​អង្គុយ​មុខផ្ទះ​សុខៗ ក្រឡេកឃើញ​ប៉ូលិស​រត់​ចូល​ផ្ទះ

ខេត្តបាត់ដំបង​ ៖ បុរស​​ម្នាក់​​​​ត្រូវ​​​សមត្ថកិច្ច​ឃាត់​ខ្លួន​​​ភ្លាម​ៗ បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ធំ​ ហើយត្រូវជន​នោះ ​ព្យា​យាម​បោះចោល​​បំបាត់ភស្ដុតាង​នៅ​ក្នុង​ស្មៅ​ក្បែរ​​ផ្ទះ កាលពី​​​ថ្ងៃ​ទី​២១ ​កក្កដា ២០១៦ ​ស្ថិត​​ក្នុងភូមិ​​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ខេត្ត​បាត់ដំបង ។

​​ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ហ៊ុន កែវ ​​អាយុ​៤២​ឆ្នាំ ​មានទីលំនៅក្នុង​ភូមិ​-​ឃុំ​ខាង​លើ​ ។ ​ជន​នេះ​​បាន​បោះ​ថ្នាំ​ញៀន​ចោល​ទៅ​ក្នុង​ស្មៅ​​​ព្រៃ​នៅ​ខាងក្រោយ​ផ្ទះ ខណៈ​​ឃើញ​​កម្លាំង​សមត្ថកិច្ច​​ដែល​ជិះ​ល្បាត​ពេល​​ថ្ងៃ ។ ហើយត្រូវកម្លាំង​​​មានការ​សង្ស័យ ​ក៏​ចុះ​ពិនិត្យ​​ឆែកឆេរ ទើប​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​​ព​ណ៌​ខៀវ ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​។

បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ ជនសង្ស័យ​​បាន​សារភាព​​​ទ​ទូល​ស្គាល់​ថា ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​រក​ឃើញ​នោះ​ គឺជា​របស់​ខ្លួន​ ។ ជន​នេះ​​និយាយ​ថា ខ្លួន​បាន​លក់​ថ្នាំ​នោះ​អស់​ខ្លះ​ហើយ​ មុន​ពេល​សមត្ថកិច្ច​ចុះ​មក​ដល់​។  ប៉ុន្តែ​ភ្លាម​ៗ​ជន​នេះ​ មិន​បាន​និយាយ​ប្រាប់​អំពី​ប្រវត្តិ​នៃ​ការ​រកស៊ី​ជួញដូរ​ថ្នាំ​ញៀន​នេះ​ទេ​។

ដោយឡែក​ សមត្ថកិច្ច​ដែល​តែង​​តាម​ឃ្លាំមើល​​សកម្មភាព​ជន​​នេះ បាន​ប្រាប់​ថា ឈ្មោះ​ហ៊ុន កែវ នេះ​ ជា​មុខសញ្ញា​យ៉ាង​សកម្ម​បំផុត​ ក្នុង​​រប​រ​ជួញដូរ​ថ្នាំ​ញៀន តែ​ជន​នេះ​ហាក់​មានសំណាង​ចៀស​ផុត​ពី​សមត្ថកិច្ច​រហូត ទើប​លើក​នេះ​ជាប់អន្ទាក់​សមត្ថកិច្ច​​លើក​នេះ ​។

លោក​គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង​ បាន​បញ្ជាក់​ដែរ​ថា ជនសង្ស័យ​​ហាក់ដូចជា​អង្គុយ​ភ្លេចខ្លួន​​នៅ​ខាង​មុខ​ផ្ទះ លុះ​ឃើញ​សមត្ថកិច្ច​ជិះ​​ម៉ូតូ​តម្រង់​​ចូល​ផ្ទះ ស្រាប់តែ​ជន​នេះ​ ស្ទុះ​រត់​ចូល​ក្នុងផ្ទះ​​ ទៅ​យក​ថ្នាំ​ញៀន​បោះចោល​​ក្រៅ​ផ្ទះ ទើបត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្ដង។

លោក​​អធិការ​បាន​​បន្ថែម​ថា ពេល​នេះ​ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​សូរ​នាំ  និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​​។