ពលរដ្ឋ​ខេត្តក្រចេះ រង់ចាំ​មើល​ចំណាត់ការ​របស់​តុលាការ​លើ​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឧកញ៉ា ប៊ុត ប៊ុន​អេង

ករណី​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា ប៊ុត ប៊ុន​អេង ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​សាធារណៈ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅ​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ប្ដឹងទៅ​សាលាដំបូង​ខេត្តក្រចេះ​។ ឥឡូវនេះ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ បាន​កោះហៅ​មន្ត្រី​សមាគម​អាដហុក ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ជុំវិញ​បណ្ដឹង​ទៅលើ​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឧកញ៉ា ប៊ុត ប៊ុន​អេង​។ បញ្ហា​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រង់ចាំ​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​របស់​សាលាដំបូង​ខេត្តក្រចេះ ទៅលើ​ឧកញ៉ា​ទាំង​២​នាក់​ព្រោះ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​មាន​ភស្ដុតាង​គ្រប់គ្រាន់​រួចទៅហើយ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រី​សមាគម​អាដហុក បានបញ្ជាក់​ថា​មាន​ភស្ដុតាង​គ្រប់គ្រាន់​បង្ហាញ​អំពី​ឧកញ៉ា​ទាំង​២​នាក់​នោះ ជាប់​ពាក់ព័ន្ធ​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​រាប់ពាន់​ហិកតា ហើយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ ក៏​បានដឹង​យ៉ាងច្បាស់​ផងដែរ រឿង​ឧកញ៉ា​ទាំង​២​នាក់​នោះ​បំផ្លាញ​ព្រៃឈើ​។ ដូច្នេះ​ប្រសិនបើ​តុលាការ​អនុវត្តន៍​តាម​នីតិវិធី និង​ផ្អែកទៅលើ​ភស្ដុតាង​គឺ​តុលាការ​ប្រាកដជា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា ប៊ុត ប៊ុន​អេង ជាមិនខាន​។ ជាមួយគ្នានេះ​មន្ត្រី​អាជ្ញាធរ​ខេត្តក្រចេះ ក៏​គួរ​ពិនិត្យ​ផងដែរ​ចំពោះ​សំណុំរឿង​ខាងលើ ព្រោះ​កន្លងមក​រឿង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា ប៊ុត ប៊ុន​អេង ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​នៅ​ឃុំ​អូរ​ប្ញ​ស្សី ស្រុក​ព្រែក​ប្រសព្វ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ​ជា​បន្តបន្ទាប់​។

សូម​រំលឹក​ដែរ​ថា​កាលពីដើមឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​៥៤៥​គ្រួសារ​រស់នៅ​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ផ្ដិតមេដៃ​ប្ដឹង​ឧកញ៉ា​២​នាក់ គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា ប៊ុត ប៊ុន​អេង ព្រមទាំង​អ្នកមានអំណាច​មួយចំនួន​ទៀត ដែល​កាប់​រាន​ដីព្រៃ​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្ញ​ស្សី​កែវ តាមរយៈ​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​ខេត្តក្រចេះ បានទាមទារ​ឲ្យ​ឧកញ៉ា​ទាំង​២​នាក់ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​ទទួលខុសត្រូវ​ចំពោះ​ការ​ហិនហោច​ព្រៃស្រោង​ជាង​៣០០០​ហិកតា ហើយ​បច្ចុប្បន្ន​បានក្លាយ​ទៅជា​ដី​វាល និង​ទៅជា​កម្មសិទ្ធិឯកជន​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​របស់​សាលាដំបូង​ខេត្តក្រចេះ បន្ទាប់ពី​តំណាង​អយ្យការ​បាន​កោះហៅ​មន្ត្រី​សមាគម​អាដហុក ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​សំណុំរឿង​ខាងលើ​៕

lim-bun-na2ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា image