ឃាតកម្ម​ស្ត្រី​ម្នាក់​នៅ​ទន្លេបាទី​សង្ស័យ​រឿង​ប្លន់

ឃាតកម្ម​ស្ត្រី​ម្នាក់​នៅ​ទន្លេបាទី​សង្ស័យ​រឿង​ប្លន់



ខេត្តកណ្ដាល ៖ សមត្ថកិច្ច​មាន​នគរបាល​និង​កងរាជអាវុធហត្ថ​ខេត្តតាកែវ មក​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តកណ្ដាល បាន​ធ្វើការ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​លើ​នារី​ម្នាក់ នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ។ ទោះបីជា​បែប​ណា​ក្ដី មក​ដល់​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា នៅ​មិន​ទាន់​មាន​តម្រុយ​ណាមួយ​ឈាន​ទៅ​វែកមុខ​ឃាតករ​នៅឡើយ​ទេ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ជា សុ​ជាតិ អាយុ​២២​ឆ្នាំ ជា​និ​សិ​ត្យ​ឆ្នាំ​ទី​៣​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាលា​អ៊ី​ន​ធើ​រែ​ន​ខាងកើត​ផ្សារ​អូ​ឡាំ​ពិ​ក​ជាប់​វត្ត​មហាមន្ត្រី និង​ជា​បុគ្គលិក​បណ្ដែត​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល ហើយ​ក៏​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​អន្តរជាតិ​អាស៊ាន​នៅ​ភ្នំពេញ​ផង​ដែរ ។ នាង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ទាក់ទង​នឹង​ករណី​ឃាតកម្ម​ដោយ​ការ​កាប់សម្លាប់​ពីក្រោយ​ដោយ​ការ​គ្រោង​ទុកជា​មុន​នេះ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា អាច​ជា​អំពើ​ប្លន់ ហើយ​ជនសង្ស័យ​ក៏​ជា​មនុស្ស​ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះ​ថែម​ទៀត ទើប​មាន​លទ្ធភាព​បបួល​ដើរ​លេង​តែ​២​នាក់​នៅផ្ទះ​ទឹក​ទ​ន្ល​បាទី​។ ទោះជា​បែប​ណា​ក្តី តាម​រយៈ​សមត្ថកិច្ច​ដែល​បាន​ធ្វើការ​សាកសួរ​មិត្តភក្តិ​និង​អ្នក​ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះជា​ច្រើន​នាក់ នៅ​កន្លែង​តម្កល់សព​ធ្វើបុណ្យ​ក្នុង​វត្ត​ព្រែក​សំរោង មិន​ទាន់​មាន​តម្រុយ​ណាមួយ​ជា​ពន្លឺ ក្នុង​ការ​ស្វែង​រកមុខ​ឃាតករ​នៅឡើយ​ទេ ។

បើ​តាម​ឪពុក​ជន​រង​គ្រោះ​លោក អ៊ូច ជា​បាន​ប្រាប់​សមត្ថកិច្ច​ថា សម្ភារ​ដែល​បាត់បង់ មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពាក់​ស្លាក​លេខ​កណ្ដាល 1S 6861 កងដៃ​ប្លា​ទី​ន​៣​ជី ខ្សែ​ក​ប្លា​ទី​ន​៣​ជី ក្រវិល ទូរ​សព្ទ័​ដៃ​អាយ​ហ្វូ​ន​មួយ​គ្រឿង និង​លុយកាក់​មួយ​ចំនួន​ទៀត ។

ឪពុក​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា កូនស្រី​គាត់​បាន​រៀបចំ​ខ្លួន​ថា​ទៅ​សាលារៀន ដោយ​ជិះ​ម៉ូតូ​ទៅ​ដូច​សព្វមួយដង ។ លុះដល់​វេលា​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ថា មនុស្ស​ស្រី​ដែល​គេ​សម្លាប់​នៅ​ទន្លេបាទី មុខ​ដូច​កូនស្រី​គាត់ ហើយ​គាត់​ក៏​បាន​ទូរ​សព្ទ័​ទៅ​លេខ​កូនស្រី តែ​មិន​ចូល និង​បាន​ទៅ​ពិនិត្យ​សព​ក៏​ស្គាល់​ច្បាស់​ថា ជា​កូនស្រី​គាត់​ពិតប្រាកដ​មែន ដែល​ពេល​នោះ​ធ្វើ​ឱ្យ​គាត់​រន្ធត់​តក់ស្លុត​ជា​ខ្លាំង​។

ទាក់ទង​នឹង​ព​ត័​មាន​ចចាមអារ៉ាម​ថា ជន​រង​គ្រោះ​អាច​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​ជន​រង​គ្រោះ បដិសេធ​ភ្លា​ៗ​ថា ជា​រឿង​មិន​ពិត ។

ចំណែក​នារី​ម្នាក់​ដែល​អះអាង​ថា​ជា​មិត្តភក្តិ ស្និទ្ធស្នាល​ម្នាក់​ដែរ​នោះ ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ប្រាប់​នាង​ថា ធ្លាប់​មាន​សង្សារ​ធ្វើការ​នៅ​អង្គរក្ស ប៉ុន្តែ​មិន​ដែល​ណែនាំ​ឱ្យ​នាង​ស្គាល់​ទេ ។ ជន​រង​គ្រោះជា​មនុស្ស​ចូល​ចិត្ត​លេងសើច​ច្រើន តែ​ស្មោះត្រង់​នឹង​មិត្តភក្ដិ ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី គ្រា​ដែល​គេ​បានឃើញ​ឈាម​មនុស្ស​ក្រហមច្រាល​នៅ​លើ​កន្ទេល​លើ​រោង​(​ផ្ទះទឹក​)​លំហែកាយ ក្នុង​ទន្លេបាទី ។ ដោយ​មានការ​សង្ស័យ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ពិនិត្យ​និង​ចុះ​រាវ​ក្នុង​ទឹក ក៏​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ ត្រូវ​គេ​កាប់​ត្រង់​កញ្ចឹងក​ជា​ច្រើន​កាំបិត​ហើយ​ច្រាន​ទម្លាក់​ទ​ឱ្យ​ស្លាប់​ក្នុង​ទឹក ។

គ្រានោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ឃាតករ​អាច​ជានា​រី​ដែល​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ បាន​រៀបចំ​ផែនការ​បបួល​ជន​រង​គ្រោះ​ទៅ​លេង​នៅ​ទន្លេបាទី ដែល​ជា​ថ្ងៃ​មិន​មាន​មនុស្ស​ទៅ​កម្សាន្ត​ច្រើន​ទេ ហើយ​ស្ងាត់​ងាយស្រួល​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ ។ ពេល​នេះ​ដោយសារ​ការ​ស្គាល់​អត្តសញ្ញាណ​នារី​រង​គ្រោះ ដូច្នេះ​មិនយូរ​នោះ​ទេ ស្ត្រី​ជា​ឃាតករ​រូប​នោះ​ច្បាស់​ជា​ត្រូវ​ចាប់ខ្លួន​បាន​មិន​ខាន ៕