បទល្មើស​កាប់​ឈើ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ត្រូវបាន​សកម្មជន​ព្រៃឈើ និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ជាក់ស្ដែង​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៦ បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​តាម​ព្រំដែន​ជាប់​ព្រំប្រទល់​ប្រទេស​យួន​នៅក្នុង​ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ដឹកជញ្ជូន​យកទៅលក់​ឲ្យ​ជនជាតិ​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

ថ្មីៗ​នេះ​តាម​ប្រភពព័ត៌មាន​ពី​ជនជាតិដើម​ភាគតិច​រស់នៅ​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​នៅតែមាន​ក្រុម​ជនល្មើស​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ព្រំដែន ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ញ៉ា​ង បាន​ឲ្យ​ដឹងថា​ប្រសិនបើ​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ព្រៃឈើ​ក្នុងស្រុក​អណ្ដូង​មាស ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ​។ ដោយហេតុថា​ក្នុង​មួយថ្ងៃៗ​មាន​អ្នកដឹកឈើ​តាម​ម៉ូតូ​ទៅ​លក់​នៅ​ស្រុក​យួន​មិនតិចជាង​២០​ទៅ​៣០​គ្រឿង​នោះទេ​តាម​ច្រករបៀង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្ដិ៍​ផា​តាម ប៉ុស្ដិ៍​ផា​សាវ ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស​។

ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិ​តាំង​សេ និង​ភូមិ​តាំង​ម្លូរ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ នៅតាម​ច្រ​ល​របៀង​មួយចំនួន​សមត្ថ​កិច្ចកា​រពារ​ព្រំដែន​ខ្មែរ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​រលូន ធ្វើ​ឲ្យ​ព្រៃឈើ​តាម​តំបន់​ព្រំដែន​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជនជាតិដើម​ភាគតិច​រស់នៅ​តាម​តំបន់​ព្រំដែន​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន ជា​អភិបាលខេត្ត និង​លោក កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់ ព្រោះ​រយៈពេល​ប្រមាណ​ជាង​១​ខែ​កន្លងទៅនេះ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​យួន​មាន​សកម្មភាព​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​៕

dsds-3211លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី  IMG-20160622-WA0034