ទៅ​លេង​សិង្ហបុរី​ចង់​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​អស់​លុយ​តិច ទិញ​កាត Special day pass

សិង្ហបុរី​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ជឿនលឿន។ ការ​​រស់នៅ​​​របស់​ពលរដ្ឋ​មាន​ការ​ចំណាយ​ខ្ពស់ មិន​ថា​​សេវាកម្ម​និង​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

 

កញ្ញា យាន សៀងលីដេត និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ ណានយ៉ាង (Nanyang Technological University) ឲ្យ​ដឹង​ថា សិង្ហបុរី​ជា​ប្រទេស​កូន​កោះ​តូច​មួយ មាន​ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍ​ខ្លាំង ​ហើយ​ពលរដ្ឋ​រស់នៅ​ក្នុង​ជីវភាព​ធូធារ​។ ​ពលរដ្ឋ​សិង្ហបុរី​មាន​ការ​ចំណាយ​ខ្ពស់​ក្នុង​​ជីវភាព​រស់នៅ​ ទាំង​ការ​ទទួល​សេវាកម្ម​និង​របស់របរ​​ប្រើប្រាស់​ផ្សេងៗ​។

 

ទៅ​លេង​សិង្ហបុរី​ចង់​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​អស់​លុយ​តិច ទិញ​កាត Special day pass

 

​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​មក​ប្រទេស​សិង្ហបុរី​ហើយ​ចង់​សន្សំ​ការ​ចំណាយ កញ្ញា​បាន​​ណែនាំ​ឲ្យ​ប្រើប្រាស់​កាត​ធ្វើ​ដំណើរ​ពិសេស Special day pass ។ កាត​ពិសេស​នេះ ភ្ញៀវ​ទេសចរ​អា​ច​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​តាម​រថយន្ត​ភ្លើង​និង​រថយន្តក្រុង​ឥត​កំណត់​ ទៅ​គោលដៅ​​ទេសចរ​នានា​។

 

កាត​ Special day pass មាន​ ៣​ ប្រភេទ ហើយ​សុពលភាព​​ប្រើប្រាស់​មាន​​មួយ​ថ្ងៃ ពីរ​ថ្ងៃ និង​បី​ថ្ងៃ ហើយ​តម្លៃ​ខុសៗ​គ្នា​។ រយៈ​ពេល​មួយ​ថ្ងៃ​តម្លៃ ១០ ដុល្លារ ពីរ​ថ្ងៃ​តម្លៃ ១៦ ដុល្លារ និង​បី​ថ្ងៃ​តម្លៃ ២០ ដុល្លារ។ មាន​កាត​ពិសេស​មួយ​ទៀត ដែល​ភ្ញៀវ​ទេសចរ​អាច​ជ្រើសរើស ក្រៅ​ពី​ទទួល​បាន​សេវា​ដឹក​ជញ្ជូន​ឥត​កំណត់ ក៏​អាច​ចូល​ទៅ​​កម្សាន្ត​តំបន់​​ទេសចរ​​មួយ​ចំនួន​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

 

ទៅ​លេង​សិង្ហបុរី​ចង់​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​អស់​លុយ​តិច ទិញ​កាត Special day pass

 

កាត​ធ្វើ​ដំណើរ​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ Special day pass

 

ធ្វើ​ដំណើរ​ជិត​ពីរ​ម៉ោង​តាម​ជើង​យន្តហោះ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មក​កម្សាន្ត​ប្រទេស​សិង្ហបុរី មិន​ប្រាកដ​ជា​អ្នក​សល់​លុយ​សល់​កាក់​ ដើម្បី​ចាយ​វាយ​ក្នុង​ប្រទេស​ស៊ីវិល័យ​ល្បី​ចាយ​លុយ​ផុយៗ​នេះ​ទេ។ អ្នក​ខ្លះ​មក​ប្រទេស​សិង្ហបុរី​ក្នុង​បេសកកម្ម​ការងារ​ចាំ​បាច់ ហើយ​អ្នក​ខ្លះ​មក​ដើម្បី​ស្វែង​យល់​ពី​ភាព​ជឿនលឿន​​ប្រទេស​កូន​ខ្លា​អាស៊ី​នេះ​។

 

លីដេត​បន្តថា ការ​ធ្វើ​ដំណើរ​ជា​ទូទៅ​នៅ​ប្រទេស​សិង្ហបុរី​មាន​តម្លៃ​ថ្លៃ​ដូចជា​តាក់ស៊ី​ជា​ដើម។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​អាច​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​និង​មាន​ភាព​ងាយស្រួល។

 

លីដេត ដែល​បាន​ទៅ​សិក្សា​និង​រស់នៅ​ប្រទេស​សិង្ហបុរី​ជិត ៥ ឆ្នាំ ប្រាប់​ថា ប្រព័ន្ធ​សេវា​ដឹក​ជញ្ជូន​សាធារណ​របស់​ប្រទេស​សិង្ហបុរី​អាច​និយាយ​ថា​ល្អ​បំផុត និង​មាន​ភាព​ងាយស្រួល​បំផុត ដែល​ផ្តល់​សេវា​ដឹក​ជញ្ជូន​ស្ទើរ​គ្រប់​គោលដៅ​ទូទាំង​ទីក្រុង​របស់​ប្រទេស​សិង្ហបុរី។ សេវា​ដឹក​ជញ្ជូន​សាធារណៈ​មាន​ដូច​រថយន្ត​ក្រុង និង​សេវា​រថភ្លើង MRT ដែល​នឹង​​ផ្តល់​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ភ្ញៀវ​ទេសចរ​វិស្សមកាល​ក្នុង​ប្រទេស​សិង្ហបុរី។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា