ជួយ​​ពួក​ខ្ញុំ​ផង! លោក​​តុលា​ការ​

រា​ជ​ធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា នា​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ២០១៦ នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កម្ម​ករ​​រោងចក្រ​​ជិត១០០នាក់ បាន​​ប្រមូលផ្តុំ​គ្នា​លើក​បដា​ស្រែក​តវ៉ា​​ សុំ​ឱ្យ​​តុលាការ​ជួយ​​អន្តរាគមន៍​ចេញ​ដីកា​​រក្សា​ការពារ​រោងចក្រ​យីហោ «​ជុង​ហ្វៃ នី​ត វៀរ អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​» ដែល​​ក្ស័យ​ធុន ដោយមិនបើកប្រាក់​ខែ​ជូនពួកគាត់ ។

រោងចក្រ​ខាងលើ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រែ​តាឡុ​ង សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ ​​ហើយ​សព្វថ្ងៃ គឺ​​មាន​កម្មករ​ជា​ច្រើន​​​មក​ដេក​យាម​​នៅ​ក្នុង​រោងចក្រ​ទាំងថ្ងៃទាំងយប់ ដោយសារ​តែ​​ឮ​​​ដំណឹង​ថា ភាគី​ថៅ​កែ បាន​កំពុង​ព្យាយាម​រក​ឱកាស​ដឹក​គ្រឿង​បរិក្ខា​ចេញពី​ក្នុង​រោងចក្រ ដើម្បី​គេចវេស ។

ប្រភព​បន្ត​ថា មក​ដល់​ពេល​នេះ កម្មករ​ទាំងអស់​ មិន​បាន​ទទួល​នូវ​ដំណោះស្រាយ​សមរម្យ​ណាមួយ​​នៅឡើយ​ទេ ពី​ភាគី​ខាង​រោង​ចក្រ​ក៏​ជា​ភាគី​ពាក់ព័ន្ធ ។

ដូច្នេះ ពួក​គាត់​មានការ​ម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ទើប​លើកគ្នា​មក​សុំ​ឱ្យ​សាលាដំបូង​ សុំ​ឱ្យ​ចេញ​ដីកា​រក្សា​ការពាររោង​ចក្រ​ ហាម​ឃាត់​ជា​បណ្តោះអាសន្ន​ ការ​លក់ ការ​ផ្ទេរ ការ​ដឹក​ជញ្ជូន ការ​ជួល ការ​បញ្ចាំ ឬ​ការ​ធ្វើ​អំណោយ​នូវ​សម្ភារ​ជា​ចលនវត្ថុ និង​អចលនវត្ថុ​ទាំងអស់​របស់​រោងចក្រ​ខាងលើ ខណៈ​ថៅកែ​មិន​បើក​ប្រាក់ខែ​ជូន​គាត់​នោះ ។