លោក កឹម សុខា បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើន​ទីផ្សារ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត​ឈានទៅ​ដឹកនាំ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​គណបក្ស​ស​ង្គ្រោះ​ជាតិ​នឹង​បង្កើន​ទីផ្សារ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក កឹម សុខា បាន​បញ្ជាក់ថា គោលនយោបាយ​ដឹកនាំ​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាពប្រសើរឡើង​បាន​លឿន​ជាង​ពេលបច្ចុប្បន្ន​។​

ការបញ្ជាក់​ពី​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ដូច្នេះ គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​យុវជន​សង្គ្រោះ​ជាតិ​មកពី​ខេត្តបាត់ដំបង ប្រមាណ​ជាង ១០០​នាក់ នា​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក កឹម សុខា បាន​ពន្យល់ថា ក្នុងនាម​លោក​ជា​អ្នកដឹកនាំ​គេ​តែងតែ​សួរ​លោក​ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ តើ​អ្វី​ជា​អាទិភាព​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​? លោក កឹម សុខា ក្នុងនាម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវផ្ដោត​ជា​អាទិភាព​លើ​៖​ទី​១-​បង្កើន​ទីផ្សារ យើង​ត្រូវ ស្វែងរក​ទីផ្សារ​ផលិតផល ដែល​ខ្មែរ​ផលិត​បាន ដើម្បី​នាំចេញ​ទៅ​ប្រទេស​នានា​ក្នុង​ពិភពលោក​ឲ្យ​បាន​ច្រើន​ជាពិសេស​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម​។ យើង​មាន​ទំនាក់ទំនង​ល្អ និង​មាន​គោលជំហរ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​នេះហើយ​ជា​កត្ដា​ដែល​ធ្វើ​ឲ្យ​គេ​បើក​ទីផ្សារ​ទូលំទូលាយ​ឲ្យ​យើង​។​

ចំណែក​ចំណុច​ទី​២-​បង្កើត​ការងារ យើង​ត្រូវ​ទាក់ទាញ​អ្នកវិនិយោគទុន​ធំៗ​ពី​ក្រៅប្រទេស និង​លើកទឹកចិត្ត​អ្នកវិនិយោគ សិប្បករ ឧស្សាហករ ខ្នាតតូច និង​ខ្នាត​មធ្យម​ក្នុងប្រទេស​ដើម្បី​បង្កើត​ការងារ​ក្នុងស្រុក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​យុវជន​។ យើង​នឹង​ពង្រឹង​នីតិរដ្ឋ កែទម្រង់​ប្រព័ន្ធតុលាការ គោរព​សិទ្ធិមនុស្ស បោសសម្អាត​អំពើពុករលួយ​ទាំងនេះ​ជា​មូលដ្ឋាន​ធ្វើ​ឲ្យ​មាន ស្ថិរភាព​សង្គម​នេះហើយ​គឺជា​ការធានា​ដល់​អ្នកវិនិយោគ​ទុន​ដែលមាន​ទាំង​គុណភាព និង​បរិមាណ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ ចំណុច​សំខាន់​ទាំងពីរ​នេះ ត្រូវបាន​លោក កឹម សុខា ចាត់ទុកថា​ជា​គោលនយោបាយ​សំខាន់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

13718724_1410135072337121_722634543167559950_n 13775974_1410134589003836_5279997313933655107_n 13710029_1410135189003776_7373630173427528280_n13781784_1410134769003818_6090123739734029334_n