ថន លក្ខិណា ថា បើ​បង​ថ្លៃ​នាង លួច​មក​ការ​ភរិយា​ថ្មី គ្រួសារអត់​​ឲ្យ​ចូល​ផ្ទះ​​!

កញ្ញា ថន លក្ខិណា ដែល​ជា​ប្អូន​ស្រី​របស់​ អ្នកនាង ថន​ ដារ៉ា បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់​ៗ​ជា​ថ្មី ​លើ​ព័ត៌មាន​ដែល​អង្គភាពសារព័ត៌មាន​ក្នុង​ស្រុក​មួយ​​ចំនួន​បាន​ចុះ​ផ្សាយ​ថា បង​ស្រី​ខ្លួន​រៀប​ការ​ទាំង​កូន​កំលោះ​​មិន​ទាន់​លែង​លះ​ប្រពន្ធ​មុន។​​​ ករណី​នេះ នាង​បញ្ជាក់​ថា បើ​បង​ថ្លៃ​របស់​នាង ពិត​ជា​មិន​ទាន់​លែងលះ​ភរិយាមុ​ន​នោះ​មែន កុំ​ថា​ឡើយ​មក​រៀប​ការ​ភរិយា​ថ្មី សូម្បី​តែ​ផ្ទះ​ ក៏​ចូល​មិន​បាន​ផង បើ​ដឹង​ដល់​បង​ប្រុស​ម្នាក់​ទៀត​របស់​បង​ថ្លៃ​នាង។

 

ថន លក្ខិណា ថា បើ​បង​ថ្លៃ​នាង លួច​មក​ការ​ភរិយា​ថ្មី គ្រួសារអត់​​ឲ្យ​ចូល​ផ្ទះ​​!

 

“កុំ​ថា​ឡើយ​តែ​រៀប​ការ​​​ បើ​គាត់​មិន​មិន​ទាន់​លែងលះ​ បើ​រឿង​នេះ​ដឹង​ដល់​បង​ប្រុស​គាត់​ដែល​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី​នោះ​ គ្រាន់​តែ​ចូល​ផ្ទះ​មិន​បាន​ផង”។ តារា​ស្រី​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុងរូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា បង​ស្រី​នាង​ជា​ជនជាតិ​ខ្មែរ​តែ​កូន​កំលោះ​ជា​បរទេស​ទម្រាំ​តែ​សុំ​ច្បាប់​ រៀប​ការ​បាន​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​អាជ្ញាធរ​ទាំង​កម្ពុជា​និង​ថៃ​សុទ្ធ​តែ​បាន​ដឹង​លឺទាំង​អស់​។

 

លក្ខិណា ថ្លែង​ទៀត​​ថា៖ “ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង​ ចំពោះ​សារព័ត៌មាន​ឥត​វិជ្ជា​ជីវៈ​​ដែល​ចុះ​​ថា​បង​ស្រី​ខ្ញុំ​ដណ្ដើម​ប្ដី​គេ បើ​ជ្រុល​តែ​បក​ពី​ថៃ​ហើយ​ ម៉េច​មិន​បក​ឲ្យ​អស់​ ហេតុ​អី​បក​តែ​ពាក់​កណ្ដាល?”។ តួ​ស្រី​ក្នុង​រឿង​ “វិស្សមកាល​មរណៈ​” បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​សារព័ត៌មាន​ថៃ​នោះ​បាន​សម្ភាសន៍​ទាំង​ក្មួយ​ប្រុស ​បង​ថ្លៃ​របស់​កញ្ញា​ផង​ដែរ​ ដើម្បី​​ឲ្យ​ជួយ​បញ្ជាក់​រឿង​ភរិយា​​មុន​របស់​លោក ណាវៈរ៉ាត់ យូបំារ៉ុង ដែរ ​តែ​សារព័ត៌មាន​​​ក្នុង​ស្រុក​មួយ​ចំនួន​​នោះ​មិន​បាន​យក​មក​បញ្ជាក់​នោះ​ទេ។

 

“រឿង​គ្រួសារ​មុន​ហ្នឹង​ គឺ​បង​ថ្លៃ​ខ្ញុំ​មិន​បាន​រៀប​ការ​​នោះ​ទេ ចុះ​ពេល​គាត់​បែក​គ្នា​ហេតុ​អី​គាត់​ត្រូវ​ដើរ​ប្រកាស​ប្រាប់​គេ?”។ ជា​ចុង​ក្រោយ​នាង​បង្ហាញ​ជំហរ​យ៉ាង​មុត​មាំ​ថា​ បើ​ព័ត៌មាន​មិន​ពិត​ គ្មាន​​ប្រភព​ច្បាស់​លាស់​នៅ​តែ​ចុះ​ផ្សាយ ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​ក្រុម​គ្រួសារ​នាង​​​ទៀត​ នាង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់៕

 

ថន លក្ខិណា ថា បើ​បង​ថ្លៃ​នាង លួច​មក​ការ​ភរិយា​ថ្មី គ្រួសារអត់​​ឲ្យ​ចូល​ផ្ទះ​​!

 

 

អត្ថបទ៖ SAMEDY​​​​​