យន្តហោះ MH370 បាត់ខ្លួន​ជាង​២ឆ្នាំ នៅ​រក​មិន​ឃើញ ដោយសារ​រក​ខុស​កន្លែង?

ការរុករកយន្តហោះម៉ាឡេស៊ី ប្រភេទប៊ូអ៊ីង៧៧៧ ស្ថិតក្នុងជើងហោះហើរ MH៣៧០ អស់រយៈពេលជាង២ឆ្នាំ និងចំណាយទឹកប្រាក់អស់រាប់លានដុល្លារ នៅតែមិនទាន់ឃើញ ត្រូវប្រភពទម្លាយថា ប្រហែលអាចមកពីរកខុសកន្លែង។ នេះបើយោងតាមក្រុមហ៊ុនហូឡង់ដែលដឹកនាំការរុករកនេះបានឲ្យដឹង។

យន្តហោះ MH370 បាត់ខ្លួន​ជាង​២ឆ្នាំ នៅ​រក​មិន​ឃើញ ដោយសារ​រក​ខុស​កន្លែង?

គួររំលឹកថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលហោះហើរចេញពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួនសូន្យឈឹង ចាប់តាំងពីខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរនៅលើយន្តហោះ ចំនួន ២៣៩នាក់។

ការលើកឡើងនេះបានទម្លាយចេញមក ខណៈអ្នកវិទ្យាសាស្ត្រខាងផ្នែកមហាសមុទ្រ នៅឯសកលវិទ្យាល័យ Western Australia University លោក Charitha Pattiaratchi ក៏បានសង្ស័យទៅលើភាគរយនៃការរកឃើញយន្តហោះ MH៣៧០ នៅក្នុងតំបន់រុករកបច្ចុប្បន្នផងដែរ ហើយលោកជឿជាក់ថា យន្តហោះ MH៣៧០ បានធ្លាក់នៅភាគខាងជើងនៃកន្លែងរុករក។ ក្រុមវិស្វករនៅក្រុមហ៊ុន Fugro ប្រទេសហូឡង់ ដែលដឹកនាំការរុករកនេះ បាននិយាយថា យន្តហោះនោះប្រហែលជាបានហោះសំកាំង ជាជាងធ្លាក់ចូលក្នុងទឹកសមុទ្រភ្លាម ដែលអាចធ្វើឲ្យយន្តហោះ ហោះចេញពីតំបន់រុករកបច្ចុប្បន្ន។ ទ្រឹស្ដីនេះបង្កើតបានជាការស្រមើលស្រមៃចំពោះទិដ្ឋភាពនៅពេលកើតហេតុដែលនិយាយថា អាចនឹងមាននរណាម្នាក់ចូលទៅបញ្ជាយន្តហោះមុនពេលវាធ្លាក់។

លោក Paul Kennedy នាយកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន Fugro បានប្រាប់សារព័ត៌មាន Reuters ថា «ប្រសិនបើយន្តហោះត្រូវបាននរណាម្នាក់បញ្ជា វាអាចនឹងហោះសំកាំងទៅឆ្ងាយទៀត ហើយម្នាក់នោះអាចបញ្ជាយន្តហោះឲ្យហោះសំកាំងទៅកាន់តែឆ្ងាយពីកន្លែងរុករករបស់យើង ដូច្នេះខ្ញុំជឿជាក់លើការសន្និដ្ឋានដ៏សមហេតុសមផលមួយនេះ»។

គួរបញ្ជាក់ថា តំបន់រុករកដែលគ្របដណ្ដប់ផ្ទៃមហាសមុទ្រឥណ្ឌា ទំហំ ១២០ ០០០គីឡូម៉ែត្រការ៉េ និងចំណាយអស់ទឹកប្រាក់ចំនួន ១៣៧លានដុល្លារ អាចនឹងត្រូវបិទចោល បន្ទាប់ពីមន្ត្រីមកពីប្រទេសម៉ាឡេស៊ី ចិន និង អូស្ត្រាលី បើកកិច្ចប្រជុំនៅថ្ងៃសុក្រនេះ ពិភាក្សាគ្នាអំពីអនាគតនៃការរុករក ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣ខែទៀត។

យ៉ាងណាមិញ លោក Pattiaratchi បាននិយាយថា «ការប៉ាន់ស្មានដែលល្អបំផុត គឺវាអាចនឹងធ្លាក់នៅជុំវិញតំបន់ Broken Ridge ដែលស្ថិតនៅភាគខាងជើងនៃតំបន់រុករកបច្ចុប្បន្ន»។ ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើង ២ថ្ងៃបន្ទាប់ពីអ្នកដើរផ្សងព្រេងអាមេរិក មានឈ្មោះថា Blaine Gibson បានប្រគល់បំណែកនៃយន្តហោះ MH៣៧០ ដែលបានរកឃើញនៅលើឆ្នេរសមុទ្រ នៃប្រទេសម៉ាដាហ្គាស្កា (Madagascar) កាលពីខែមិថុនា កន្លងទៅនេះ។ ជាមួយគ្នានេះដែរ លោក Pattiaratchi បានណែនាំ លោក Gibson ឲ្យទៅរុករកនៅក្នុងប្រទេសម៉ូសំប៊ិក (Mozambique) ទៀត ព្រោះវាជាទីកន្លែងដែលរកឃើញបំណែកនៃយន្តហោះ MH៣៧០ កាលពីខែកុម្ភៈ៕

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ asiancorrespondent

  • យន្តហោះ MH370 បាត់ខ្លួន​ជាង​២ឆ្នាំ នៅ​រក​មិន​ឃើញ ដោយសារ​រក​ខុស​កន្លែង?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:កំសាន្ត
Tags: