សុគន្ធកញ្ញា បង្ហោះ​សារ​ឆ្លើយ​តប​​អ្នក​លក់​ទុរេន​នៅ​កំពត

អាជីវករ​នៅ​ទីរួមខេត្ត​កំពត​ម្នាក់ បាន​ពោល​សរសើរ​តារា​ចម្រៀង សុគន្ធកញ្ញា មិន​ដាច់​ពី​មាត់​ដោយ​លើក​ឡើង​ថា នាង​ជា​តារា​ចម្រៀង​មាន​គុណធម៌ និង​ការ​ទទួល​ខុសត្រូវ​កម្រ​រក បន្ទាប់​ពី​ជ្រុល​រថយន្ត​ទៅ​ប៉ះ​ជាមួយ​តូប​លក់​​ទុរេន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

សុគន្ធកញ្ញា បង្ហោះ​សារ​ឆ្លើយ​តប​​អ្នក​លក់​ទុរេន​នៅ​កំពត

 

ទោះ​បី​ជា​យ៉ាង​ណា ឱក សុគន្ធកញ្ញា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ឆ្លើយ​តប​អាជីវករ​លក់​ទុរេន​នៅ​​ទល់មុខ​សាកលវិទ្យាល័យ CUS សាខា​ខេត្ត​កំពត​រូប​នោះ​ថា ប្រហែល​ជា​គាត់​​ច្រឡំ​មនុស្ស​ហើយ ព្រោះ​នៅ​ថ្ងៃ​នោះ​នាង​ជាប់​ច្រៀង​នៅ​កោះ​ពេជ្រ មិន​បាន​ទៅ​កំពត​ទេ។

 

សុគន្ធកញ្ញា បាន​សរសេរ​ថា៖ “ខ្ញុំ​ពិត​ជា​រំភើប​ចំពោះ​ការ​សរសើរ និង​លើក​ទឹក​ចិត្ត​របស់​អ្នក​មីង។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នក​មីង​ប្រហែល​ជា​ច្រឡំ​មនុស្ស​ហើយ ពីព្រោះ​នាង​ខ្ញុំ​ពិត​ជា​មិន​បាន​ជួប​ហេតុការណ៍​បែប​នោះ​ទេ ហើយ​ជាក់​ស្ដែង​ថ្ងៃ​នោះ នាង​ខ្ញុំ​ជាប់​ច្រៀង​កម្មវិធី​មួយ​នៅ​កោះពេជ្រ​ផង​ដែរ”។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​ល្បី​ខាង​លើ​នេះ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ម្ចាស់​រថយន្ត​ជា​អ្នក​ប៉ះពារ​ពិត​ប្រាកដ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ជា​គំរូ​ល្អ​សម្រាប់​ប្រជាជន​គ្រប់​រូប៕

 

សុគន្ធកញ្ញា បង្ហោះ​សារ​ឆ្លើយ​តប​​អ្នក​លក់​ទុរេន​នៅ​កំពត

អត្ថបទ៖ សំ ជំនាញ