Barcelona ព្រមព្រៀងជាមួយ Valencia ដើម្បីចុះហត្ថលេខាជាមួយ Gomes

ក្លិប Barcelona បានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Valencia ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Andre Gomes។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបមានមូលដ្ឋាននៅ Catalonia មួយនេះកាលពីថ្ងៃព្រហស្បតិ៍។ ខ្សែបម្រើប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Real Madrid និង Manchester United ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលពីររដូវកាលដំបូងរបស់គេនៅឯក្លិប Valencia ក្រោយពីបានចូលរួមជាមួយនឹងពួកគេពីក្លិប Benfica។

Andre-Gomes-ft16

Barcelona បានឲ្យដឹងនៅលើបណ្តាញសង្គម Tweeter ថា៖ «យើងឈានដល់ការព្រមព្រៀងជាមួយនឹង Valencia សម្រាប់កីឡាករ Andre Gomes។ កីឡាកររូបនេះនឹងចុះហត្ថលេខា ហើយនិងត្រូវបង្ហាញខ្លួនកីឡាកររបស់ Barcelona នៅសប្តាហ៍ក្រោយ»។

Barcelona មិនបានប្រកាសប្រាប់ពីសេចក្តីលម្អិតផ្សេងទៀតអំពីការផ្ទេរនេះឡើយ ប៉ុន្តែ កាសែត Marca បានចេញផ្សាយថា Gomes នឹងចុះហត្ថលេខារយៈពេល៥ឆ្នាំ ហើយនិងត្រូវចូលរួមជាមួយនឹងម្ចាស់ជើងឯកអេស្ប៉ាញមួយនេះក្នុងតម្លៃខ្លួន៥០លានអឺរ៉ូ (ស្មើនឹង៥៥លានដុល្លារអាមេរិក)។

Gomes ដែលជាប់កិច្ចសន្យាជាមួយនឹងក្លិប Valencia រហូតដល់ខែមិថុនា ឆ្នាំ២០២០នោះ បានលេងក្នុងការប្រកួតលីក២៧លើកសម្រាប់ក្លិបនេះក្នុងយុទ្ធនាការឆ្នាំ២០១៥-២០១៦។ Gomes នឹងក្លាយកីឡាករចំណូលថ្មីទី៤របស់ Barcelona នៅដូវក្តៅនេះ ក្រោយពីការនាំយកកីឡាករ Samuel Umtiti, Denis Suarez និង Lucas Digne៕

ប្រភពព័ត៌មាន៖ The Guardian

The post Barcelona ព្រមព្រៀងជាមួយ Valencia ដើម្បីចុះហត្ថលេខាជាមួយ Gomes appeared first on CamboSport.