រដ្ឋាភិបាល​កម្ពុជា​ថា​មិន​ទាន់​ទទួល​បាន​សំណើ​សុំ​បិទ​សាលា​ហ្សាម៉ាន់​ពី​ប្រទេស​ទួរគី

ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ទទួល​បាន​សំណើ​ផ្លូវការ​ណា​មួយ​ឡើយ​ពី​ប្រទេស​ទួរគី (Turkey) លើ​សំណើ​សុំ​បិទ​សាលា​អន្តរជាតិ​ហ្សាម៉ាន់ (Zaman International School) នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ អ្នក​គ្រប់គ្រង​សាលា​អន្តរជាតិ​ហ្សាម៉ាន់​នៅ​កម្ពុជា នៅ​តែ​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​នៅ​ទួរគី នោះ​ឡើយ។

សាលា​អន្តរជាតិ​ហ្សាម៉ាន់​នៅ​កម្ពុជា អះអាង​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​នៅ​ទួរគី គី​នោះ​ឡើយ ព្រម​ទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ ប្រសិនបើ​មាន​សំណើ​ផ្លូវការ​ណា​មួយ​ពី​ប្រទេស​ទួរគី សុំ​ឲ្យ​បិទ​សាលា​បឋមសិក្សា វិទ្យាល័យ និង​សាកលវិទ្យាល័យ​ហ្ស៉ាម៉ាន់។

អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ក្រសួង​ការបរទេស​មិន​ទាន់​ទទួល​បាន​សំណើ​ផ្លូវការ​ពី​ស្ថានទូត​ទួរគី ជុំវិញ​សំណើ​សុំ​ឲ្យ​បិទ​សាលា​អន្តរជាតិ​ហ្ស៉ាម៉ាន់។ ប៉ុន្តែ​លោក​ថា ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ករណី​មាន​សំណើ​ពី​ទួរគី រដ្ឋាភិបាល​កម្ពុជា នឹង​ថ្លឹងថ្លែង​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ និង​យក​ចិត្ត​ទុក​ដាក់​លើ​សំណើ​នេះ។ បន្ថែម​ពី​នេះ លោក​បន្ត​ថា ក្រសួង​ការបរទេស​មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​យ៉ាង​ណា​ចំពោះ​កិច្ច​អន្តរាគមន៍ និង​ដំណោះស្រាយ​ពិតប្រាកដ​លើ​ករណី​នេះ ដោយ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​ប្រទេស​ទួរគី ឡើយ៖ «ក្រសួង​មិន​ទាន់​ទទួល​បាន​សំណើ​ពី​លោក​ឯកអគ្គរដ្ឋទូត​ទួរគី ឡើយ អ៊ីចឹង​ដូច្នេះ​កាល​ណា​មាន​សំណើ​ណា​មួយ​ពី​ភាគី​មិត្ត ឬ​ភាគី​ទូត​ណា​មួយ យើង​នឹង​ធ្វើ​ការ​ពិនិត្យ​ទៅ​តាម​ភស្តុតាង និង​ការ​សំអាង​ផ្សេងៗ​ពី​ភាគី​ទួរគី ទើប​អាច​មាន​ការ​អន្តរាគមន៍​ណា​មួយ​បាន»

ក្រុមហ៊ុន​ហ្ស៉ាម៉ាន់ ដែល​គ្រប់គ្រង​សាលា​ទាំង​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​បដិសេធ​ថា សាលា​អន្តរជាតិ​ហ្សាម៉ាន់ មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រដ្ឋប្រហារ​នៅ​ទួរគី ឡើយ។សេចក្ដី​ថ្លែងការណ៍​ដដែល ក៏​បាន​ថ្កោលទោស​ដោយ​បាន​សម្ដែង​នូវ "ភាព​ជឿជាក់​លើ​ភាព​ស្អាតស្អំ» របស់​ខ្លួន ព្រមទាំង​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​ស្វែង​រក​យុត្តិធម៌​តាម​នីតិវិធី ព្រោះ​ការ​ចោទ​ប្រកាន់​នេះ​មាន​គោល​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន។

​ជាង​នេះ ក្រុមហ៊ុន​ហ្ស៉ាម៉ាន់ ក៏​បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​បង្ហាញ​ភស្តុតាង ឬ​សេចក្ដី​សម្រេច​ណា​មួយ  ដោយ​តុលាការ​ដែល​បាន​បង្ហាញ​ទៅ​កាន់​សាធារណជន និង​អាជ្ញាធរ លើ​ការ​ចោទ​ប្រកាន់​នេះ។
​ដើម្បី​ដោះស្រាយ​ករណី​នេះ សកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ហ្ស៉ាម៉ាន់ លោក ដេត សុខឧត្តម បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ដែរ​ថា សាលា​អន្តរជាតិ​ហ្ស៉ាម៉ាន់ កំពុង​តែ​ធ្វើ​លិខិត​ដាក់​ទៅ​នាយកដ្ឋាន​ឧត្ដមសិក្សា និង​គ្រោង​ជួប​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​នៅ​ពេល​ឆាប់ៗ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា សាលា​អន្តរជាតិ​ហ្សាម៉ាន់ គឺ​ជា​សាលា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​អប់រំ៖ «ប្រសិនបើ​មាន​ការ​ចោទ​ប្រកាន់​អ៊ីចឹង ឯកអគ្គរដ្ឋទូត​គួរ​តែ​បង្ហាញ​ភស្តុតាង ដែល​មាន​មូលដ្ឋាន​ច្បាស់លាស់​មក​ទើប​យើង​ជឿ ហើយ​បើ​ហ្សាម៉ាន់ ពិត​ជា​ធ្វើ​ខុស​ដូច​ការ​ចោទ​​អ៊ីចឹង​មែន ក្រសួង​ការបរទេស និង​ក្រសួង​អប់រំ ដែល​ជា​អាណាព្យាបាល​យើង​នឹង​ចាត់​វិធានការ​ណា​ហើយ ប៉ុន្តែ​យ៉ាង​ណា​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​គាត់​មាន​ការ​ថ្លឹងថ្លែង​បាន​ត្រឹមត្រូវ»។​

​ការ​លើក​ឡើង​របស់​ក្រសួង​ការបរទេស​កម្ពុជា និង​សាលា​អន្តរជាតិ​ហ្សាម៉ាន់ ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ឯកអគ្គរដ្ឋទូត​ទួរគី ប្រចាំ​កម្ពុជា អីលហាន កេនម៉ាល់ ទុក (Ilhan Kenmal Tug) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​គោលបំណង​របស់​រដ្ឋាភិបាល​ទួរគី ដែល​ចង់​ឲ្យ​បិទ​សាលា​អន្តរជាតិ​ហ្សាម៉ាន់ និង​សាកលវិទ្យាល័យ​ហ្សាម៉ាន់ នៅ​រាជធានី​ភ្នំពេញ ដោយសារ​ការ​ជាប់​ពាក់ព័ន្ធ​របស់​សាលា​នេះ​ជាមួយ​ចលនា លោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​ទួរគី ប៉ុន្តែ​បាន​បរាជ័យ។

​សាលា​អន្តរជាតិ​ហ្សាម៉ាន់ បច្ចុប្បន្ន​បាន​បណ្ដុះបណ្ដាល​សិស្ស​ប្រមាណ​ជាង ២.០០០​នាក់ គិត​ចាប់​ពី​ថ្នាក់​មតេយ្យ​សិក្សា​រហូត​ដល់​សាកលវិទ្យាល័យ។

សាលា​អន្តរជាតិ​ហ្សាម៉ាន់ ក្រៅ​ពី​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​នៅ​ទួរគី និង​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​បង្ហាញ​ភស្តុតាង​ឲ្យ​ច្បាស់លាស់។ សាលា​អន្តរជាតិ​ហ្សាម៉ាន់ ក៏​បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស និង​អាណាព្យាបាល​កុំ​មាន​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។