សព​លោក​បណ្ឌិត​ កែម ឡី​ មិនគួរ​ក្លាយជា​​អាជីវកម្ម​​របស់​​អ្នកនយោបាយ

ដោយសារតែលោកកែម ឡី គឺជាវិញ្ញូជនមួយរូប ម្ល៉ោះហើយគណបក្សមួយចំនួន តែងចង់បានលោក ដើម្បីបំពេញការងារ ក្នុងជួរបក្សរបស់ខ្លួន។ រហូតដល់ពេលខ្លះ មានទាំងការលាបពណ៌ថា លោកត្រូវ បានគណបក្សនេះទិញ ឬលោកបានចុះចូលជាមួយគណបក្សនោះជាដើម។ យ៉ាងណាក្ដី ក្រោយការ ស្លាប់របស់លោកកែម ឡី ក៏មានការចោទដាក់ ទំលាក់កំហុសឲ្យគ្នា រវាងអ្នកនយោបាយនិងអ្នកនយោបាយផងដែរ។ទិដ្ឋភាពនេះនៅមិនអាក្រក់ ដល់ការកេងចំណេញ ស្វែងរកប្រយោជន៍ ពីលើការស្លាប់របស់រូបលោក នៅឡើយទេ។

ព័ត៌មាននៃការស្លាប់របស់លោកកែម ឡី ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនិងជាអ្នកស្រាវជ្រាវសង្គម នៅមិនទាន់បាត់ក្ដៅស្លឹកត្រចៀកមហាជននៅឡើយ បើទោះបីជាហេតុការណ៍នេះបានកន្លងហួសទៅ២ថ្ងៃហើយក្ដី។ រហូតមកទល់ថ្ងៃទី១២ កក្កដា នេះ គេនៅតែឃើញប្រជាពលរដ្ឋដែលស្រលាញ់ចូលចិត្តលោក កែម ឡី នៅតែបន្តទៅចូលរួមពិធីបុណ្យសពដើម្បីគោរពវិញ្ញាណក្ខន្ធលោកកែម ឡី ដែលបានប្រារព្ធធ្វើនៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ត្រើយខាងកើត យ៉ាងច្រើនកកកុញមិនដាច់ផងដែរ។

យ៉ាងណាមិញបើក្រឡេកមកមើលទៅទិដ្ឋភាពក្នុងកម្មវិធីបុណ្យសព ក្រៅតែពីការឃើញនូវភាពសោកសៅ របស់គ្រួសារសព និងអ្នកចូលរួមគ្រប់មជ្ឈដ្ឋាន រាប់តាំងពីប្រជាពលរដ្ឋ បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ យុវជន សិស្សានុសិស្ស និងអ្នកសារព័ត៌មានជាដើមនោះ។ ក៏កើតមានសកម្មភាពមិនសមរម្យ និងជាការកេងចំណេញ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពីលើការស្លាប់របស់លោកកែម ឡីផងដែរ។

អ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ ចាប់ផ្តើមជេរប្រមាថ ទំលាក់កំហុស វិភាគនិងលើកឡើង តាមទំនោរនិយមរបស់ខ្លួន ដើម្បីចោទប្រកាន់ដល់ភាគីនយោបាយម្ខាងទៀត ការនេះមិនមែនជាការជជែកដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទេ តែប្រែជាការចង់ឈ្នះចង់ចាញ់ តាមរូបភាពស្វែងរកមូលហេតុនៃការស្លាប់របស់លោក។ ឯត្រឡប់មកទិដ្ឋភាពនៃពិធីបុណ្យសពវិញ រូបភាពកេងចំណេញនយោបាយ ក៏កើតមានផងដែរ នៅទីប្រារព្ធពិធី មានការស្រែករកយុត្តិធម៌ តែបានបង្កប់សារនយោបាយ ចេញពីឧគ្ឃោសនស័ព្ទ។ ការស្រែកទាមទារ ហ៊ោទះដៃ និងការស៊កសៀត នយោបាយ បានជំនួសឲ្យការផ្សាយនូវសំឡេង ធម៌ជូនដំណើរមនុស្សដែលបានចែកឋានទៅ។

ថ្វីត្បិតពលរដ្ឋដែលចូលរួមសុទ្ធតែចង់រកយុត្តិធម៌ ជូនលោកកែម ឡី ក៏ប៉ុន្តែការបញ្ឆេះកំហឹងនៅកាលៈទេសៈគឺជាការប្រមាថមើលងាយលើលោកកែម ឡីទៅវិញ។ ក្រៅពីនេះភាពប្រទាំងប្រទើស រើសអើងនយោបាយ ប្រកាន់បក្សពួក ក៏បង្កឲ្យមានភាពចលាចលផលដែរ កាលពីថ្ងៃចន្ទ។ លោកកែម ឡីគឺជាបុគ្គលឯករាជ្យ លោកឯករាជ្យ រហូតដល់អាចទំនាក់ទំនង គ្រប់គណបក្សនយោបាយ មិនមែនមានតែរដ្ឋាភិបាលទេ ដែលលោករិះគន់ សូម្បីតែគណបក្សប្រឆាំងក៏លោកធ្លាប់រិះគន់ផងដែរ។ ដូច្នោះការគោរព និងចូលរួមរំលែកទុក្ខ មិនគួរត្រូវបានរើសអើង ប្រកាន់បក្សពួក យ៉ាងជ្រុលនិយម យ៉ាងដូច្នេះទេ។

សម្រាប់លោក មាស នី ដែលជាអ្នកវិភាគពីបញ្ហាសង្គមមួយរូបបានលើកឡើងថា នៅក្នុងពិធីបុណ្យសពរបស់លោក កែម ឡី ប្រសិនបើមានការមកកេងចំនេញនយោបាយ របស់គណបក្សណាមួយនោះ លោកយល់ថា ជាការដែលមិនល្អនោះទេ ។ អ្នកវិភាគរូបនេះ បានឲ្យដឹងទៀតថា អ្វីដែលលោកកែម ឡី ចង់បានគឺលោកមិនចង់ឲ្យ មានការប្រកាន់បក្សពួកអ្វីទេ។ លោកថា ក្នុងនាមលោក កែម ឡី ដែលជា អ្នកវិភាគឯករាជ្យ កាលដែលលោកនៅរស់លោកតែងតែព្យាយាមទាក់ទងគ្រប់ គណបក្សនយោបាយដើម្បីរក្សានូវឯករាជ្យភាពរបស់ខ្លួន។

សំឡេង លោកមាស នី៖

ទាក់ទងនឹងរឿងរ៉ាវនៃការដេញក្រុមធី សុវណ្ណថា ពីសំណាក់ប្រជាពលរដ្ឋមួយខាងលើនេះដែរ ត្រូវបាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនៅលើទំព័រហ្វ៊េសប៊ុកកាលពីថ្ងៃទី១១ កក្កដា ថា «ទើបសម័យនេះទេ ដែលឃើញមានគេកាងបុណ្យសព! សម័យដើម បើបុណ្យការគេមិនហៅគឺមិនទៅ តែបុណ្យសពវិញទោះគ្មានការអញ្ជើញក៏ខ្មែរតែងទៅចូលរួមដែរ។ ហេតុអ្វីបានជាខ្មែរខ្លះដូរប្រពៃណីដ៏ល្អរបស់ខ្លួនយ៉ាងនេះ?៕

ប្រភពៈ វាយោ


Related Posts