វីជេ មីនជីន មាន​ទីផ្សារ​ខ្ពស់​ ជា​ពិធី​ការិនី​បកប្រែ​ភាសា​ចិន

ពិធី​ការិនី​ស្រី​ដែល​ប្រិយមិត្ត​ជាច្រើន​ស្គាល់​តាម​សមត្ថភាព​រាំ​របាំ និង​និយាយ​ភាសា​ចិន​ វីជេ មីនជីន បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នាង​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ការ​ធ្វើ​ជា​ពិធី​ការិនី​បកប្រែ​ភាសា​ចិន​តាម​កម្មវិធី​ផ្សេង​ៗ ក៏​ដូចជា​តាម​ស្ថានីយ​ទូរទស្សន៍។

 

វីជេ មីនជីន មាន​ទីផ្សារ​ខ្ពស់​ ជា​ពិធី​ការិនី​បកប្រែ​ភាសា​ចិន

រូបភាព៖ផ្ដល់ឲ្យ

 

ទន្ទឹម​នឹង​ជំនាញ​ដែល​មាន​ទីផ្សារ​ខ្ពស់ កញ្ញា​បាន​ប្រាប់​ពី​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​អាជីព​ជា​ពិធី​ការិនី​បកប្រែ​ភាសា​ចិន​ថា “ខ្ញុំ​មាន​ទីផ្សារ​ខ្ពស់​សម្រាប់​ផ្នែក​នេះ​មែន តែ​ខ្ញុំ​ក៏​នៅ​តែ​ជួប​ឧបសគ្គ​ច្រើន​ផង​ដែរ​ដូចជា​មាន Agency ខ្លះ​ ខូច​មក​បន្ទាប​តម្លៃ​ខ្លួន​ខ្ញុំ​ជា​ពីរ​ហើយ ប្រើ​យើង​គ្មាន​ពេល​សម្រាក។ ពេល​មាន​បញ្ហា​បែប​នេះ​ម្ដង​ៗ ​ខ្ញុំ​មិន​ទទួល​ធ្វើការ​ឲ្យ​គេ​ទេ ព្រោះ​មើល​ទៅ​គេ​កេង​កម្លាំង​ពលកម្ម​ខ្ញុំ​ពេក តែ​បើ​អ្នក​គេ​ទាក់ទង​មក​ផ្ទាល់​គឺ​ស្រួល​និយាយ និង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន”។

 

តារា​ស្រី​ឈាន​ចូល​វ័យ ១៩ ឆ្នាំ​ខាង​លើ​ ក៏​បាន​បង្ហើប​ពី​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​ពី​ការងារ​ជា​អ្នក​បកប្រែ​ថា “ក្នុង​កម្មវិធី​មួយ បើ​គេ​មក​ទាក់ទង​ផ្ទាល់ ​ខ្ញុំ​និយាយ​យក​ពី​គេ ៤០០ ទៅ ៥០០ ដុល្លារ តែ​បើ Agency បន្ត​ គេ​ឲ្យ​តែ ២០០ ទៅ ជាង ២០០ ដុល្លារ​ប៉ុណ្ណោះ”។ នាង​ថ្លែង​បន្ត​ថា​ មិន​ត្រឹម​តែ​អាជីព​ជា​ពីធី​ការិនី​​បកប្រែ​ភាសា​ចិន​ទេ​ ប៉ុន្តែ​នាង ក៏​មមាញឹក​ក្នុង​ការ​រាំ​របាំ​តាម​កម្មវិធី​ផ្សេង​ៗ​ដែរ។

 

វីជេ មីនជីន មាន​ទីផ្សារ​ខ្ពស់​ ជា​ពិធី​ការិនី​បកប្រែ​ភាសា​ចិន

 

ទោះ​ជា​បែប​នេះ​ និស្សិត​ស្រី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បន្ត​ថា​ ពេល​គ្មាន​កម្មវិធី​អ្វី​ធ្វើ​ នាង​នៅ​មាន​មុខរបរ​ពីរ​ផ្សេង​ទៀត​ដែល​អាច​រក​កម្រៃ​បាន គឺ​លក់​ផលិតផល​ថែ​រក្សា​សម្ផស្ស​តាម​អនឡាញ និង​ជា​គ្រូ​បង្រៀន​ភាសា​ចិន​នៅ​តាម​សាលា។

 

ពិធី​ការិនី​វ័យក្មេង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ PPCTV បាន​បញ្ជាក់​ទៀត​ថា​ រាល់ថ្ងៃ​មាន​អ្នក​ទាក់ទង​ឲ្យ​ថត​ខារ៉ាអូខេ នឹង​ថត​កម្មវិធី​ជជែក​កម្សាន្ត​ជា​ច្រើន​ដែរ តែ​នាង​​មិន​មាន​ពេល​គ្រប់គ្រាន់ ព្រោះ​ជាប់​រវល់​ក្នុង​ការ​សិក្សា៕

 

អត្ថបទ៖ទ្រី រ៉ាវី