មេ​ឈ្មួញ កែវ វុទ្ធី ចាត់ចែង​កម្លាំង​ឲ្យ​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ការពារ WWF យ៉ាង​មហន្តរាយ​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​ព្រៃ​ការពារ WWF កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​អ្នកគ្រប់គ្រង​ព្រៃ​ការពារ​នេះ មិន​ចាត់​វិធាន​ទប់ស្កាត់​បទល្មើស​ឡើយ​។ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃ​ការពារ WWF នៅ​ស្រុក​កោះ​ញែក បើទោះបី​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ក៏ដោយ​។ លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ក៏ដូចជា​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះដែរ​។

ប្រជាពលរដ្ឋ​នៅ​ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​១​ខែ​មកហើយ​ដែល​ពួកគាត់​បានឃើញ​ពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្ត​នានា​ចំនួន​១៥​ទៅ​២០​នាក់​ក្នុង​មួយថ្ងៃ ជិះ​រថយន្ត​ឬ​ម៉ូតូ​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ កាំបិត ពូថៅ ចូលមក​កាប់​ឈើ​នៅ​ចំណុច​ព្រៃ​ខៀវ​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិរ​វ៉ា​ក់ បាន​ឲ្យ​ដឹងថា​ឈ្មោះ កែវ វុទ្ធី បាន​ចាត់ចែង​កម្លាំង​មនុស្ស​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​៦​នាក់​ឲ្យ​ដើរ​វាស់វែង​ដី និង​កត់​ឈ្មោះ​ប្រមូលប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ចូលមក​កាប់​ព្រៃ​ការពារ WWF ទន្ទ្រាន​យក​ដី​។ សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​មួយចំនួន​បាន​បង់លុយ​ទៅ​ឲ្យ​ឈ្មោះ កែវ វុទ្ធី ពី​៧០០​ទៅ​១៥០០​ដុល្លារ​ដើម្បី​ជា​ថ្នូរ​ទទួលបាន​ដី​ក្បាល​៥០​ម៉ែត្រ​និង​បណ្ដោយ​១០០០​ម៉ែត្រ ហើយ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​កំពុង​កើតឡើង​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ណា​ទប់ស្កាត់​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិរ​វ៉ា​ក់ ឃុំរ​យ៉ បានលើកឡើង​ថាបើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​អ្នក​ដែលមាន​តួនាទី​ទទួលខុសត្រូវ​លើ​ព្រៃ​ការពារ WWF ទេនោះ​គឺ​ឈ្មោះ កែវ វុទ្ធី មិនអាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ ព្រោះ​កន្លងមក​ជននេះ​ធ្លាប់​ត្រូវ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ចាប់​ដាក់ពន្ធនាគារ​ម្តង​រួចមកហើយ ដោយសារតែ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រជាពលរដ្ឋ​ក្នុង​រឿង​ដីធ្លី​។ ប្រជាពលរដ្ឋ​លើកឡើងថា ប្រសិនបើ​លោក ឈួន សិរី​វឌ្ឍន៍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក មិន​ជាប់​ពាក់ព័ន្ធ​ទេនោះ ប្រហែលជា​ចាត់វិធានការ​បង្ក្រាប​មិន​ឲ្យ​ឈ្មួញ​ឈ្មោះ កែវ វុទ្ធី និង​បក្ខពួក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ការពារ WWF ផងដែរ​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះឡើយ​៕

13819450_1741905746047988_486698952_n-500x302 13838632_1741905739381322_1218870611_o-500x318 13817324_1741905736047989_1802056455_n-433x500