ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រៃអង្គាស​ថវិកា​ជួយ​គ្រួសារ​លោក​បណ្ឌិត កែម ឡី

ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស រួមមាននៅសហរដ្ឋអាមេរិក ប្រទេសកាណាដា អូស្ត្រាលី និងប្រទេសមួយចំនួនទៀតនៅសហភាពអឺរ៉ុប បានរៃអង្គាសប្រាក់នៅតាមវត្តអារាមនានាក្នុងពិធីប្រារព្ធបុណ្យបង្សុកូលគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងមកនេះ ដើម្បីជួយដល់ក្រុមគ្រួសារសព។

ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងចំនួនពីរនៅប្រទេសអូស្ត្រាលី រៃអង្គាសបានថវិកាប្រមាណជាង ៤ម៉ឺនដុល្លារអូស្ត្រាលី សម្រាប់ជួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក្នុងនោះ សហព័ន្ធខ្មែរអូស្ត្រាលី ប្រចាំទីក្រុង មែលប៊ន (Melbourne) រៃអង្គាសថវិកាបានចំនួន ៣៥.០០០ដុល្លារអូស្ត្រាលី ចំណែកសហព័ន្ធខ្មែរ-អូស្ត្រាលីប្រចាំទីក្រុង អាឌឺលែដ (Adelaide) សហការជាមួយវត្តខ្មែរសន្តិភាព វត្តខ្មែរអាឌឺលែដ និងវត្តព្រះពុទ្ធមានជ័យ រៃអង្គាសថវិកាបានចំនួន ១២.០០០ដុល្លារអូស្ត្រាលី។

ចំណែកប្រជាពលរដ្ឋខ្មែរនៅរដ្ឋម៉ាសាឈូសេត (Massachusetts) រៃអង្គាសថវិកាបានជាង ២៦.០០០ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់គ្រួសាររបស់សព។ សហគមន៍ខ្មែររស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតុន ប្រមូលបានថវិកាជាង ៥ពាន់ដុល្លារ រដ្ឋ ណស្ស៍ ឃែរ៉ូឡាញណា (North Carolina) បានថវិកាចំនួនជាង ៥ពាន់ដុល្លារ នៅក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា បានថវិកាជាង ៤ពាន់ដុល្លារ។

សហគមន៍ខ្មែររស់នៅក្រុងហ្វ្រែស ស្ណូ (Fresno) រដ្ឋកាលីហ្វ័រញ៉ា (California) ក៏ប្រមូលបានថវិកាជិត ៤ពាន់ដុល្លារ។ នៅមានសហគមន៍ខ្មែរជាច្រើនទៀត ក៏បានរៃអង្គាសថវិកាជួយដល់ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ផងដែរ៕

ប្រភពៈ RFA


Related Posts