ការ​ចុះ​ទៅ​មូលដ្ឋាន​របស់​លោក ហ៊ុន សែន គឺ​ជា​រឿង​ល្អ ​សាមញ្ញ និង​ជា​ទម្លាប់​ដែល​មេ​ដឹក​នាំ​បក្ស​នយោបាយ​ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ញឹកញាប់!

លោក ហ៊ុន សែន នៅព្រឹកនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលគម្រោងពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ ចំណែកក្នុងហ្វេសបុករបស់ខ្លួន ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសថា លោកនឹងបើកយុទ្ធនាការជួបមន្រ្តីរាជការ ប្រជាពលរដ្ឋ នៅ២៥រាជធានីខេត្តក្រុង ដោយផ្តើមចេញពីខេត្តបាត់ដំបងមុនគេ។ ជាដំណើរទៅមូលដ្ឋានរបស់ប្រមុខបក្សកាន់អំណាច ដែលទាំងអ្នកវិភាគ និងតំណាងបក្សប្រឆាំងខ្លួនឯងផង បញ្ជាក់ថា មិនមែនជាការលួចចម្លងពីគ្នាទេ តែគឺរឿងសាមញ្ញ និងជាទម្លាប់ដែលមេដឹកនាំបក្សនយោបាយ ត្រូវតែធ្វើឲ្យបានញឹកញាប់ និងជាប្រចាំ។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បន្ទាប់ពីខេត្តបាត់ដំបង លោកនឹងបន្តដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បន្ទាប់មកគឺខេត្តកំពង់ធំ ជាបន្តទៀត។ លោក ហ៊ុន សែន បានចាត់ទុកថា នេះគឺជាឱកាស ដែលលោកអាចពិនិត្យមើលអំពីសមិទ្ធផលនៅតាមបណ្តាខេត្ត និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដោយផ្ទាល់។ ពីថ្ងៃ២០កក្កដា ក៏លោកបានសម្តែងភាពស្និទស្នាលជាមួយពលរដ្ឋ និងបានចុះសួរសុខទុក្ខប្រជាជន និងអាជីវករក្នុងផ្សារសាមគ្គីក្រគរ ក្នុងខេត្តពោធិសាត់ទៀតផង។

ចំពោះការចុះសួរសុខទុក្ខប្រជាជននិងមន្ត្រីនៅមូលដ្ឋាន នៅពេលនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងប្រាប់វិទ្យុបារាំងថា ជាសកម្មភាពធម្មតារបស់ថ្នាក់ដឹកនាំបក្សកាន់អំណាច គ្មានរៀនសូត្រពីបក្សប្រឆាំងនោះទេ ព្រោះប្រឆាំងមិនឈ្នះឡើយ គឺចាញ់តែរហូតហ្នឹង។

ចំណែកគណបក្សប្រឆាំងនៅពេលនេះ តាមរយៈលោក អេង ឆៃអ៊ាង ក៏និយាយបែបសម្រួលស្ថានការណ៍ដែរថា ការចុះទៅមូលដ្ឋាននេះ មិនមែនជាការលូចចម្លងគ្នាអ្វីទេ។ ចំពោះមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិរូបនេះ ការធ្វើអំពើល្អរបស់មេដឹកនាំនយោបាយនីមួយៗ ក្នុងការចុះទៅជួបពលរដ្ឋ ឬតាមដានពីការអនុវត្តគោលនយោបាយរបស់ខ្លួន គឺជារឿងល្អ ហើយមិនបាច់ទៅកម្ចាត់គ្នាដោយផ្លូវតុលាការ ឬកម្ចាត់គូប្រជែងដោយវិធីផ្សេងទេ គឺធ្វើតែអំពើល្អទៅ ពលរដ្ឋជាអ្នកវិនិច្ឆ័យហើយ។

ដោយឡែក ចំពោះអ្នកវិភាគ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមវិញ លោក មាស នី គិតថា មិនមានអ្វីប្លែកទេ ព្រោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយ សុទ្ធតែធ្លាប់ចុះទៅមូលដ្ឋានជាយូរ និងជាទម្លាប់មកហើយ។ ក៏ប៉ុន្តែ បណ្ឌិត មាស នី លើកឡើងថា លោកចាំបានថា ពីពេលមុន កាលពីពេលមានជាង៩០កៅអី ប្រមុខបក្សកាន់អំណាចធ្លាប់ប្រកាស ថា មិនបាច់ចុះមូលដ្ឋានក៏ឈ្នះដែរ។ ក៏ប៉ុន្តែពេលដែរ ជ្រុះអស់២២កៅអី ទើបផ្តើមភ្ញាក់ខ្លួន វិលទៅចុះទៅមូលដ្ឋាន ទាក់ទាញសមានចិត្តពលរដ្ឋនៅទីជនបទជាថ្មី ឡើងវិញ។

យ៉ាងណាក៏ដោយ ចំពោះបក្សប្រឆាំងនិងចំពោះអ្នកតាមដានការវិវត្តសង្គម មើលឃើញថា វិធីសាស្ត្រ ឬរបៀបទទួលយកព័ត៌មានពិតដែលប្រមុខរដ្ឋាភិបាលធ្វើពេលនេះ គឺមិនប្រាកដនោះទេ ថានឹងទទួលព័ត៌មានពិតពីប្រជាជនទាំងស្រុងនោះទេ។ ត្បិតពេលខ្លះ ជាការសម្តែង ឬជាការរៀបចំ ហើយប្រជាជនដែលមានវិបត្តិពិតប្រាកដ គ្មានឱកាសបានជួបប្រាស័យដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីនោះឡើយ។

ប្រភពៈ RFI


Related Posts