ នៅមិនទាន់អះអាង ថានរណាម្នាក់ ឬក្រុម​ណា​មួយ ជាអ្នក​​ទទួល​​ខុស​ត្រូវ ក្នុង​ការ​បាញ់​កាំជ្រួចនេះនៅឡើយ។ យ៉ាងណា សម្រាប់ប្រទេសរ៉ូស្ស៊ីវិញ បាន​ប្រកាស​ច្រាន​​ចោល​​ការ​​រក​ឃើញ​នោះ និង​បានចាត់ទុករបាយការណ៍ ថាត្រូវបានសរសេរឡើង ដើម្បី​បង្កាច់​​បង្ខូច​​ប្រទេសរ៉ូស្ស៊ី៕

--------------

» អានរបាយការណ៍នោះឡើងវិញ៖ MH17៖ ​«កាំជ្រួច​រ៉ូស្សី» ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់