លោក​សាន ប៊ុ​ន​ធឿ​ន យក​អាវយឺត​មាន​រូប​លោក​បណ្ឌិត កែម ឡី ចែក​ជូន​ពលរដ្ឋ​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នេះ លោក សាន ប៊ុ​ន​ធឿ​ន ចាងហ្វាង​កាសែត​ស្នេហា​ជាតិ និង​ជា​ប្រធាន​ក្រុម​ផ្នែក​យក​ព័ត៌មាន​គេហទំព័រ​ខ្មែរ អាយ​ញូ​វ បាន​នាំ​យក​អំណោម​សប្បុរស​ធម៌​ជា​អាវយឺត​ពណ៌​ស​មាន​​រូប​បណ្ឌិត​កែម ឡី ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​កែម ឡី នៅ​វត្ត​ពោធិ៍​យា​រាម ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

លោក សាន ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ដែរ​ថា ថ្ងៃនេះ​លោក​យក​អំណោយ​របស់​សប្បុរសជន​ជា​អាវយឺត​សមាន​រូប​លោក​បណ្ឌិត កែម ឡី មក​ចំនួន​៦០០​អាវ ហើយ​ថ្ងៃស្អែក​នឹង​យក​មក​ជាង​១​ពាន់​អាវ​ទៀត​ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ពាក់​ក្នុង​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៤​កក្កដា​ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តែ​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី ដែល​តាម​ការ​កត់សម្គាល់​ថ្ងៃនេះ​អ្នក​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មាន​ចំនួន​ច្រើន​ជាង​កាលពី​ម្សិលមិញ ៕