យន្តហោះ MH370 បាត់ខ្លួន​ជាង​២ឆ្នាំ នៅ​រក​មិន​ឃើញ ដោយសារ​រក​ខុស​កន្លែង?

ការ​រុករក​យន្តហោះ​ម៉ាឡេស៊ី ប្រភេទ​ប៊ូអ៊ីង៧៧៧ ស្ថិត​ក្នុង​ជើង​ហោះហើរ MH៣៧០ អស់​រយៈពេល​ជាង២ឆ្នាំ និង​ចំណាយ​ទឹកប្រាក់​អស់​រាប់​លាន​ដុល្លារ នៅ​តែ​មិន​ទាន់​ឃើញ ត្រូវ​ប្រភព​ទម្លាយ​ថា ប្រហែល​អាច​មក​ពី​រក​ខុស​កន្លែង។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ហូឡង់​ដែល​ដឹកនាំ​ការ​រុករក​នេះ​បាន​ឲ្យ​ដឹង។

 

យន្តហោះ MH370 បាត់ខ្លួន​ជាង​២ឆ្នាំ នៅ​រក​មិន​ឃើញ ដោយសារ​រក​ខុស​កន្លែង?

 

គួរ​រំលឹក​​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ដែល​ហោះហើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ទៅកាន់​ទីក្រុង​ប៉េកាំង បាន​បាត់ខ្លួន​សូន្យឈឹង ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ២០១៤ ជា​មួយ​នឹង​អ្នកដំណើរ​នៅ​លើ​យន្តហោះ ចំនួន ២៣៩នាក់។

 

ការ​លើក​ឡើង​នេះ​បាន​ទម្លាយ​ចេញ​មក ខណៈ​អ្នកវិទ្យាសាស្ត្រ​ខាង​ផ្នែក​មហាសមុទ្រ នៅ​ឯ​សកលវិទ្យាល័យ Western Australia University លោក Charitha Pattiaratchi ក៏​បាន​សង្ស័យ​ទៅ​លើ​ភាគរយ​នៃ​ការ​រក​ឃើញ​យន្តហោះ MH៣៧០ នៅ​ក្នុង​តំបន់​រុករក​បច្ចុប្បន្ន​ផង​ដែរ ហើយ​លោក​ជឿជាក់​ថា យន្តហោះ MH៣៧០ បាន​ធ្លាក់​នៅ​ភាគ​ខាងជើង​នៃ​កន្លែង​រុករក។ ក្រុម​វិស្វករ​នៅ​ក្រុមហ៊ុន Fugro ប្រទេស​ហូឡង់ ដែល​ដឹកនាំ​ការ​រុករក​នេះ បាន​និយាយ​ថា យន្តហោះ​នោះ​ប្រហែល​ជា​បាន​ហោះ​សំកាំង ជា​ជាង​ធ្លាក់​ចូល​ក្នុង​ទឹក​សមុទ្រ​ភ្លាម ដែល​អាច​ធ្វើ​ឲ្យ​យន្តហោះ ហោះ​ចេញ​ពី​តំបន់​រុករក​បច្ចុប្បន្ន។ ទ្រឹស្ដី​នេះ​បង្កើត​បាន​ជា​ការ​ស្រមើល​ស្រមៃ​ចំពោះ​ទិដ្ឋភាព​នៅ​ពេល​កើតហេតុ​ដែល​និយាយ​ថា អាច​នឹង​មាន​នរណា​ម្នាក់​ចូល​ទៅ​បញ្ជា​យន្តហោះ​មុន​ពេល​វា​ធ្លាក់។

 

លោក Paul Kennedy នាយក​គ្រប់គ្រង​គម្រោង​របស់​ក្រុមហ៊ុន Fugro បាន​ប្រាប់​សារព័ត៌មាន Reuters ថា «ប្រសិន​បើ​យន្តហោះ​ត្រូវ​បាន​នរណា​ម្នាក់​បញ្ជា វា​អាច​នឹង​ហោះ​សំកាំង​ទៅ​ឆ្ងាយ​ទៀត ហើយ​ម្នាក់​នោះ​អាច​បញ្ជា​យន្តហោះ​ឲ្យ​ហោះ​សំកាំង​ទៅ​កាន់​តែ​ឆ្ងាយ​ពី​កន្លែង​រុករក​របស់​យើង ដូច្នេះ​ខ្ញុំ​ជឿជាក់​លើ​ការ​សន្និដ្ឋាន​ដ៏​សម​ហេតុ​សម​ផល​មួយ​នេះ»។

 

គួរ​បញ្ជាក់​​ថា តំបន់​រុករក​ដែល​គ្របដណ្ដប់​ផ្ទៃ​មហាសមុទ្រ​ឥណ្ឌា ទំហំ ១២០ ០០០គីឡូម៉ែត្រការ៉េ និង​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ១៣៧លាន​ដុល្លារ អាច​នឹង​ត្រូវ​បិទ​ចោល បន្ទាប់​ពី​មន្ត្រី​មក​ពី​ប្រទេស​ម៉ាឡេស៊ី ចិន និង អូស្ត្រាលី បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ ពិភាក្សា​គ្នា​អំពី​អនាគត​នៃ​ការ​រុករក ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ៣ខែ​ទៀត។

 

យ៉ាងណាមិញ លោក Pattiaratchi បាន​និយាយ​ថា «ការ​ប៉ាន់ស្មាន​ដែល​ល្អ​បំផុត គឺ​វា​អាច​នឹង​ធ្លាក់​នៅ​ជុំវិញ​តំបន់ Broken Ridge ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​តំបន់​រុករក​បច្ចុប្បន្ន»។ ការ​ប៉ាន់ស្មាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ២ថ្ងៃ​បន្ទាប់​ពី​អ្នក​ដើរ​ផ្សង​ព្រេង​អាមេរិក មាន​ឈ្មោះ​ថា Blaine Gibson បាន​ប្រគល់​បំណែក​នៃ​យន្តហោះ MH៣៧០ ដែល​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរសមុទ្រ នៃ​ប្រទេស​ម៉ាដាហ្គាស្កា (Madagascar) កាល​ពី​ខែ​មិថុនា កន្លង​ទៅ​នេះ។ ជា​មួយ​គ្នា​នេះ​ដែរ លោក Pattiaratchi បាន​ណែនាំ លោក Gibson ឲ្យ​ទៅ​រុករក​នៅ​ក្នុង​ប្រទេស​ម៉ូសំប៊ិក (Mozambique) ទៀត ព្រោះ​វា​ជា​ទីកន្លែង​ដែល​រក​ឃើញ​បំណែក​នៃ​យន្តហោះ MH៣៧០ កាល​ពី​ខែ​កុម្ភៈ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ asiancorrespondent